33 C
Phnom Penh

រដ្ឋមន្ត្រី​គាំទ្រ​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​ជេរប្រមាថ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា លោក​គាំទ្រ​ការ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ ដែល​ជេរ​ប្រមាថ​មន្ត្រី​រដ្ឋាភិបាល​ ក្រោយ​ពេល​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ម្នាក់​​បាន​ស្នើ​ឲ្យមាន​វិធាន​ការ​បែប​នេះ​កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

លោក​ ខៀវ កាញារីទ្ធ ដែល​ជា​អ្នក​ចូល​ចិត្ត​លេង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ និង​ដែល​តែង​តែ​បង្ហោះ​ព័ត៌មាន និង​សារ​ជា​ភាសា​ខ្មែរ អង់គ្លេស និង​បារំាងនោះ​​ បាន​លើក​ឡើង​នៅ​ក្នុង​សារ​​តាម​ហ្វេសប៊ុក​មួយ​កាលពី​ម្សិលមិញ​ថា លោក​គាំទ្រ​រដ្ឋាភិបាល​​ក្នុង​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​ណា​ដែល​បង្ហោះ​សារ​ជេរ​ប្រមាថ​តាម​អុីនធើណិត​។

លោក​បាន​សរសេរ​ថា “​ប្រសិន​បើ​លោក​អ្នក​យល់​ឃើញ​ថា ខ្លួន​ត្រូវ​បាន​គេ​ជេរប្រមាថ​​​ គឺ​ទង្វើ​បែប​ហ្នឹង​វា​ស្ថិត​ចូល​ក្នុង​ក្រម​ព្រហ្មទណ្ឌ​រួច​ទៅ​ហើយ”។ លោក​បាន​បន្ថែម​ថា ការ​ផ្ដន្ទា​ទោស​គឺ​ជា​វិធានការ​ដ៏​សាក​សម​មួយ​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ក្នុង​ផ្លូវ​មិន​សមរម្យ។

​នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​អ្នក​ដែល​ជេរប្រមាថ​មេដឹកនាំ​​រដ្ឋាភិបាល​តាម​អុីនធើណិត​គួរ​តែ​​មាន​ការ​ផ្ដន្ទាទោស​ក្រោម​​ក្រម​ព្រហ្មទណ្ឌ​ដែរ​ឬទេ​ លោក​បាន​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​រដ្ឋាភិបាល​យក​ករណី​ហ្នឹង​ទៅ​តុលាការ​ វា​គួរ​​តែ​មាន​ហើយ​​”។

យោង​តាម​មាត្រា​ ៣០៥ ដល់​ ៣០៨ នៃក្រម​ព្រហ្មទណ្ឌ​ ការ​បរិហារកេរ្តិ៍ ឬ​ការ​ជេរប្រមាថ​​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០០.០០០​រៀល ដល់​១០.០០០.០០០រៀល ​ហើយ​​​ពាក់​ព័ន្ធ​នឹង​ព័ត៌មាន រូប​ភាព ឬ​វីដេអូ​​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ក៏​ដូច​គ្នា​ដែរ​​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ផ្ញើ​លិខិត​ទៅ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក​ ​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ស្នើ​ឲ្យ​ពួកគាត់អនុវត្ត​​ក្រម​ព្រហ្មទណ្ឌ​លើ​អ្នក​ដែល​ចែក​រំលែក​សារ​បរិហារកេរ្តិ៍ ឬ​ជេរប្រមាថ​តាម​អុីនធើណិត​។

លោក ផៃ ស៊ីផាន បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ទាំង​ពីរ​​ចាត់​វិធានការ​ផ្លូវ​​ច្បាប់​លើ​អ្នក​ដែល​គ្មាន​​បំណង​ល្អ និង​​គ្មាន​ក្រម​សីលធម៌ ពីបទ​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ទៅ​វាយ​ប្រហារ​ ជេរ​ប្រមាថ និង​បរិហារកេរ្តិ៍​​​មន្ត្រី​រាជការ និង​មេដឹកនាំ​រដ្ឋាភិបាល​។

លិខិត​របស់​លោក ផៃ​ ស៊ីផាន មាន​ខ្លឹមសារ​បន្ត​ដូច្នេះ​ថា “​ការ​ប្រមាថ​ និង​ការ​បរិហារ​បង្កាច់​កេរ្តិ៍​ គឺ​មិន​ស្ថិត​នៅ​ក្នុង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ឡើយ​ ក៏​ប៉ុន្តែ​វា​ជា​ការ​រំលោភ​សិទ្ធិ​ និង​​សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល​ដែល​ត្រូវ​ទទួល​បាន​ការ​គោរព​ រួម​ទាំង​ច្បាប់​ជាតិ និង​​អន្តរជាតិ​”។

​​នៅ​ក្នុង​កិច្ច​សម្ភាស​កាលពី​សប្ដាហ៍​មុន លោក ផៃ ស៊ីផាន បាន​លើក​ឡើង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ជា​ពិសេស​ចំពោះ​​ការ​ជេរប្រមាថ​ដែល​លើក​ឡើង​ថា មន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​វៀតណាម​ និង​ចំពោះ​រូប​ភាព​របស់​មេដឹកនាំ​រដ្ឋាភិបាល​ដែល​គេ​យក​ទៅ​កាត់​ត​ជា​រូប​អាសអាភាស ឬ​ក៏​កាត់ត​ក្នុង​ផ្លូវ​មិន​ល្អ​ផ្សេងៗ​ទៀត​។

លោក​ ប្រាក់ សុខុន បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ក្រសួង​របស់​លោក​កំពុង​តែ​​ពិនិត្យ​មើល​សំណើ​របស់​លោក​ ផៃ ស៊ីផាន។

លោក​បាន​មាន​ប្រសាសន៍​ថា “​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ស្នើ​ឲ្យ​អ្នក​ជំនាញ​សិក្សា​ពី​នីតិវិធី​បច្ចេកទេស និង​ផ្លូវ​ច្បាប់​”។

លោក​បាន​បន្ថែម​ថា “​ពាក់​ព័ន្ធ​នឹង​នីតិវិធិ​ផ្លូវ​ច្បាប់​ យើង​កំពុង​តែ​ពិចារណា​ថា​តើ​​បុគ្គល​ដែល​ជា​ជន​រងគ្រោះ​នៃ​ការ​ជេរប្រមាថ​ ឬ​ការ​បរិហារកេរ្តិ៍​គួរ​តែ​បញ្ជូន​បណ្ដឹង​​ផ្ទាល់​ខ្លួន​ទៅ​តុលាការ​​ ហើយ​បន្ទាប់​មក​តុលាការ​​ចេញ​សេចក្ដី​បង្គាប់​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ចាត់​វិធាន​ការ​​ឬ​យ៉ាង​ណា”។

លោក​ ប្រាក់ សុខុន បាន​លើក​ឡើង​ទៀត​ថា ក្រសួង​របស់​លោក​​អាច​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ ប្រសិន​បើ​ខ្លួន​ទទួល​បាន​សេចក្ដី​​​បង្គាប់​ឬ​បទបញ្ជា​​ពី​រដ្ឋាភិបាល​ រដ្ឋសភា ឬ​ពី​តុលាការ​​​​ ប៉ុន្តែ​ថា វា​​អាច​មាន​ការ​លំបាក​​ក្នុង​ការ​ស្វែង​រក​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​បុគ្គល​ដែល​មាន​គណនី​របស់​ខ្លួន​តាម​អុីនធើណិត​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​វា​មាន​ការ​លំបាក​ណាស់​។ សម្រាប់​​​ហ្វេសប៊ុក​​ និង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ វា​លំបាក​ណាស់​ក្នុង​ការ​ស្វែង​រក​អ្នក​វាយ​ប្រហារ​។ ចំពោះ​ហ្វេសប៊ុក យើង​ត្រូវ​តែ​ស្នើ​រក​ [អត្តសញ្ញាណ​របស់​ម្ចាស់​គណនី] តាម​រយៈ​សហរដ្ឋ​អាមេរិក។ យើង​មិន​អាច​ធានា​បាន​ឡើយ​ថា ពួកគេ​នឹង​ជួយ​យើង​នោះ​”។

លោកស្រី មូរ សុខហួរ សមាជិក​សភា​ និង​ជា​ប្រធាន​ទទួល​បន្ទុក​កិច្ច​ការ​សាធារណៈ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា ​ការ​គំរាម​របស់​រដ្ឋាភិបាល​​ក្នុង​ការ​​នាំ​យក​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ទៅ​កាន់​តុលាការ​ គឺ​វា​មិន​មែន​ជា​លទ្ធិប្រជាធិបតេយ្យ​ឡើយ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ​”​អ្វី​ដែល​លោក ផៃ ស៊ីផាន និង​រដ្ឋាភិបាល​កំពុង​ធ្វើ​​គឺ​វា​មិន​ត្រឹម​ត្រូវ​ទេ។ ​ខ្ញុំ​គិត​ថា ​ក្នុង​នាម​ជា​​មន្ត្រី​រដ្ឋាភិបាល​ ពួកគេ​ត្រូវ​តែ​ត្រៀម​ខ្លួន​ទទួល​យក​ការ​រិះគន់​ ហើយ​ការរិះគន់​ខ្លះ​អាច​ធ្ងន់ធ្ងរ​ខ្លាំង​”។

លោកស្រី​​​បាន​មាន​ប្រសាសន៍​ទាក់​ទិន​នឹង​សារ​​ និង​រូប​ភាព​មិន​សម​រម្យ​ដែល​គេ​បង្ហោះ​នៅ​លើ​អុីនធើណិត​ថា “​នេះ​មិន​មែន​ជា​ការ​បរិហារកេរ្តិ៍​ទេ។ ​ខ្ញុំ​គិត​ថា វា​មិនមែន​ជា​ការ​អុជ​អាល​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា​ទេ អស់​លោក​គ្រាន់​តែ​​​មើល​ហើយ​កុំគិត​​ទុក​​ក្នុង​ចិត្ត​ទៅ​វា​រួច​ហើយ”។

តែ​ទោះ​ជាយ៉ាង​ណា លោក ផៃ ស៊ីផាន បាន​លើក​ឡើង​ម្ដង​ទៀត​កាល​ពី​ម្សិលមិញ​ថា សំណើ​នេះ​ធ្វើឡើង​ដោយ​ផ្អែក​លើ​ច្បាប់​ដែល​​មាន​ស្រាប់​។

លោក​បានមាន​ប្រសាសន៍​ថា “​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ពន្យល់​ជា​ច្រើន​លើក​ច្រើន​សារ​មក​​ហើយ​ថា ​លិខិត​របស់​ខ្ញុំ​បាន​ពន្យល់​យ៉ាង​ច្បាស់​អំពី​ [តុល្យភាព​] រវាង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​មនុស្ស​ ដើម្បី​ការ​ពារ​​ភាព​ថ្លៃ​ថ្នូរ​របស់​​បុគ្គល​”។

លោក​បាន​បន្ថែម​ថា “​ខ្ញុំ​គ្រាន់​តែ​បាន​ពន្យល់​ថា ការ​រិះគន់ក្នុង​ន័យ​ស្ថាបនា​គឺ​វា​គ្មាន​បញ្ហា​អ្វី​ទេ។ ប្រសិន​បើ​វា​ជា​រូប​គំនូរ​ជីវចល​ គ្មាន​បញ្ហា​ទេ។ ប៉ុន្តែ​​​ប្រសិន​បើ​មាន​គេ​កាត់​ត​រូប​ស្រាត​​​ដាក់​មុខ​របស់​លោកស្រី មូរ សុខហួរ តាម​អុីនធើណិត​វិញ​នោះ​ តើ​លោកស្រី​គិត​យ៉ាង​ម៉ិច​វិញ​ដែរ?”។

លោកស្រី មូរ សុខហួរ បាន​លើក​ឡើង​ថា រឿង​ទាំង​អស់​ហ្នឹង​វា​មិន​មែន​ថ្មី​​សម្រាប់​លោកស្រី​ទេ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “​វា​ធ្លាប់​កើត​ឡើង​លើ​រូប​ខ្ញុំ​ពី​មុន​មក​រួច​ទៅ​ហើយ​​ វា​មាន​រូប​ភាព​អាក្រក់ៗ​ជាង​អ្វី​ដែល​អស់លោក​ស្រមើស្រមៃ​មក​លើ​រូប​ខ្ញុំ​ទៅ​ទៀត​។ ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​គ្រាន់​តែ​មើល​ហើយ​​ចោល​ទៅ​បាន​ហើយ​”៕ ស៊ុយឈាង​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស