30 C
Phnom Penh

បារាំង​នឹង​ត្រឡប់​មក​ជា​ថ្មី​ទៀត​ដើម្បី​ស៊ើប​អង្កេត​រឿង​ឃាតកម្ម​លើ​លោក វ៉ាល្លីយេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​អ្នក​ស៊ើប​អង្កេត​បារាំង​មាន​គម្រោង​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​ម្តង​ទៀត ដើម្បី​បន្ត​ស៊ើប​អង្កេត​រឿង​ឃាតកម្ម​កាលពី​ឆ្នាំ២០១២​លើ​ជន​ជាតិ​បារាំង លោក ឡូរ៉ង់ វ៉ាល្លីយេ និង​កូន​បួន​នាក់​របស់​គាត់។

សាក​សព​របស់​ពួកគេ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រថយន្ត​ឡង់ គ្រូស័រ លិច​ក្នុង​ស្រះ​ទឹក​ក្បែរ​ផ្ទះ​គ្រួសារ​នេះ នៅ​ក្រុង​ច្បារ​មន ក្នុង​ខេត្ត​កំពង់​ស្ពី បី​ខែ​ក្រោយ​ពី​ពួកគេ​បាន​បាត់​ខ្លួន។

ដំបូង​ឡើយ​ប៉ូលិស​កម្ពុជា​បាន​ចាត់​ទុក​ថា វា​ជា​ឃាតកម្ម​អត្តឃាត​ដោយ​បុរស​អស់​​សង្ឃឹម​ម្នាក់ ជា​ការ​សន្និដ្ឋាន​ដែល​គ្រួសារ​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ បាន​ច្រាន​ចោល ដោយ​បាន​ចង្អុល​ទៅ​លើ​ជម្លោះ​ជូរ​ចត់​រវាង​បុរស​ស្លាប់​រូប​នេះ​និង​សាច់​ថ្លៃ​ខ្មែរ​របស់​គាត់។

ក្រុម​អ្នក​ស៊ើប​អង្កេត​បារាំង​បាន​មក​ប្រទេស​កម្ពុជា​នៅ​ខែ​មីនា​ឆ្នាំ​២០១៣ និង​បាន​ច្រាន​ចោល​ភ្លាមៗ​នូវ​ការ​ធ្វើ​អត្តឃាត ហើយ​បន្ទាប់​មក​បាន​បញ្ចេញ​របាយការណ៍​មាន​៣០០​ទំព័រ ដែល​លោក​ ឈឹម រិទ្ធី ចៅក្រម​តុលាការ​ខេត្ត​កំពង់​ស្ពឺ បាន​និយាយ​ថា លោក​បាន​ទទួល​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៤ ប៉ុន្តែ យឺតយ៉ាវ​ក្នុង​ការ​បកប្រែ។

ចៅក្រម រិទ្ធី បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “បារាំង​នឹង​មក​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ខ្ញុំ​ទើប​បាន​ទទួល​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​នេះ​ពី​ក្រសួង​ការ​បរទេស​ខ្មែរ​និង​បារាំង”។

“ពួកគេ​ត្រូវការ​មើល​លទ្ធផល​នៃ​ការ​សាកសួរ​របស់​ខ្ញុំ”។

ចៅក្រម​រូប​នេះ​បាន​និយាយ​ថា នៅ​មិន​ទាន់​មាន​ជន​សង្ស័យ​ក្នុង​ករណី​ឃាតកម្ម​នេះ​ទេ។

ស្ថានទូត​បារាំង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ព្រោះ​ការ​ស៊ើប​អង្កេត​កំពុង​ធ្វើ៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស