កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងការងារបានលើកឡើងថា ប្រទេសកម្ពុជានៅមិនទាន់ធ្វើសេចក្ដីសម្រេចជាចុងក្រោយណាមួយលើកិច្ចព្រមព្រៀងបញ្ជូនពលករចំណាកស្រុកទៅប្រទេសកាតានៅឡើយទេ ប៉ុន្តែប្រធានទីភ្នាក់ងារជ្រើសរើសពលករមួយបាននិយាយថា ក្រសួងការងារបានធានាចំពោះខ្លួនថា ខ្លួននឹងត្រូវអនុញ្ញាតឲ្យបញ្ជូនពលករប្រហែល៨០នាក់ទៅទីនោះ “ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន”។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានលើកឡើងថា មកទល់ពេលនេះគ្មានក្រុមហ៊ុនណាត្រូវបានផ្ដល់ការអនុញ្ញាតឲ្យបញ្ជូនពលករទៅប្រទេសនៅក្នុងតំបន់មជ្ឈិមបូពា៌មួយនេះទេ ដែលទទួលរងការរិះគន់ពីមជ្ឈដ្ឋានស្ទើរគ្រប់ទិសទីជុំវិញការរំលោភបំពានពលករជាង១,៤លាននាក់របស់ខ្លួន ដែលភាគច្រើនធ្វើការនៅក្នុងគម្រោងសាងសង់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។
លោក ហេង សួរ បានមានប្រសាសន៍ថា “គ្មានកិច្ចព្រមព្រៀងចុងក្រោយដើម្បីបញ្ជូនពលករខ្មែរទៅប្រទេសកាតាឡើយ។ ប្រសិនបើនរណាម្នាក់ដឹងថា មានមនុស្សត្រូវបានគេបញ្ជូនទៅប្រទេសកាតាដោយខុសច្បាប់ សូមប្រាប់យើងហើយយើងនឹងចោទប្រកាន់ពួកគេពីបទជួញដូរមនុស្ស”។
តែទោះជាយ៉ាងណា គេហទំព័ររបស់ទីភ្នាក់ងារជ្រើសរើសពលករឈ្មោះ KCTC Manpower Supply បានបង្ហាញលិខិតអនុញ្ញាតចេញដោយក្រសួងការងារ និងចុះហត្ថលេខាដោយលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤។
លិខិតនេះមានខ្លឹមសារដូច្នេះថា “ខ្ញុំសូមជំរាបជូនប្រធានក្រុមហ៊ុនថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានយល់ព្រមជាគោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកជ្រើសរើស ផ្ដល់វគ្គបណ្ដុះបណ្ដាល គ្រប់គ្រង និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសតំបន់អារ៉ាប់ [ប្រទេសកាតា និងប្រទេសគុយវ៉ែត]”។
នៅពេលត្រូវបានសួរអំពីអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន KCTC Manpower Supply លោក ហេង សួរ បានលើកឡើងថា លោកមិនដឹងអំពីឯកសារនេះឡើយ ឬសូម្បីតែក្រុមហ៊ុននេះ។
លោក គៀត ថាវរ័ត្ន ប្រធានគ្រប់គ្រងក្រុមហ៊ុន KCTC Manpower Supply បានលើកឡើងថា លោកបានជួបជាមួយមន្ត្រីមកពីនាយកដ្ឋានការងារនៃក្រសួងការងារកាលពីថ្ងៃពុធ ដែលនិយាយថា រដ្ឋាភិបាលនឹងនៅតែអនុញ្ញាតឲ្យខ្លួនបញ្ជូនពលករទៅប្រទេសកាតានៅពេលឯកសាររបស់ពួកគេត្រូវបានអនុម័ត។
លោកបាននិយាយថា “ពួកគេនឹងអនុញ្ញាតយើង ព្រោះពួកគេបានចេញអាជ្ញាប័ណ្ណរួចហើយ។ យើងនឹងព្យាយាមធ្វើអ្វីៗឲ្យរួចរាល់ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយបញ្ជូនពួកគេ”។
លោកបានបន្ថែមថា នៅរយៈពេល១ខែ ឬ២ខែទៀត លោករំពឹងថា នឹងអាចបញ្ជូនពលករប្រហែល៨០នាក់ទៅធ្វើការនៅក្នុងគម្រោងសាងសង់របស់ក្រុមហ៊ុន Tawasol Group Qatar សម្រាប់ការប្រកួតបាល់ទាល់ពិភពលោក។
លោក អ៊ុំ មៀន រដ្ឋលេខាធិការក្រសួងការងារបានលើកឡើងថា លោក សេង សក្កដា និងលោក ហូ វុទ្ធី ដែលជាប្រធាន និងអនុប្រធាននាយកដ្ឋានការងារគឺជាអ្នកទទួលខុសត្រូវចំពោះបញ្ហាដែលពាក់ព័ន្ធនឹងប្រទេសកាតា។
លោក វុទ្ធី បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយកាលពីម្សិលមិញ រីឯលោក សក្កដា មិនអាចទាក់ទងបានឡើយ។
ចាប់តាំងពីពេលទទួលបានជោគជ័យក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ២០១០មក ប្រទេសកាតាបានរងការរិះគន់ពីគ្រប់មជ្ឈដ្ឋានស្ទើរគ្រប់ទិសទីចំពោះច្បាប់ការងាររបស់ខ្លួន ដែលចាប់បង្ខំកម្មករឲ្យធ្វើការនៅក្នុងក្រុមហ៊ុនរហូត ហើយប្រសិនបើពួកគេចង់ចាកចេញពីប្រទេសនេះគឺត្រូវតែសូមការអនុញ្ញាតពីក្រុមហ៊ុនជាមុននោះ។
អង្គការលើកលែងទោសអន្តរជាតិបានលើកឡើងនៅក្នុងរបាយការណ៍ចេញកាលពីម្សិលមិញថា វាមានការផ្លាស់ប្ដូរតែបន្តិចបន្តួចប៉ុណ្ណោះ ចាប់តាំងពីប្រទេសកាតាបានសន្យាធ្វើកំណែទម្រង់ជាង១ឆ្នាំមកនេះ។
របាយការណ៍នេះមានខ្លឹមសារដូច្នេះថា “នៅក្នុងបរិបទខ្លះ ការបិទបាំងបោកបញ្ឆោតពលករចំណាក់ស្រុកមិនឲ្យដឹងពីលក្ខខណ្ឌ និងស្ថានភាពការងារដែលក្រោយមកពួកគេបានដឹងនោះ អាចចាត់ទុកថា ជាទង្វើជួញដូរមនុស្ស”៕ ស៊ុយឈាង (រយការណ៍បន្ថែមដោយ សេក ឧត្ដម)