
សាធារណរដ្ឋប្រជាមានិតចិនបានប្រគល់សម្ភារយោធាឲ្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃសៅរ៍ ដែលក្រុមមន្ត្រីបាននិយាយថា ពួកគេនឹងប្រើសម្រាប់តែការហ្វឹកហាត់ ក្នុងនោះមានទាំងគ្រឿងបន្លាស់និងរថយន្តមានជើងទម្ររ៉ុកកែតផង។
យោងតាមសេចក្តីរាយការណ៍ថ្មីៗរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា ជាអ្នកផ្តល់ជំនួយយោធាច្រើនបំផុត ព្រមទាំងជាអ្នកវិនិយោគធំបំផុតរបស់ប្រទេសកម្ពុជា ប្រទេសចិនបានធ្វើការប្រគល់នេះនៅពិធីមួយក្នុងខេត្តកំពង់ស្ពឺ នៅវិទ្យាស្ថានកងទ័ពជើងគោកកម្ពុជា ដែលក្រុងប៉េកាំងជួយសាងសង់ផងដែរ។
ឧត្តមសេនីយ៍ឯក ចៅ ភិរុណ ដែលដឹកនាំអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ បានមានប្រសាសន៍នៅក្នុងពិធីប្រគល់-ទទួលសម្ភារយោធាពីសាធារណរដ្ឋប្រជាមានិតចិនថា “ការទទួលសម្ភារយោធាពិសេសនៅថ្ងៃនេះពីក្រសួងការពារជាតិរបស់ប្រទេសចិនជាសមិទ្ធកម្មប្រវត្តិសាស្ត្រមួយទៀតក្នុងចំណោមជំនួយដែលរដ្ឋាភិបាលចិនបានប្រគល់ជូនក្រសួងការពារជាតិកម្ពុជា”។
លោកបានមានប្រសាសន៍ថា “ចំពោះជំនួយដែលទទួលបាននៅថ្ងៃនេះ កងយោធពលខេមរភូមិន្ទនឹងប្រើវាសម្រាប់ការហ្វឹកហាត់ដើម្បីពង្រឹងវិស័យយោធា”។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានពិនិត្យអំណោយនេះផ្ទាល់ដែរ រួមជាមួយលោកស្រី ពូ ជៀនគ័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ជំនួយនេះរួមមានរថយន្ត៤៤គ្រឿង ក្នុងនោះមានរថយន្តហ្ស៊ីប រថយន្តមានជើងទម្ររ៉ុកកែត និងកាំភ្លើងបាញ់យន្តហោះប្រហែលប្រាំមួយគ្រឿង។ សម្ភារទាំងនោះក៏មានរថយន្តលើកគ្រឿងសម្ភារ២០គ្រឿង ផ្ទះបាយចល័តបួន សារធាតុគីមីមិនស្គាល់ឈ្មោះប្រហែល២.០០០គីឡូក្រាម និងគ្រឿងបន្លាស់១០.០០០គីឡូក្រាម។ មជ្ឈមណ្ឌលហ្វឹកហាត់មានផ្ទៃ៥០០ម៉ែត្រក្រឡាក៏ស្ថិតលើបញ្ជីដែរ។
ឧត្តមសេនីយ៍ឯក ភិរុណ បានមានប្រសាសន៍ថា សម្ភារនេះនឹងត្រូវប្រើជាពិសេសដើម្បីហ្វឹកហាត់អង្គភាពទ័ពពិសេសបីអង្គភាពរបស់កងខេមរភូមិន្ទ ក្នុងចំណោមអង្គភាពផ្សេងទៀត ដេញចាប់អ្នកនេសាទនិងឈ្មួញឆ្លងដែនខុសច្បាប់។ លោកមិនបានបញ្ជាក់ឲ្យដឹងថា អង្គភាពណានឹងទទួលបានប្រយោជន៍នេះទេ។
មន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃអាទិត្យបានបដិសេធមិនប្រាប់ល្អិតល្អន់អំពីអំណោយថ្មីៗនេះ ឬមិនអាចទាក់ទងបានទេ។
លោក ចេង ហុង ប៉ូ អ្នកនាំពាក្យស្ថានទូតចិនបានបង្វែរសំណួរទៅលេខាធិការអនុព័ន្ធយោធារបស់ស្ថានទូតនេះ ដែលបាននិយាយថា លោកមិនមានសិទ្ធិនិយាយជាមួយបណ្តាញព័ត៌មានទេ។
ប្រទេសចិនផ្តល់អំណោយជារឿយៗដល់ប្រទេសកម្ពុជា ក្នុងនោះមានរថយន្តយ៉ាងហោចណាស់២០គ្រឿងដល់កងទ័ពកាលពីឆ្នាំមុន និងប្រាក់៣០០.000ដុល្លារ ដោយក្រសួងមហាផ្ទៃបានសន្យាថានឹងទិញគ្រឿងផ្គត់ផ្គង់ពីប្រទេសចិនសម្រាប់កម្លាំងប៉ូលិសរបស់ខ្លួន។
ក្រុមអ្នករិះគន់បានចោទសួរអំពីតម្លៃនៃទំនាក់ទំនងយោធាកាន់តែធំរបស់កម្ពុជាចំពោះប្រទេសចិន ក្នុងនោះមានទាំងការគាំទ្ររបស់កម្ពុជាចំពោះក្រុងប៉េកាំង ក្នុងជម្លោះទាក់ទិននឹងសមុទ្រចិនខាងត្បូងផងដែរ៕ និត