29 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​អ្នក​ជួញដូរ ហើយ​ដក​ហូត​បាន​ថ្នាំញៀន​​២,៥គីឡូក្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែកពីគ្នា​កាលពី​ចុង​សប្ដាហ៍ នគរ​បាល​រាជធានី​ភ្នំពេញ​​ដក​ហូត​ថ្នាំ​ញៀន​មេតំហ្វេតាមីន​បាន​ប្រហែល​៥០០​ក្រាម​ពីបុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​បន្ទាប់​ពី​ពួកគេ​បាន​ចាប់​ខ្លួន​ជន​នេះ​ពីបទ​ចែក​ចាយ​ថ្នាំញៀន ចំណែក​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​ឡាវ​ម្នាក់​ពីបទ​ជួញដូរ​ថ្នាំ​មេតំហ្វេតាមីន​ទម្ងន់​ប្រហែល​២គីឡូក្រាម​​ពី​ប្រទេស​ឡាវ​។

លោក អុិន សុង អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ​បានមាន​ប្រសាសន៍​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពីព្រឹក​ម្សិលមិញ នគរ​បាល​បាន​ចាប់​ខ្លួនបុរស​ឈ្មោះ​ ទេព សុគន្ធ អាយុ​៣១​ឆ្នាំ​នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក ខណ្ឌ​សែន​សុខ ដែល​គេ​ស្គាល់​ថា ជា​កន្លែង​សម្រាប់​អ្នក​ប្រើ​ប្រាស់​ថ្នាំញៀននោះ ពីបទ​ចែក​ចាយ​ថ្នាំ​ញៀន ហើយ​ដក​ហូត​បាន​ថ្នាំ​ញៀនមេតំហ្វេតាមីន​ទម្ងន់​៥០០​ក្រាម។

លោក អុិន សុង បានមាន​ប្រសាសន៍​ថា “​យើង​បាន​ចំណាយ​​ពេល​ជាច្រើន​ខែ​ដើម្បី​ឃ្លាំ​មើល​ជន​នេះ ហើយ​បាន​ចំណាយ​ថវិកា​មួយ​ចំនួន​ដើម្បី​ទិញ​ថ្នាំញៀន ដូច្នេះ​យើង​អាច​លួច​ចូល​ទៅ​ក្នុង​បណ្ដាញ​របស់​អ្នក​ចែក​ចាយ​ថ្នាំញៀន ហើយ​កំណត់​អត្តសញ្ញាណ​បុរស​រូប​េនះ”។

លោក​បាន​បន្ថែម​ថា នគរ​បាល​នឹង​បញ្ជូនលោក​​ ទេព សុគន្ធ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ។

លោក យ៉ែន បញ្ញារិទ្ធ នាយការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​បាន​មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃ​សៅរ៍ មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ​បាន​ចាប់​ខ្លួន​ ពិត សាប៊ុន ស៊ីម៉ាវ៉ាត់ អាយុ​៣៨​ឆ្នាំ ជា​ជន​ជាតិ​ឡាវ​នៅ​ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ បន្ទាប់ពី​ជន​នេះ​បាន​ឆ្លង​​ព្រំដែន​​ ហើយ​បាន​ដើរ​តាម​ផ្លូវ​លំ​ចម្ងាយ​ប្រហែល​១គីឡូម៉ែត្រ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា។

លោក បញ្ញារិទ្ធ បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ចំណាយ​ពេល​៣​ខែដើម្បី​​ឃ្លាំមើល​ជន​នេះ ហើយ​បាន​ព្យាយាម​ចាប់ខ្លួន​គាត់​បី​លើក​មក​ហើយ ប៉ុន្តែ​លើក​ទី១ និង​លើក​ទី២​ជន​នេះ​មិន​មាន​ថ្នាំញៀន​ជាប់​ខ្លួន​ឡើយ”។ លោក​បាន​បន្ថែម​ថា អ្នក​ឲ្យ​ការណ៍​បាន​ប្រាប់​នគរ​បាល​​នៅ​ពេល​​ ស៊ីម៉ាវ៉ាត់ បាន​ឆ្លង​ព្រំដែន​។

លោក បញ្ញារិទ្ធ បាន​មាន​​ប្រសាសន៍​ថា នគរ​បាល​ដក​ហូត​បាន​ថ្នាំញៀន​មេតំហ្វេតាមីន​ទម្ងន់​ជិត​២គីឡូក្រាម​ពី ស៊ីម៉ាវ៉ាត់ ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ព្រះវិហារ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​នេះ​។

ការ​ចាប់​ខ្លួន​កាលពី​ថ្ងៃសៅរ៍ គឺ​ជា​ការ​ចាប់​ខ្លួន​ថ្មីបំផុត​នៅ​ក្នុង​អ្វី​ដែល​នគរ​បាល​លើក​ឡើង​ថា ជា​ការ​​ព្យាយាម​បង្ក្រាប​ការ​ជួញដូរ​​ថ្នាំញៀន​ឆ្លង​ព្រំដែន​រវាង​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា​។

បន្ទាប់ពី​ការ​ស៊ើបអង្កេត​រយៈ​ពេល​​១ខែ​មក នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ស្ទឹង​ត្រែង បាន​ផ្ដល់​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ទៅ​សមភាគី​របស់​ខ្លួន​ក្នុង​ប្រទេស​ឡាវ ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន​បុរស​ជន​ជាតិ​ឡាវ​បី​នាក់​ ដែល​គេ​ជឿថា​​បាន​ជួញដូរ​ថ្នាំញៀន​មេតំហ្វេតាមីន​ចូល​ក្នុង​ប្រទេស​កម្ពុជា​។ អាជ្ញាធរ​ឡាវ​បាន​ចាប់​ខ្លួន​បុរស​ទាំង​នេះ​ជាមួយ​នឹង​ថ្នាំញៀន​ទម្ងន់​ប្រហែល​២គីឡូ​ក្រាម។

កាលពី​ថ្ងៃ​ទី១០ ខែ​ឧសភា ​នគរ​បាល​បាន​ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់ និង​ជនជាតិ​ឡាវ​ពីរ​នាក់​បន្ទាប់ពីពួកគេ​បាន​ឆ្លង​ព្រំដែន​ពី​ខេត្ត​ស្ទឹង​ត្រែង ដោយ​មាន​ថ្នាំញៀន​មេតំហ្វេតាមីន​ទម្ងន់​៦គីឡូក្រាម​៕ សារុន​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស