ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា សាលាដំបូងខេត្តកំពង់ចាមកាលពីម្សិលមិញ បានចោទប្រកាន់បុរសអាយុ៤៧ឆ្នាំម្នាក់ពីបទមនុស្សឃាតជុំវិញការចោទប្រកាន់ថា បានយកដំបងវាយព្រះសង្ឃព្រះជន្ម១៨ព្រះវស្សាមួយអង្គរហូតដល់សុគតនៅក្នុងស្រុកជើងព្រៃកាលពីថ្ងៃសៅរ៍។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកបានចោទប្រកាន់បុរសឈ្មោះ ញឹក វណ្ណា ពីបទមនុស្សឃាតដោយតាមចោទថា បានធ្វើគតព្រះសង្ឃ ឆើត រា៉ាឆាន់ គង់នៅវត្តគោកពង្រ ក្នុងឃុំស្រម៉។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានចោទប្រកាន់ជននេះពីបទមនុស្សឃាតរួចហើយនៅថ្ងៃនេះ។ ខ្ញុំបានបញ្ជូនករណីនេះទៅចៅក្រមស៊ើបសួរហើយ”។
លោក សុផល បានមានប្រសាសន៍ថា ការអះអាងពីអ្នកភូមិដែលថា ជនសង្ស័យរូបនេះជាមនុស្សមិនគ្រប់ទឹកនោះ នឹងត្រូវបញ្ជាក់ដោយគ្រូពេទ្យដែលត្រូវបានស្នើសុំឲ្យធ្វើកោសល្យវិច័យពីចៅក្រមស៊ើបសួរ។
លោកបានមានប្រសាសន៍ថា “អ្នកឬខ្ញុំមិនអាចនិយាយថា ជនសង្ស័យរូបនេះជាមនុស្សមិនគ្រប់ទឹកបានឡើយ ពីព្រោះមិនមានឯកសារដើម្បីបញ្ជាក់ឡើយ។ មានតែគ្រូពេទ្យប៉ុណ្ណោះទើបអាចបញ្ជាក់ថា នរណាម្នាក់ជាមនុស្សគ្រប់ទឹកឬមិនគ្រប់ទឹកនោះ”។
លោក តុំ ចាន់ណា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានមានប្រសាសន៍ថា សាច់ញាតិរបស់ វណ្ណា បានប្រាប់លោកថា ជននេះត្រូវបានយកទៅនៅវត្តពីរបីសប្ដាហ៍កន្លងមក ដើម្បីដោះ “អំពើ”ចេញពីក្បាលរបស់ខ្លួន។
លោក ចាន់ណា បាននិយាយដល់ការសាកសួរបុរសឈ្មោះ វណ្ណា ថា “គាត់និយាយដូចជាមនុស្សមិនគ្រប់ទឹកអ៊ីចឹង។ ខ្ញុំអាចយល់តែឃ្លាមួយប៉ុណ្ណោះពីគាត់ថា ‘ខ្ញុំមិនដឹងទេ’”។
លោក ចាន់ណា បានមានប្រសាសន៍ថា តាមចោទថា ជនសង្ស័យរូបនេះបានវាយព្រះតេជគុណ ឆើត រ៉ាឆាន់ កាលពីព្រឹកថ្ងៃសៅរ៍ នៅពេលព្រះសង្ឃអង្គនេះនិមន្តទៅកាន់ព្រះវិហារ។
លោកបានមានប្រសាសន៍ថា “ខណៈដែលព្រះសង្ឃអង្គនេះកំពុងនិមន្តទៅនោះ ជនសង្ស័យរូបនេះបានយកដំបងវាយព្រះអង្គពីខាងក្រោយចំព្រះកេសតែម្ដង”។ លោកបានបន្ថែមថា ព្រះសង្ឃនិងអ្នកភូមិបានឡោមព័ទ្ធ វណ្ណា រហូតដល់នគរបាលមកដល់ដើម្បីចាប់ខ្លួន។
លោក ចាន់ណា បានមានប្រសាសន៍ថា “ព្រះសង្ឃអង្គនេះបានសុគតនៅនឹងកន្លែង តែម្តង ពីព្រោះព្រះអង្គរងរបួសធ្ងន់ធ្ងរត្រង់ព្រះកេស”។
លោក ធូ ឡងឌី នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានមានប្រសាសន៍ថា លោកបានព្យាយាមផ្សព្វផ្សាយព័ត៌មានបន្តទាក់ទងនឹងសភាពមិនគ្រប់ទឹករបស់ឈ្មោះ វណ្ណា នេះទៅតុលាការ។
លោក ឡងឌី បានមានប្រសាសន៍ថា តុលាការបានលើកឡើងថា យើងមិនអាចនិយាយថា គាត់ជាមនុស្សមិនគ្រប់ទឹកបានទេ ពីព្រោះមិនមានឯកសារផ្លូវច្បាប់ឡើយ”៕ សារុន