34 C
Phnom Penh

អ្នក​ដោះ​មីន​ក្នុង​ទឹក​រក​ឃើញ​គ្រាប់បែក​ទី១​ពី​ជម្រៅ​ទឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​មុជ​ទឹក​ពីក្រុម​អ្នក​ដោះមីន​ក្នុង​ទឹក​ដំបូង​ងើប​ចេញ​ពី​ទឹក​​ កាលពី​ម្សិលមិញ ពីទន្លេមេគង្គ​ក្នុង​ខេត្ត​កណ្តាល​។ រូប​ថតៈ Charles Fox
អ្នក​មុជ​ទឹក​ពីក្រុម​អ្នក​ដោះមីន​ក្នុង​ទឹក​ដំបូង​ងើប​ចេញ​ពី​ទឹក​​ កាលពី​ម្សិលមិញ ពីទន្លេមេគង្គ​ក្នុង​ខេត្ត​កណ្តាល​។ រូប​ថតៈ Charles Fox

រយៈ​ពេល​ជាង​៤០​ឆ្នាំ​បន្ទាប់ពី​កងទ័ព​អាមេរិក​បាន​ដក​ចេញ​ពី​អាស៊ី​អាគ្នេយ៍ ក្រុម​អ្នក​ដោះ​មីន​ក្នុង​ទឹក​ដំបូង​គេ​របស់​ប្រទេស​កម្ពុជា ដែល​ខ្លះ​មិន​អាច​ហែល​ទឹក​ពីរ​ឆ្នាំ​មក​ហើយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ទាញ​គ្រាប់បែក​ទម្ងន់​៥០០​ផោន​ពី​បាត​ទន្លេ​មេគង្គ ជា​អនុស្សាវរីយ៍​សម្លាប់​មនុស្ស​នៃ​គ្រាប់បែក​២,៧​លាន​គ្រាប់ ដែល​យន្តហោះ​ចម្បាំង​អាមេរិក​បាន​ទម្លាក់​លើ​ប្រទេស​នេះ។ចាប់តាំង​ពី​ការ​កត់ត្រា​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​១៩៧៩​រហូត​មក​ដល់​ខែ​កុម្ភៈឆ្នាំ​នេះ​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​១០.៧០៨នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​គ្រឿង​យុទ្ធភណ្ឌ​និង​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ មួយ​ផ្នែក​ដោយសារ​កេរដំណែល​ព្រៃផ្សៃ​នៃ​យុទ្ធសាស្ត្រ​អាមេរិក​ដើម្បី​ឈ្នះ​សង្គ្រាម​របស់​ខ្លួន​ជាមួយ​ប្រទេស​វៀតណាម ដោយ​បាន​ទម្លាក់​គ្រាប់បែក​រាប់​លាន​តោន​លើ​ប្រទេស​ជិត​ខាង។ សង្គ្រាម​ស៊ីវិល​ជាច្រើន​ទសវត្សរ៍​ក៏​បាន​បន្សល់​ទុក​គ្រាប់​មីន​សម្លាប់​មនុស្ស​នៅ​រាយ​ប៉ាយ​ក្នុង​ប្រទេស​នេះ​ដែរ។

នៅ​បាត​ទន្លេ​មេគង្គ មាន​គ្រាប់​រំសេវ​ប្រមាណ​ជាង​២.០០០​តោន​កប់​ក្រោម​ទឹក​ល្អក់ ដែល​បាន​លិច​ក្រោម​ការ​បាញ់​ប្រហារ នៅ​ពេល​ដែល​នាវា​អាមេរិក​ដឹក​គ្រឿង​ផ្គត់​ផ្គង់​យោធា​ពី​ព្រំដែន​វៀតណាម តាម​បណ្តោយ​កំណាត់​ផ្លូវ​ទឹក​ដ៏​គ្រោះ​ថ្នាក់​ប្រវែង​១០០​គីឡូ​ម៉ែត្រ​មក​ក្រុង​ភ្នំពេញ។

ពីរ​ឆ្នាំ​មុន​នេះ ប្រទេស​កម្ពុជា​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ក្រៅតែ​ពី​ទុក​ការ​គំរាម​ទាំង​នេះ​ឲ្យ​នៅ​កន្លែង​ដដែល ព្រោះ​ការ​ដោះ​មីន​ក្រោម​ទឹក ជា​កិច្ចការ​គ្រោះថ្នាក់​ណាស់ ហើយ​ប្រទេស​កម្ពុជា​ខ្វះ​អ្នក​មាន​ជំនាញ​ដើម្បី​ដោះស្រាយ។

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (ហៅ​កាត់​ថា ស៊ីម៉ាក់) និង​អង្គការ Golden West Humanitarian Foundation ជា​អង្គការ​ដោះ​មីន​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​អាមេរិក បាន​ប្រកាស​ជ្រើសរើស​ក្រុម​មុជ​ទឹក​កម្ពុជា​ដំបូង​គេ​ពីរ​ឆ្នាំ​មុន​នេះ។

អ្នក​យក​ព័ត៌មាន​និង​មន្ត្រីប៉ូលិស​ថត​រូប​គ្រាប់​បែក​ MK82 ទម្ងន់​២២៧គីឡូក្រាម​ ដែល​ទម្លាក់​​ដោយ​សហរដ្ឋ​អាមេរិក​នៅចន្លោះ​ពី​ឆ្នាំ​១៩៦៧និង​១៩៧៥​។ រូប​ថតៈ Charles Fox
អ្នក​យក​ព័ត៌មាន​និង​មន្ត្រីប៉ូលិស​ថត​រូប​គ្រាប់​បែក​ MK82 ទម្ងន់​២២៧គីឡូក្រាម​ ដែល​ទម្លាក់​​ដោយ​សហរដ្ឋ​អាមេរិក​នៅចន្លោះ​ពី​ឆ្នាំ​១៩៦៧និង​១៩៧៥​។ រូប​ថតៈ Charles Fox

កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ការ​សាក​ល្បង​និង​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង ក្រុម​នេះ​បាន​យក​គ្រាប់​ទី​១​ចេញ​ពី​ទឹក​ដោយ​ជោគជ័យ ជា​គ្រាប់​ប្រភេទ MK82​ធ្វើ​នៅ​អាមេរិក ដែល​លិច​ក្នុង​ទឹក​ភក់​ជម្រៅ​៧​ម៉ែត្រ ខណៈ​ដែល​ក្រុម​ព័ត៌មាន​ចាំ​ឃ្លាំ​មើល​ពី​ចម្ងាយ​នៅ​កន្លែង​មាន​សុវត្ថិភាព។

លោក អាឡែន តាន នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ Golden West បាន​និយាយ​នៅ​ពេល​អ្នក​មុជ​ទឹក​ធ្វើការ​ក្នុង​ទឹក​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​ថា “​នេះ​ជា​លើក​ដំបូង ដែល​ក្រុម​មុជ​ទឹក​ខាង​ដោះ​មីន​ត្រូវ​បាន​បង្កើត​ឡើង គឺ​មិន​ដែល​មាន​ទេ​ពី​មុន​មក”។

យោង​តាម​លោក តាន បាន​ឲ្យ​ដឹង​ថា ហានិភ័យ​សុវត្ថិភាព​សាធារណៈ បើ​ទោះជា​មាន​​ទឹក​ទប់​ក៏​ដោយ គឺ​សំខាន់​ណាស់ ហើយ​ប្រសិនបើ​សំណាញ់​របស់​អ្នក​នេសាទ​ជាប់​គ្រាប់​បែក​នោះ ការ​ផ្ទុះ​នឹង​កម្ទេច​ទូក​របស់​ពួកគេ ហើយ​ទំនង​ជា​អស់​ជីវិត​ទៀត​ផង។

អ្នក​មុជ​ទឹក​ធ្វើការ​ក្នុង​ផ្ទៃ​ទឹក​សឹងតែ​ងងឹត​ឈឹង​ជាមួយ​ពិល​ដាក់​ភ្ជាប់នឹង​ឧបករណ៍ ដែល​នឹង​បណ្តែត​គ្រាប់​បែក​មក​ផ្ទៃ​ទឹក​ខាង​លើ។ នៅ​ម៉ោង​១១​ថ្ងៃ បាឡុង​មួយ​បាន​បែក ហើយ​ពេល​នោះ​គេ​បាន​អូស​ទៅ​កាន់​ច្រាំង​ទន្លេ។

អ្នក​មុជ​ទឹក​ម្នាក់ ឈ្មោះ ឡន សារ៉ាត អាយុ​២៧​ឆ្នាំ បាន​និយាយ​ថា ទោះជា​មាន​ការ​លំបាក​ក្នុង​ការ​យក​គ្រាប់​បែក​ចេញ​ពី​ទឹក​ក៏​ដោយ លោក​មិន​ខ្លាច​ទេ។

លោក សារ៉ាត បាន​និយាយ​ថា “នៅ​ពេល​ខ្ញុំ​ចុះ​ទឹក ខ្ញុំ​ស្វែង​រក​គ្រាប់​បែក ហើយ​បន្ទាប់​មក​យើង​ភ្ជាប់​ទៅ​នឹង​បាឡុង​មួយ ហើយ​ខ្ញុំ​បាន​ជីក​ជុំ​វិញ​កាយ​ភក់​រុំ​គ្រាប់​បែក​ចេញ។ ខ្ញុំ​មិន​ខ្លាច​ទេ ពីព្រោះ​ខ្ញុំ​បាន​ហ្វឹកហាត់​ជា​ច្រើន​លើក និង​ស្គាល់​វិធី​សាស្ត្រ និង​បច្ចេកទេស​របៀប​ដោះ​គ្រាប់​បែក”។

ទោះជា​ការ​ខំ​ប្រឹងប្រែង​បាន​ជោគជ័យ​ពី​សំណាក់​រដ្ឋាភិបាល​និង​អង្គការ​ដោះ​មីន​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាត់​បង់​ជីវិត​ក៏​ដោយ ក៏​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បន្ត​សម្លាប់​និង​ធ្វើ​ឲ្យ​ពិការ ដោយ​មាន​ជន​រងគ្រោះ​១៥៧​នាក់​ត្រូវ​បាន​កត់ត្រា​ក្នុង​ឆ្នាំ​២០១៤ ក្នុង​នោះ​ស្លាប់​២១​នាក់។ ហើយ​ថ្វី​បើ​លោក សារ៉ាត មិន​ភ័យ​ខ្លាច​ក្តី ក៏​ការ​ដោះ​មីន​ជា​ការងារ​មាន​គ្រោះ​ថ្នាក់ នៅ​ខែ​ឧសភា​ឆ្នាំ​មុន អ្នក​ដោះ​មីន​ខ្មែរ​ពីរ​នាក់​បាន​បាត់បង់​ជីវិត នៅ​ពេល​ដែល​គ្រាប់​មួយ​បាន​ផ្ទុះ​ក្នុង​ខេត្ត​បាត់​ដំបង។

ក្រៅពី​ភាព​ស្មុគ្រ​ស្មាញ​នៃ​ការងារ​ក្នុង​ទឹក លោក សារ៉ាត ត្រូវ​ជម្នះ​ការ​លំបាក​មួយ​ទៀត។

លោក​បាន​និយាយ​ថា “មុន​ពេល​ខ្ញុំ​ត្រូវ​គេ​ជ្រើស​រើស​ធ្វើ​ជា​អ្នក​មុជ​ទឹក​ស៊ីម៉ាក ខ្ញុំ​មិន​ចេះ​ហែល​ទឹក​ទេ។ គេ​បង្រៀន​យើង​ហែល​ទឹក ព្រម​ទាំង​បច្ចេក​វិជ្ជា​ដោះ​មីន ប៉ុន្តែ​ក្រោយ​ពេល​មួយ​ខែ ខ្ញុំ​ចេះ​ហែល​ទឹក ហើយ​ក្នុង​រយៈពេល​​បួន​ទៅ​ប្រាំ​ខែ ខ្ញុំ​ចេះ​កាន់តែ​ច្រើន​ឡើង”។

លោក សុខ ចិន្តា ប្រធាន​ក្រុម​អ្នក​មុជ​ទឹក​ស៊ីម៉ាក ដែល​បាន​ដោះ​គ្រាប់​បែក​នោះ​ពេល​វា​ដាក់​លើ​ដី​ក្រហម បាន​និយាយ​ថា ការងារ​នេះ​សំខាន់​ជាង​អ្វី​ទាំង​អស់ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍ។

លោក​បាន​និយាយ​ថា “កិច្ចការ​នេះ​គ្រោះ​ថ្នាក់​ណាស់ ពីព្រោះ​យើង​មិន​អាច​មើល​ឃើញ​[គ្រាប់​បែក] យើង​អាច​ត្រឹមតែ​ប្រើ​ដៃ​របស់​យើង​ស្ទាប​ដឹង​ប៉ុណ្ណោះ។ ប៉ុន្តែ ស្ពាន​និង​កំពង់​ផែ អាច​សាងសង់​បាន​តែ​ពេលណា​គ្មាន​គ្រាប់បែក​ស្ថិត​នៅ​ក្រោម​ទឹក​ប៉ុណ្ណោះ៕ និត (រាយការណ៍​បន្ថែម​ដោយ Simon Henderson)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស