30 C
Phnom Penh

នគរបាល​បើក​ការ​ស៊ើប​អង្កេត​បន្ទាប់ពី​ប្រទះឃើញ​សពបុរស​ម្នាក់​ច្រក​ក្នុង​បាវ ហើយ​យក​ទៅបោះ​ចោល​នៅគំនរសំរាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយថា ពួកគេ​បាន​បើក​ការ​ស៊ើបអង្កេត​ករណី​មនុស្ស​ឃាត​បន្ទាប់​ពី​​អ្នក​ភូមិ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ បាន​ប្រទះឃើញសាក​សព​បុរស​ម្នាក់​ដែល​គេច្រក​​ក្នុង​បាវ ហើយ​យក​ទៅ​បោះ​ចោល​​ក្នុង​គំនរ​សំរាម​តាម​ផ្លូវ​លេខ​៣៧១ កាលពី​ថ្ងៃសៅរ៍។

លោក សុខ សុផល នាយ​ប៉ុស្តិ៍​សង្កាត់​ទឹក​ថ្លា កន្លែង​ដែល​សាក​សព​ត្រូវ​បាន​ប្រទះ​ឃើញ​​បាន​​បង្ហាញ​អត្តសញ្ញាណ​ជន​​រងគ្រោះរូបនេះ​​ថា ឈ្មោះ ស្រ៊ុន សុភ័ក្រ្ត អាយុ​៣៥​ឆ្នាំ ដែល​រស់​នៅ​ជាមួយ​ម្ដាយ​មីង​របស់​ខ្លួន​ក្នុង​ខណ្ឌ​មានជ័យ ហើយ​បាន​បម្រើ​ការ​ងារ​ជា​បុគ្គលិក​ការិយា​ល័យ​​នៅ​រោងចក្រ​កាត់​ដេរ​មួយ​​ក្នុង​រាជធានី​។

លោក សុផល បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ប្រទះឃើញ​សាក​សព​ជន​រងគ្រោះ​រូប​នេះ​ត្រូវ​គេច្រកចូល​​ក្នុង​បាវ​ពណ៌​បៃតង​​មួយ​ត្រឹម​ក​”។ លោក​បាន​បន្ថែម​ថា សាក​សព​ ស្រ៊ុន សុភ័ក្រ្ត ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ម៉ោង​ប្រហែល​៦ព្រឹក ដោយ​ស្លៀក​ខោ​ខ្លី និង​ពាក់​អាវ​ដៃ​ខ្លី​​ពណ៌ខ្មៅ។

លោក​បាន​មាន​ប្រសាសន៍​ថា “រហូត​មក​ទល់​ពេល​នេះ​ យើង​មិន​​ទាន់​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ណាមួយ​នៅ​ឡើយ​ទេ ហើយ​យើង​កំពុង​ស៊ើបអង្កេតដើម្បី​តាម​​ចាប់​ខ្លួន​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​”។

លោក សុផល ​បាន​មាន​ប្រសាសន៍​ថា ស្រ៊ុន សុភ័ក្រ្ត ទទួល​បន្ទុក​រៀបចំ​លិខិត​ស្នាម និង​ចែក​ចាយ​ឯកសារ​ទៅការិយាល័យ​ពាក់​ព័ន្ធ និង​ក្រសួង​​របស់​រដ្ឋាភិបាល​សម្រាប់​រោងចក្រ​នេះ ដែលលោក​បាន​បដិសេធ​មិន​ផ្ដល់​អត្តសញ្ញាណ​។

លោក ណង សុវណ្ណរ័ត្ន វេជ្ជបណ្ឌិត​ដែល​ធ្វើ​កោសល្យ​វិច័យ​សព ស្រ៊ុន សុភ័ក្រ្ត បាន​មាន​ប្រសាសន៍​ថា មូល​ហេតុ​នៃ​ការ​ស្លាប់​​គឺ​ដោយ​សារ​ការ​​រឹត​ក​។

ដោយ​កត់សម្គាល់ថា លោក​បាន​ឃើញ​ស្នាមជាំ​ប្រវែង៤សង់ទីម៉ែត្រនៅជុំវិញ​ករបស់ជន​រងគ្រោះ​នោះ លោក​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់ពី​ការ​ធ្វើ​កោសល្យ​វិច័យ​រួច​​ យើង​រក​ឃើញ​ថា ជន​រងគ្រោះ​ស្លាប់​ដោយ​សារ​ត្រូវ​គេ​រឹតក​”។

លោក​បាន​បន្ថែម​ថា “​ជន​រងគ្រោះ​រូប​នេះ​អាច​ស្លាប់​​១២​ម៉ោង​មក​ហើយ​ មុន​ពេល​សព​ត្រូវ​បាន​រកឃើញ”។

​ដោយ​បង្វែរ​សំណួរ​បន្ថែម​ទៅ​នគរ​បាល​ លោក​វេជ្ជបណ្ឌិត​ សុវណ្ណរ័ត្ន ​បាន​មាន​ប្រសា​សន៍​ថា មាន​ស្នាម​ទឹក​ថ្នាំ​ផ្តិត​មេដៃ​នៅ​​ជាប់​មេដៃ​ស្ដាំ​របស់​ ស្រ៊ុន សុភ័ក្រ្ត​។

លោក ម៉ក់ ហុង ​អធិការ​នគរ​បាល​ខណ្ឌ​សែន​សុខ​បាន​អះអាង​​ថា លោក​កំពុង​ធ្វើ​ការ​លើ​ករណី​នេះ​មុន​ពេល​​ដាក់​ទូរស័ព្ទ​ចុះ។

លោក ហ៊ុត វណ្ណា នាយ​ប៉ុស្តិ៍​សង្កាត់​ចាក់​អង្រែ​លើ កន្លែង​ដែល​ ស្រ៊ុន សុភ័ក្រ្ត រស់​នៅ​បាន​មាន​ប្រសាសន៍​ថា ជន​រងគ្រោះ​រូប​នេះ​មិន​ត្រឹម​តែ​ធ្វើ​ការ​ឲ្យ​រោងចក្រ​កាត់​ដេរ​មួយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ធ្វើ​ការ​ឲ្យ​រោងចក្រ​ជាច្រើន​ទៀត​ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “​បុរស​រូប​នេះ​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​រៀបចំ​ឯកសារ​សម្រាប់​រោង​ចក្រ​នានា​ដើម្បី​នាំចេញ”។ លោក​បាន​បន្ថែម​ថា លោក​មិន​ស្គាល់​ឈ្មោះ​ក្រុម​ហ៊ុន​នោះ​ទេ៕ សារុន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស