27.5 C
Phnom Penh

ក្រសួង​ការ​ងារ​លើក​ឡើង​ថា គ្មាន​​ផែនការ​បញ្ជូន​ពលករ​ទៅ​ប្រទេស​កាតា​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពី​ម្សិលមិញ អ្នកនាំពាក្យ​ក្រសួង​ការ​ងារ​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​​ធ្វើ​សេចក្ដី​សម្រេច​ជា​ចុង​ក្រោយ​ណាមួយ​លើ​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេស​កាតា​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ប្រធាន​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​មួយ​បាន​និយាយ​ថា ក្រសួង​ការ​ងារ​បាន​ធានា​​ចំពោះ​ខ្លួន​ថា​ ខ្លួន​​នឹងត្រូវ​អនុញ្ញាត​ឲ្យបញ្ជូន​ពលករ​ប្រហែល​៨០​នាក់ទៅ​ទីនោះ “​ក្នុង​ពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅបាន​”។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការ​ងារ​​បាន​លើក​ឡើង​ថា មក​​ទល់​ពេល​នេះ​គ្មាន​ក្រុម​ហ៊ុន​ណា​ត្រូវ​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​បញ្ជូន​ពលករ​ទៅ​ប្រទេស​នៅ​ក្នុង​តំបន់​មជ្ឈិម​បូពា៌​មួយ​នេះ​ទេ​​ ដែល​ទទួល​រង​ការ​រិះគន់​ពីមជ្ឈដ្ឋាន​ស្ទើរ​គ្រប់ទិស​ទី​ជុំវិញ​ការ​រំលោភ​បំពាន​ពលករ​ជាង​១,៤លាន​នាក់​របស់​ខ្លួន ដែល​ភាគ​ច្រើន​​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​សាង​សង់​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០២២។

លោក ហេង សួរ បាន​មាន​ប្រសាសន៍​ថា “​គ្មាន​កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​​ដើម្បី​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​កាតា​ឡើយ។ ប្រសិន​បើ​នរណា​ម្នាក់​ដឹង​ថា មាន​មនុស្ស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ប្រទេស​កាតា​ដោយ​ខុស​ច្បាប់​ សូម​ប្រាប់​យើង​​ហើយ​យើង​នឹង​ចោទ​ប្រកាន់​ពួកគេ​ពីបទជួញដូរ​មនុស្ស​”។

តែ​ទោះ​ជាយ៉ាងណា គេហទំព័រ​របស់​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​ឈ្មោះ KCTC Manpower Supply បាន​បង្ហាញ​លិខិត​អនុញ្ញាត​​​ចេញ​ដោយ​ក្រសួង​ការ​ងារ​ និង​ចុះ​ហត្ថលេខា​ដោយ​លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​នៅ​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៤។

លិខិត​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “​ខ្ញុំ​សូម​ជំរាបជូន​ប្រធាន​ក្រុម​ហ៊ុន​ថា ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​យល់​ព្រម​ជា​គោលការណ៍​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​របស់លោក​​ជ្រើស​រើស​ ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល គ្រប់គ្រង និង​បញ្ជូន​ពល​ករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​​ប្រទេស​តំបន់​អារ៉ាប់ [ប្រទេស​កាតា និង​ប្រទេស​គុយវ៉ែត]”។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​អាជ្ញាប័ណ្ណ​របស់​ក្រុម​ហ៊ុន KCTC Manpower Supply លោក ហេង​ សួរ បាន​លើក​ឡើង​ថា លោក​មិន​ដឹង​អំពី​ឯកសារ​នេះ​ឡើយ ឬសូម្បី​តែ​ក្រុម​ហ៊ុន​នេះ។

លោក​ គៀត ថាវរ័ត្ន ប្រធាន​គ្រប់​គ្រង​ក្រុម​ហ៊ុន KCTC Manpower Supply បាន​លើក​ឡើង​ថា លោក​បាន​​ជួប​ជាមួយ​មន្ត្រី​មក​ពី​នាយកដ្ឋានការ​ងារ​នៃ​ក្រសួង​ការ​ងារ​កាលពី​ថ្ងៃ​ពុធ ដែល​​និយាយ​ថា រដ្ឋាភិបាល​​នឹង​នៅ​តែ​អនុញ្ញាត​ឲ្យ​ខ្លួន​បញ្ជូន​ពលករ​ទៅ​ប្រទេស​កាតា​នៅ​ពេល​ឯកសារ​របស់​ពួកគេ​ត្រូវ​បាន​អនុម័ត​។

លោក​បាន​​និយាយ​ថា “​ពួកគេ​នឹង​អនុញ្ញាត​យើង​ ព្រោះ​ពួកគេ​បាន​ចេញ​អាជ្ញាប័ណ្ណ​រួច​ហើយ។ យើង​នឹង​ព្យាយាម​​ធ្វើ​អ្វីៗ​ឲ្យរួច​រាល់​ក្នុង​ពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បញ្ជូនពួកគេ​”។

លោក​បាន​បន្ថែម​ថា នៅ​រយៈពេល​១ខែ​ ឬ​២​ខែ​ទៀត​ លោក​រំពឹង​ថា នឹង​អាច​បញ្ជូន​ពលករ​ប្រហែល​៨០នាក់​ទៅ​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​សាង​សង់​​​របស់​ក្រុមហ៊ុន​ Tawasol Group Qatar សម្រាប់ការ​ប្រកួត​បាល់​ទាល់​ពិភព​លោក​។

លោក​ អ៊ុំ មៀន រដ្ឋលេខាធិការ​ក្រសួង​ការ​ងារ​បាន​លើក​ឡើង​ថា លោក សេង សក្កដា និង​លោក ហូ វុទ្ធី ដែល​ជា​ប្រធាន​ និង​អនុប្រធាន​នាយកដ្ឋាន​ការ​ងារ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​ប្រទេស​កាតា​។

លោក វុទ្ធី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយឡើយ​កាលពី​ម្សិលមិញ រីឯ​លោក សក្កដា មិន​អាច​ទាក់​ទង​បាន​ឡើយ​។

ចាប់​តាំង​ពី​ពេល​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​កាលពី​ឆ្នាំ​២០១០​មក ប្រទេស​កាតា​​​​បាន​រង​ការ​រិះគន់​​ពីគ្រប់​មជ្ឈដ្ឋាន​ស្ទើរ​គ្រប់​ទិសទី​​ចំពោះ​ច្បាប់​ការ​ងារ​របស់​ខ្លួន ដែល​​​ចាប់​​បង្ខំ​កម្មករ​ឲ្យ​​ធ្វើការ​នៅ​ក្នុង​ក្រុម​ហ៊ុន​រហូត​ ហើយ​ប្រសិន​បើ​ពួកគេ​ចង់​ចាក​ចេញពី​ប្រទេស​នេះ​គឺ​ត្រូវ​តែ​សូម​ការ​អនុញ្ញាត​ពី​ក្រុម​ហ៊ុន​ជាមុន​នោះ។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ចេញ​កាលពី​ម្សិល​មិញ​ថា ​វា​មាន​ការ​ផ្លាស់​ប្ដូរ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ​ចាប់​តាំងពី​ប្រទេស​កាតា​​បាន​សន្យា​ធ្វើ​កំណែទម្រង់​ជាង១ឆ្នាំ​មក​នេះ។

របាយការណ៍​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “​នៅ​ក្នុង​បរិបទ​ខ្លះ​​ ​ការ​បិទ​បាំង​បោក​បញ្ឆោត​​​ពលករ​ចំណាក់​ស្រុក​មិន​ឲ្យ​ដឹង​ពី​​លក្ខខណ្ឌ​ និង​ស្ថានភាព​ការ​ងារ​ដែល​ក្រោយ​មក​ពួកគេ​បាន​ដឹង​នោះ​ អាច​ចាត់​ទុក​ថា ជា​ទង្វើ​ជួញដូរ​មនុស្ស”៕ ស៊ុយឈាង​ (រយការណ៍​បន្ថែម​ដោយ សេក ឧត្ដម​)​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស