ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវបំផុតមួយដែលមិនធ្លាប់មាននៅក្នុងវិស័យវាយនភណ្ឌរបស់កម្ពុជាកាលពីថ្ងៃអង្គារ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានលើកឡើងនៅសប្តាហ៍នេះថា ការធ្វើដំណើរដែលគ្មានសុវត្ថិភាពគឺជាកំហុសរបស់កម្មករ ដែលសុខចិត្តមិនចំណាយប្រាក់ចំណូលរបស់ខ្លួនសម្រាប់ការធ្វើដំណើរ។
បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅក្នុងខេត្តស្វាយរៀងកាលពីថ្ងៃអង្គារ ដែលបានឆក់យកអាយុជីវិតកម្មករ១៨នាក់ និងអ្នកបើកបររថយន្តតួរីសផ្ទុកលើសចំណុះមួយគ្រឿងដែលបានបុកគ្នាជាមួយនឹងរថយន្តក្រុងមួយគ្រឿងទៀត លោក កែន លូ បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា មិនត្រូវបន្ទោសម្ចាស់រោងចក្រទេ។
លោកបានលើកឡើងយ៉ាងដូច្នេះថា “យើងបានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើររួចហើយ ប៉ុន្តែ បើពួកគាត់សុខចិត្តមិនចំណាយវាឲ្យអស់ យើងមិនអាចធ្វើអីបានទេ។ វាមិនមែនជាបញ្ហាត្រង់ដំឡើងប្រាក់ឧបត្ថម្ភឡើយ ប្រសិនបើពួកគាត់ចំណាយវាឲ្យអស់ ប៉ុន្តែ ពួកគាត់មិនធ្វើដូច្នេះទេ”។
ទោះជាយ៉ាងណា អ្នកស្រី ច័ន្ទ សារុន អាយុ៣៤ឆ្នាំ ជាកម្មការិនីកាត់ដេរម្នាក់មកពីខេត្តស្វាយរៀងបាននិយាយកាលពីថ្ងៃសុក្រថា គាត់ជិះរថយន្តមួយគ្រឿងជាមួយកម្មករ៥០នាក់ទៀតជារៀងរាល់ព្រឹកដោយសារតែប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរប្រចាំខែ ដែលគាត់ទទួលបានមានចំនួនតែ១៣ដុលា្លរ។
គាត់និយាយថា “ខ្ញុំគិតថា រោងចក្រគួរតែដំឡើងប្រាក់ឧបត្ថម្ភសម្រាប់ធ្វើដំណើរ ពីព្រោះយើងគ្មានសុវត្ថិភាពគ្រប់គ្រាន់ទេពេលជិះរថយន្តទាំងនេះ។បើរោងចក្រដំឡើង ខ្ញុំនឹងរកឡានដែលមានសុវត្ថិភាពជិះ ប៉ុន្តែ នៅពេលនេះខ្ញុំមានលុយតិចតួច ហើយត្រូវការប្រើប្រាស់ខ្លះសម្រាប់អាហារ”។
ណាន សុធា អាយុ២៧ឆ្នាំជាកម្មការិនីកាត់ដេរនៅក្នុងខេត្តកំពង់ស្ពឺបាននិយាយថា នាងចំណាយ១០ដុល្លារនៃប្រាក់ឧបត្ថម្ភធ្វើដំណើរប្រចាំខែ១១ដុល្លារលើការធ្វើដំណើរហើយទំនងជាសន្សំប្រាក់បន្ថែមទុកខ្លះ ប្រសិនបើរោងចក្ររបស់គាត់ដំឡើងប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរ។ គាត់និយាយថា “ខ្ញុំចង់ឲ្យរោងចក្រផ្តល់ប្រាក់បន្ថែមទៀតសម្រាប់ធ្វើដំណើរដើម្បីសុវត្ថិភាពរបស់ខ្ញុំ ហើយពេលនោះខ្ញុំក៏អាចសន្សំលុយនៅសល់តិចតួចបានដែរ”។
លោក ណៃ តារា អាយុ៣០ឆ្នាំ ជាអ្នកបើកបររថយន្តដឹកកម្មករជុំវិញខេត្តស្វាយរៀង និយាយថា គាត់យកថ្លៃពីកម្មករម្នាក់ពី១១ដុល្លារ ទៅ១២ដុល្លារក្នុងមួយខែ។ គាត់និយាយទៀតថា “ជាធម្មតា ឡានខ្ញុំមានកម្មករឈរប្រហែល៤០នាក់ ប៉ុន្តែ ពេលខ្លះបើមានកម្មករច្រើនប្រញាប់ទៅផ្ទះ ពួកគេប្រជ្រៀតគ្នាជិះដល់ទៅជាង១០០នាក់”។
កាលពីថ្ងៃសុក្រ លោក កែន លូ បានច្រានចោលគំនិតដែលយល់ឃើញថា ការដំឡើងប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរបានជួយសម្របសម្រួលការធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់កម្មករ។
លោកបានលើកឡើងថា “បែបនោះគឺមិនអាចទទួលយកបានឡើយ ពីព្រោះវាមិនចោទជាបញ្ហាត្រង់ពួកគាត់ទទួលបានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើដំណើរប្រកបដោយសុវត្ថិភាពនោះទេ បញ្ហានៅត្រង់ការជ្រើសរើស។ ពួកគាត់ជ្រើសរើសការចំណាយរបស់ខ្លួនទៅលើអ្វីផ្សេង។ ពួកគាត់ភាគច្រើនមានស្មាតហ្វូន វាមិនសមហេុតផលទេ។ ចំណុចនៅត្រង់ថា ពួកគាត់យក [ប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរ] មិនថា១០ដុល្លារ ៧ដុល្លារ ១២ដុល្លារទេ គឺពួកគាត់មិនចំណាយប្រាក់នោះឲ្យអស់ឡើយ”។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានយល់ស្របនឹងលោក កែន លូ ថា កម្មករជាច្រើនមិនចំណាយប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើររបស់ពួកគាត់ឲ្យអស់ទៅលើការធ្វើដំណើរនោះទេ ប៉ុន្តែ បានលើកឡើងថា ប្រាក់ខែមិនគ្រប់គ្រាន់ ដូចជាប្រាក់ខែគោលនៅក្នុងឧស្សាហកម្មកាត់ដេរ ដែលមានចំនួន១២៨ដុល្លារជាដើម គឺជាមូលហេតុ។
លោកបានលើកឡើងបន្តថា “ខ្ញុំគិតថា ប្រហែលជាគាត់និយាយត្រូវ ពីព្រោះប្រាក់ខែគោលនៅទាបនៅឡើយ ដូច្នេះកម្មករព្យាយាមសន្សំសំចៃតាមដែលអាចធ្វើទៅបាន”។
ទោះបីជាបែបនេះក្តី ក៏លោកបានមានប្រសាសន៍ថា កម្មករនឹងងាកទៅរកមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាពប្រសិនបើមានប្រាក់គ្រប់គ្រាន់។ លោកមានប្រសាសន៍បន្ថែមថា “ប្រសិនបើប្រាក់ខែគោលបច្ចុប្បន្នឆ្លើយតបទៅនឹងកម្មករគ្មានជំនាញ និងភាពពឹងផ្អែករបស់គាត់ ខ្ញុំប្រាកដថា កម្មករនឹងជ្រើសរើសការធ្វើដំណើរដែលមានសុវត្ថិភាព”៕ សុខុម