28.4 C
Phnom Penh

ចំនួន​​​កម្មករ​​​ស្លាប់​​​ក្នុង​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​ដ៏​​​រន្ធត់​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ កើន​​​ឡើង​​​ដល់​​​១៩​​​នាក់ហើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​កាត់​​​ដេរ​​​ម្នាក់​​​ទៀត​​​​​​ក្នុង​​​ហេតុការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍បុក​​​គ្នា​​​​​​ដ៏​​​សាហាវ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ រវាង​​​រថយន្ត​​​ក្រុង​​​ដឹក​​​ភ្ញៀវ​​​ទេសចរ​​​មួយគ្រឿង​​​ និង​​​រថយន្ត​​​តួរីស​​​មួយ​​​គ្រឿង​​​​​​​​​ទៀត​​​ដែល​​​​​​ដឹក​​​កម្មករ​​​​​​ចំនួន​​​៣៨​​​នាក់​​​នៅក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​ បាន​​​ស្លាប់​​​កាល​​​ពីម្សិលមិញ នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ដោ​​​យ​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​អ្នកស្លាប់សរុប​​​កើន​​​ឡើង​​​ដល់​​​១៩​​​នាក់​​​។

កម្មករ​​​កាត់​​​ដេរ​​​ចំនួន​​​១៧​​​នាក់​​​ និង​​​អ្នក​​​បើកបរ​​​​​​រថយន្ត​​​តួរីស​​​បាន​​​បាត់​​​បង់​​​ជីវិត​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​  បន្ទាប់​​​ពី​​​រថយន្ត​​​ក្រុង​​​របស់​​​ក្រុមហ៊ុន​​​ 15 SH Transport បាន​​​ព្យាយាម​​​បើក​​​ជែង​​​រថយន្ត​​​មួយ​​​គ្រឿង​​​ផ្សេង​​​ទៀត​​ ហើយ​​​ក៏ជ្រុល​​​ចង្កូត​​​ទៅ​​​បុក​​​​​​រថយន្ត​​​តួរីស​​​ដែល​​​ដឹក​​​កម្មករ​​​ទៅ​​​ធ្វើ​​​ការ​​​ក្នុង​​​ទិស​​​ដៅ​​​បញ្ច្រាស​​​គ្នា។

លោក ឃឹម សុផា អាយុ​​​២៨​​​ឆ្នាំ​​​ បាន​​​និយាយ​​​ថា ប្រពន្ធ​​​របស់​​​គាត់​​​ឈ្មោះ ម៉ម សុន អាយុ​​​២៩​​​ឆ្នាំ​​​ បាន​​​ស្លាប់​​​កាល​​​ពី​​​ម្សិលមិញ​​​ ខណៈ​​​កំពុង​​​ទទួល​​​ការ​​​ព្យាបាល​​​របួស​​​ក្បាល​​​ធ្ងន់​​​ធ្ងរ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​​​​កាល់​​​ម៉ែត​​​។ បុរស​​​រូប​​​នេះ​​​បាន​​​និយាយ​​​ទៀត​​​ថា “គ្រូពេទ្យ​​​បាន​​​ព្យាយាម​​​ព្យាបាល​​​ប្រពន្ធ​​​ខ្ញុំ​​​អស់​​​ពីលទ្ធភាព​​​ហើយ ប៉ុន្តែ គាត់​​​​​​មិន​​​រស់​​​ទេ​​​ដោយ​​​សារ​​​តែ​​​គាត់​​​របួស​​​ក្បាល​​​ធំពេក​​​”។

លោក អ៊ូ សុឃឿន អនុប្រធាន​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​ស្វាយ​​​រៀង​​​ ក៏​​​បាន​​​បញ្ជាក់​​​ពី​​​ការ​​​ស្លាប់​​​របស់​​​កម្មការិនី​​​រូប​​​នេះ​​​ដែរ​​​ ដោយ​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​ចំនួន​​​អ្នក​​​ស្លាប់​​​សរុប​​​បាន​​​កើន​​​ឡើង​​​ដល់​​​១៩​​​នាក់​​​ហើយ​​​។

ជា​​​ទូទៅ​​​កម្មករ​​​កាត់​​​ដេរ​​​ទទួលបាន​​​ប្រាក់​​​ឧបត្ថម្ភ​​​សម្រាប់​​​ធ្វើ​​​ដំណើរ​​​ចំនួន​​​១០​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​ខែ​​​ ដែល​​​អ្នក​​​តស៊ូ​​​មតិ​​​មួយ​​​ចំនួន​​​ក្នុង​​​វិស័យ​​​ការងារ​​​បាន​​​រិះគន់​​​ថា វា​​​មាន​​​ចំនួន​​​តិច​​​តួច​​​ពេក​​​ ដោយ​​​លើក​​​ឡើង​​​ថា ប្រាក់​​​ឧបត្ថម្ភ​​​សម្រាប់​​​ធ្វើ​​​​​​ដំណើរ​​​ដ៏​​​តិច​​​តួច​​​នេះ​​​បង្ខំ​​​ឲ្យ​​​កម្មករ​​​យក​​​ជីវិត​​​​​​របស់ខ្លួន​​​ទៅ​​​ប្រថុយ​​​នឹង​​​គ្រោះ​​​ថ្នាក់​​​ជិះ​​​រថយន្ត​​​ទ្រុង​​​ ឬរថយន្ត​​​តួរីស​​​ដែល​​​ផ្ទុក​​​លើស​​​ចំណុះ​​​ទៅ​​​ធ្វើ​​​ការ​​​។

លោក​​​ កែន លូ អគ្គលេខាធិការ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​(GMAC) បាន​​​និ​​​យាយ​​​ការពារ​​​រោង​​​ចក្រ​​​កាល​​​ពី​​​ម្សិលមិញ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា រថយន្ត​​​តួរីស​​​ និង​​​រថយន្ត​​​ទ្រុង​​​គឺ​​​ជា​​​ផ្នែក​​​ឯកជន​​​ វា​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​រោង​​​ចក្រ​​​ឡើយ​​​​​​ ហើយ​​​ថា កម្មករ​​​​​​សុខ​​​ចិត្ត​​​មិន​​​​​​​​​ចំណាយ​​​ប្រាក់​​​លើ​​​ការ​​​ធ្វើ​​​ដំណើរ​​​ប្រកប​​​ដោយ​​​សុវត្ថិភាព​​​នោះ​​​ទេ​​​។​​​​​​​​​​​​

លោក​​​បាន​​​បន្ត​​​ថា “យើង​​​​​​បាន​​​ផ្តល់​​​ប្រាក់​​​ឧបត្ថម្ភ​​សម្រាប់​​​ធ្វើ​​​ដំណើរ​​​រួច​​​ហើយ ប៉ុន្តែ បើ​​​ពួក​​​គាត់​​​មិន​​​ព្រម​​​ចំណាយ​​​វា​​​ឲ្យអស់​​​​​​ យើង​​​មិន​​​អាច​​​ធ្វើ​​​អី​​​បាន​​​ទេ​​​។ វា​​​មិន​​​មែន​​​ជា​​​បញ្ហា​​​ដំឡើង​​​ប្រាក់​​​ឧបត្ថម្ភ​​​​​​ឡើយ​​​ ប្រសិន​​​បើ​​​ពួក​​​គាត់​​​ព្រម​​​ចំណាយ​​​វា​​​ឲ្យអស់​​​ ប៉ុន្តែ​​​ពួក​​​គាត់​​​មិន​​​ធ្វើ​​​ដូច្នេះ​​​ទេ”។

យោង​​​តាម​​​លោក ប៉ាវ ស៊ីណា ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្មករ​​​ដែល​​​សមាជិក​​​មួយ​​​ចំនួន​​​របស់ខ្លួន​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នេះ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ក្នុង​​​ថ្ងៃ​​​កើត​​​ហេតុ​​​ កម្មករ​​​កំពុង​​​ធ្វើ​​​ដំណើរ​​​​​​​​​ឆ្ពោះ​​​ទៅ​​​រោង​​​ចក្រ​​​ខុស​​​ៗគ្នា​​​ដែល​​​ពួក​​​គាត់​​​ធ្វើ​​​ការ​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​ទាំង​​​រោង​​​ចក្រឃីងម៉េកឃើ (Kingmaker) រោង​​​ចក្រ​​​អេលីត (Elite) និង​​​រោង​​​ចក្រ​​​​​​អីុស្ទើន (Eastern) ផង​​​ដែរ​​​។

លោកស្រី​​​ ស៊ីលវីយ៉ា រ៉ា​​​ឃែកនី (Silvia Raccagni) អ្នកនាំពាក្យ​​​ក្រុមហ៊ុន

អេឌីដាស (Adidas) បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ដំណើរ​​​ដែល​​​បាត់​​​បង់​​​ជីវិត​​​ និង​​​អ្នក​​​របួស​​​បួន​​​នាក់​​​ទៀត​​​ ធ្វើ​​​ការ​​​ឲ្យ​​​រោង​​​ចក្រ​​​​​​អេលីត ដែល​​​ជា​​​ក្រុមហ៊ុន​​​មួយ​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​ផ្គត់​​​ផ្គង់​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​។

លោកស្រី​​​បាន​​​មានប្រសាសន៍​​​ថា “ក្រុមហ៊ុន​​​អេឌីដាស គ្រុប បាន​​​ទំនាក់​​​ទំនង​​​ជាប់​​​ជា​​​និច្ច​​​ទៅ​​​រោង​​​ចក្រ​​​អេលីត​​​ដែល​​​ជា​​​អ្នក​​​ផ្គត់​​​ផ្គង់​​​របស់​​​យើង​​​ ដើម្បី​​​ធានា​​​ថាកម្មករ​​​ដែល​​​រង​​​របួស​​​ ត្រូវ​​​បាន​​​ព្យាបាល​​​ថែ​​​ទាំ​​​​​​​​​បាន​​​ល្អ និង​​​ផ្តល់​​​សំណង​​​សមរម្យ​​​ដល់​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​”។

លោក ថស្តេន​​​ រ៉ូល​​​​​​ហ្វេស (Thorsten Rolfes) អ្នក​​​នាំពាក្យ​​​​​​ក្រុមហ៊ុន​​​លក់​​​រាយ​​​ C&A​​​ ដែល​​​ទទួល​​​យក​​​ទំនិញ​​​ពី​​​រោង​​​ចក្រ​​​អីុស្ទើន​​​ បាន​​​លើក​​​ឡើ​​​ងថា កម្មករ​​​ពីរ​​​នាក់​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​​​​បាន​​​ស្លាប់​​​ដោយសារ​​​ការ​​​រង​​​របួស​​​ក្នុង​​​ហេតុការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ​​​ ហើយ​​​ថា វា​​​គួរ​​​តែ​​​ជា​​​កត្តា​​​ជំរុញ​​​ឲ្យមាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គ្រោះថ្នាក់​​​នេះជាការ​​​អំពាវ​​​នាវយ៉ាង​​​​​​ច្បាស់​​​ឲ្យ​​​​​​​​មាន​​​វិធាន​​​ការ​​​ពីសំណាក់ក្រុមហ៊ុនសម្លៀក​​​បំពាក់​​​ និង​​​ក្រុមហ៊ុន​​​ផ្គត់​​​ផ្គង់​​​ទាំង​​​អស់​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​​​​ការ​​ធ្វើ​​​ដំណើរ​​​ទៅ​​​ធ្វើការ​​​ប្រកប​​​ដោយ​​​សុវត្ថិភាព​​​សម្រាប់កម្មករ​​​របស់ខ្លួន​​​។ វា​​​មាន​​​សារៈស​​​ំខាន់​​ដែល​​​​​​រោង​​​ចក្រ​​​ទាំង​​​អស់ត្រូវ​​​ពិនិត្យ​​​មើល​​​ការ​​​រៀប​​​ចំ​​​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​ពួក​​​គាត់​​​​​​ ​​​និង​​​ធានា​​​ថា វា​​​មាន​​​សុវត្ថិភាព”។

លោក​​​ មឿន តុលា ប្រធាន​​​កម្មវិធីការ​​​ងារ​​​នៅមជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​បាន​​​ថ្លែង​​​ថា សោក​​​នាដកម្ម​​​នេះ​​​​​​​​​​​​​​​ នឹង​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល និង​​​រោង​​​ចក្រ​​​នានា​​​ធ្វើ​​​ឲ្យប្រាកដ​​​ថា​​​កម្មករ​​​កាត់​​​ដេរ​​​​​​ទាំង​​​៧០០.០០០នាក់​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​ អាច​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ធ្វើ​​​ការ​​​បាន​​​ដោយ​​​សុវត្ថិភាព​​​។

លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា “បើ​​​គ្មាន​​​ការ​​​ដឹក​​​ជញ្ជូន​​​សាធារណៈទេ​​​ រដ្ឋាភិបាល និង​​​រោង​​​ចក្រ​​​គួរ​​​តែ​​​រួម​​​គ្នា​​​បង្កើត​​​ប្រព័ន្ធ​​​ដឹក​​​ជញ្ជូន​​​មាន​​​សុវត្ថិភាព​​​ឥតគិត​​​ថ្លៃ​​​សម្រាប់​​​កម្មករ​​​”៕ សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស