30 C
Phnom Penh

លោក ហ៊ុន សែន ស្ម័គ្រ​ចិត្ត​ផ្តល់​​ការ​ជ្រក​កោន​ដល់​ជន​ភៀសខ្លួន​​រ៉ូហ៊ីង​យ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សុក្រ​ លោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​មាន​ប្រសាសន៍ថា ​កម្ពុជា ត្រៀម​ខ្លួន​ផ្តល់​ការ​ជ្រក​កោន​បណ្តោះដល់ជន​ស្វែងរកសិទ្ធិ​ជ្រក​កោន​រ៉ូហ៊ីងយ៉ា និង​បង់ក្លាដែស ដែល​ជាប់​នៅឯ​សមុទ្រអាន​ដាម៉ាន (Andaman Sea) ប្រសិន​បើ​អង្គ​ការសហ​ប្រជាជាតិ​​យល់​ព្រម​​តាំង​លំនៅ​​ពួកគេ​​​​​ក្នុង​ប្រទេស​មួយ​ទៀត​។

ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​​​នឹង​​ចាប់​ផ្តើម​​​អនុញ្ញាត​ឲ្យ​​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទាំង​នោះ​ចូល​ចត​​ក្នុង​ទឹក​​​ដី​​​​របស់​ខ្លួន​​​​​ប្រសិន​បើ​ប្រទេស​ផ្សេងៗ​យល់​ព្រម​​តាំង​លំនៅ​ពួកគេ​ ហើយ​លោក ផៃ ស៊ីផាន ​បាន​លើក​​ឡើង​ថា ​លោក​ ហ៊ុន សែន ​បាន​ស្នើ​នៅ​ក្នុង​​​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​​មន្ត្រី​កាល​ពី​ថ្ងៃសុក្រ​ថា ​ប្រទេស​កម្ពុជា ​អាច​ជា​ផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ​នោះ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​វា​មិនទាន់​ជា​គោលការ​​​​​នៅឡើយ​ទេ សម្តេច​គ្រាន់​តែ​លើក​ឡើង​ពី​វិធី​គិត​របស់​សម្តេច​ប៉ុណ្ណោះ​។ សម្តេច​​យល់​​ថា អាស៊ាន មាន​ភារកិច្ច​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​សម្តេច​គិត​ថា កម្ពុជា ​​អាច​ផ្តល់​​កន្លែង​សម្រាប់​​អ្នក​​ទាំង​នោះ​​ឲ្យ​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា បាន។ ពួកគាត់​អាច​មក​ទី​នេះ​បាន​ដោយ​មាន​សេចក្តី​សម្រេច​របស់​អង្គ​ការ​សហ​ប្រជា​ជាតិដើម្បី​បញ្ជូន​ពួក​គេ​ទៅ​កាន់​​ប្រទេស​ទី២។ វា​​ត្រូវ​​ការ​សេច​​ក្តី​សម្រេច​​បែប​នេះ​របស់​អង្គការ​សហ​ប្រជាជាតិ​។ បើ​​អង្គ​ការ​សហ​ប្រជា​ជាតិ​​មិន​ធ្វើ​សេច​ក្តី​សម្រេច​​ យើង​មិន​អាច​ធ្វើ​រឿង​នេះ​​បាន​ទេ​។ ខ្ញុំ​សូម​បញ្ជាក់​ឡើង​វិញ​​ថា ​នេះ​មិន​​មែន​ជាគោល​ការ​ ឬ​​សេចក្តី​សម្រេច​​​ទេ វា​ជាការគិត​ផ្តល់​ដី​ឲ្យ​ជនភៀស​ខ្លួន​ទាំង​នោះ​ចូល​ចត ​ប្រសិន​បើ​​មាន​សេច​ក្តី​សម្រេច​​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិដើម្បី​​​ធ្វើ​​​បម្លាស់​​​ទី​​​ជន​ភៀស​ខ្លួន​ទាំង​នោះ​។ យើង​មិន​ទាន់​បាន​ពិភាក្សា​​ជាមួយ​អង្គ​ការ​សហ​ប្រជាជាតិ​ ឬ​​មាន​សេចក្តី​សម្រេច​ណា​មួយ​នៅ​ឡើយទេ”។​​​​

លោក ហ៊ុន សែន​​​ ក៏​​​បាន​​​មាន​​​ប្រសាសន៍ដែរ​​​ថា រដ្ឋាភិបាល​​​អាច​​​ផ្តល់​​​ “កន្លែង​​​​​​ស្នាក់នៅ​បណ្តោះ​អាសន្ន​​​” សម្រាប់​​​ជន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ណា​​​ដែល​​​រង់​​​​ចា​​​ំ​​​ការ​​​តាំង​​​លំនៅ​​​ថ្មី បន្ទាប់​​​ពី​​​ពួក​​​គេ​​​​ចូល​ចត​​នៅ​ក្នុង​តំបន់​​​​​​​អាស៊ីអាគ្នេយ៍ នេះ​​​បើ​​​យោង​​​តាម​​​ការបញ្ជាក់​​​​របស់​​​លោក ផៃ
ស៊ីផាន។

ដំណោះស្រាយ​​​បែបនេះ​ណាមួយ​​​​ទំនង​​​ជា​​​មិន​​​ពាក់​​​ព័ន្ធ​​​ជន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​សមុទ្រ​​​អាន​​​ដាម៉ាន ដែល​​​ចូល​​​​ចត​​ក្នុង​​​ប្រទេស​​​​កម្ពុជា ​​​ដោយ​​​ផ្ទាល់​​​ទេ​​​ ពីព្រោះ​​​ការ​​​ធ្វើ​​​ដំណើរ​​​បែ​​​ប​​​នេះ​​​តម្រូវ​​​ឲ្យ​​​ពួក​​​គេ​​​ជិះទូក​​​ចម្ងាយ​​​​​​រាប់​​​ពាន់​​​គីឡូម៉ែត្រ​​​ជុំវិញ​​​ឧបទ្វីប​​​ម៉ាឡេ​ស៊ី ​​​ជំនួស​​​ឲ្យ​​​ការ​​​ចូល​​ចត​​​ក្នុង​​​ប្រទេស​​​ម៉ាឡេ​ស៊ី ឥណ្ឌូនេស៊ី ឬ​ប្រទេស​ថៃ។

ជនជាតិ​​​​​រ៉ូហីុង​​​យ៉ា រាប់​​​ពាន់​​​នាក់​​​​​​ដែល​​​រត់​​​គេ​​​ចពី​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​នៅ​​​ក្នុង​​​ប្រទេស​​​ភូមា
រួម​​​ជាមួយ​​​ជន​​​ចំណាកស្រុក​​​បង់ក្លាដែស​​​ ដែល​​​រំពឹង​​​ថា​​​អាច​​​រត់​គេច​ពីភាព​​​ក្រីក្រ បាន​​​ជាប់​​​នៅ​ឯ​​សមុទ្រ​​​អស​​់​​​រយៈ​​​ពេល​​​រាប់​​​សប្តាហ៍​​​​មក​ហើយ នៅ​​​ពេល​​​ប្រទេស​​​នានា​​ក្នុង​​​តំបន់​​​បាន​​​រុញ​​​ច្រាន​​​ទូក​របស់​​​​ពួក​​​គេ​​​ចេញ​​​ ហើយ​​​​​​ទូក​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោមទូក​ទាំង​​​​នោះ​​​ត្រូវ​​​បាន​​​​​​ជន​​​រត់​​​ពន្ធ​​​មនុស្ស​​​​បោះ​បង់​ចោល។

យោង​​​តាម​​​ទីភ្នាក់​​​ងារ​​​សារព័ត៌​​​មាន​​​ AP បាន​​​ឲ្យ​​​ដឹង​​​ថា ឧត្តម​​​ស្នង​​​ការ​​​សហប្រជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ (UNHCR)​​​ បាន​​​ប៉ាន​​​់ប្រមាណ​​​កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ថា ​រហូត​មក​ទល់​ពេល​នេះ ជន​​​ស្វែង​​​រក​​​សិទ្ធិជ្រក​​​កោន​​​ប្រមាណ​​​៣.០០០នាក់​​​បាន​​​ចូល​​​ចត​​​​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី និង​​​ប្រទេស​​​ឥណ្ឌូនេស៊ី ប៉ុន្តែ ថា  ជន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ប្រមាណ​​​៣.០០០នាក់​​​ទៀត​​​កំពុង​​​រសាត់​​​អណ្តែត​​​​​​គ្មាន​គោល​ដៅ​​នៅ​លើ​​​សមុទ្រ​​​ ដោយ​​​នាវា​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ម៉ាឡេស៊ី​​​ កំពុង​​​ស្វែង​​​រក​​​ពួក​​​គេ​​​។

កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​ រដ្ឋមន្ត្រី​​​មួយ​​​រូប​​​របស់​​​ម៉ាឡេស៊ី ​​​ក៏​​​បាន​​​​លើក​ឡើង​​​ដែរ​​​ថា ជន​​​ស្វែង​​​រក​​​សិទ្ធិ​​​​​​ជ្រក​​​កោន​​​​​ណាដែល​​​ចូល​​​ចត​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី​​​ អាច​​​បញ្ជូន​​​បន្ត​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​ ឬ​​​ប្រទេស​​​ហ្វីលីពីន​​​បាន​​​​​​ ដោយ​​​លោក​​​​​​លើក​​​ឡើង​​​ជា​​​សំអាង​​​ថា ប្រទេស​​​ទាំង​​​ពីរ​​​ជា​​​ហត្ថលេខី​​​នៃ​​​អនុ​​​សញ្ញា​​​ជន​​​ភៀស​​​ខ្លួន​​​សហប្រជា​​​ជាតិ​​​ឆ្នាំ​​​១៩៥១​​​។

លោក សាហីុដាន កាសីុម (Shahidan Kassim) ជា​​​​រដ្ឋ​​​មន្ត្រី​​​​​​មួយ​​​រូប​​​នៅ​​​ក្នុង​​​​​ជួរ​គណៈ​រដ្ឋ​មន្ត្រី​​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ម៉ាឡេស៊ី បាន​​​មាន​​​ប្រសាសន៍ថា “ប្រសិន​​​បើ​​​ពួក​​​គេ​​​​ឆ្លង​កាត់​​​តាម​​​ព្រំដែន​​​សមុទ្រ​​​របស់​​​យើង​​​ ហើយ​​យល់​​ថា​​​ចាំបាច់​​​ត្រូវ​​​អនុវត្ត​​​​សកម្ម​​​ភាពមនុស្ស​ធម៌​​​ យើង​​​នឹង​​​ជួយ​​​សង្គ្រោះ​​​ពួក​​​គេ​​​ បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​ឃុំ​​​ឃាំង​​​ ហើយ​​​ប្រគល់​​​ពួក​​​គេ​​​​​ឲ្យ​​​​​​ទៅ​​​ផ្នែក​​​អន្តោប្រវេសន៍​​​ដើម្បី​​​ឃុំ​​​ឃាំង​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​សំដៅ​​​ដល់​​​ឧត្តម​​​ស្ន​​​ងការ​​​សហប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ថា “​ផ្តើម​ចេញ​ពី​​​ចំណុច​​​នោះ​​​​ UNHCR ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ ហើយ​​​​ធ្វើ​​​បន្លាស់​​​ទី​​​ពួក​​​គេ​​​ទៅ​​​កាន់​​​ប្រទេស​​​​មួយ​ទៀត​​​​ ឬបញ្ជូន​​​ពួក​​​គេ​​​ត្រឡប់​​​​​​ទៅ​​​​​​ប្រទេស​​​ដើម​​​កំណើត​​​របស់​​​ពួក​​​គេ​​​វិញ​​​”។

តំណាង​​​អង្គការ​​​អន្តរ​ជាតិ​ទេសន្តរប្រវេសន៍​​​ និង​​​ UNHCR បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​ជុំ​វិញ​​​​សំណើ​​​របស់​​​លោក​​​ ហ៊ុន សែន រហូត​​​ទាល់​​​តែ​​​មាន​​​ការ​​​ចុះ​​​ផ្សាយ​​​សេចក្តី​​​លម្អិត​​​ផ្សេង​​​ទៀត​​​ជា​​​សាធារណៈ​​​សិន​​​៕សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស