35 C
Phnom Penh

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​អំឡុង​​​ការ​​​តវា៉​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​នៅ​​​ក្នុង​​​ក្រុ​​​ងប៉ោយ​​​ប៉ែត​​​អំឡុង​​​​​​​​​អ្នក​​​អូស​​​រទេះ​​​ធ្វើ​​​បាតុកម្ម​​​ទាម​​​ទារ​​​ឲ្យ​​​មន្ត្រី​​​គយ​​​ឈប់​​​​​​​​​យក​​​​​​ថ្លៃ​​​ដឹក​​​ទំនិញ​​​ចេញ​​​ចូល​​​ច្រក​​​ព្រំដែន​​​កម្ពុជា​​​-ថៃ​​​តាម​​​តែ​​​ទំនើង​​​ចិត្ត​​​។

អ្នក​​​អូស​​​រទេះ​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​​​ប្រហែល​​​១០០នាក់​​​​​​បាន​​​នាំ​​​គ្នា​​​ដាក់​​​របាំង​​​បិទ​​​កំណាត់​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥​​​​​​​​​ដែល​​​​​​​​​តភ្ជាប់​​​ទៅ​​​កាន់​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​​​​ ដោយ​​​​​​ជា​​​លទ្ធផល​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ផ្ទុះអំពើ​​​ហិង្សា​​​ជាមួយ​​​​​​នគរ​​​បាល​​​ និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រហែល​​​៣០​​​នាក់។

លោក ហ៊ាន ត្រេន តំណាង​​​អ្នក​​​អូស​​​រទេះ​​​បាន​​​និយាយ​​​ថា “ពួក​​​គេ​​​​​​បាន​​​បញ្ជូន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មក​​​បង្ក្រាប​​​កម្មករ​​​របស់​​​យើង​​​ ដោយ​​​វាយ​​​ដំ​​​បង្ខំ​​​ឲ្យ​​​​​​យើង​​​បើក​​​របាំង​​​បិទ​​​ផ្លូវ​​​ឡើង​​​វិញ​​​​​​។ កម្មករ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​កម្មករ​​​របស់​​​យើង​​​បាន​​​រង​​​របួស​​​ ហើយ​​​ត្រូវ​​​គេ​​​វាយ​​​​​​ឲ្យ​​​សន្លប់​​​ បន្ទាប់​​​មក​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​”។

លោក ហ៊ាន ត្រេន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អំឡុង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ ដែល​​​គេ​​​ឃើញ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​បាន​​​ដាល់​​​ ទាត់​​​ និង​​​ឡើង​​​ជង្គង់​​​អ្នក​​​តវ៉ា​​​នោះ​​​ អ្នក​​​អូសរទេះ​​​ឈ្មោះ ម៉ៅ សុ៊ន ​​​អាយុ​​​៣២​​​ឆ្នាំ​​​ត្រូវ​​​គេ​​​វាយ​​​ឲ្យ​​​សន្លប់​​​ ខណៈ​​​​​​មន្ត្រី​​​នគ​​​របាល​​​ព្យាយាម​​​ដាក់​​​ខ្នោះ​​​ និ​​​ងចាប់​​​ខ្លួន​​​គាត់​​​។

លោក​​​​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា អ្នក​​​តវ៉ា​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​ព្យាយាម​​​នាំ​​​លោក ម៉ៅ ស៊ុន គេច​​​ចេញ​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ ហើយ​​​​​​បាន​​​នាំគាត់​​​ទៅ​​កាន់​​​មន្ទីរពេទ្យ​​​បង្អែក​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​។ហើយ​​​នៅ​​​ពេល​​​មាន​​​ពាក្យ​​​ចចាមអារ៉ាម​​​ថា លោក ម៉ៅ ស៊ុន បាន​​​ស្លាប់​​​នោះ អ្នក​​​តវ៉ា​​​បាន​​​ទៅ​​​ឡោម​​​ព័ទ្ធ​​​ការិយាល័យ​​​គយ​​​ក្បែរ​​​នោះ​​​ ហើយ​​​បាន​​​​​​យក​​​ដំ​​​ថ្ម​​​គប់​​​ខ្លោង​​​ទ្វារ​​​ និង​​​រថយន្ត​​​ដែល​​​ចត​​​នៅ​​​ខាង​​​ក្រៅ​​​។  ហើយ​​​បន្ទាប់​​​មក​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​ ដោយ​​​បាញ់​​​ប្រហែល​​​២០​​​គ្រាប់​​​ពីលើ​​​​​​ក្បាល​​​អ្នក​​​តវ៉ា​​​។ ​​​

លោក​​​ ហ៊ាន ត្រេន បាន​​​និយាយ​​​ថា “កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​រឹបអូស​​​យក​​​រទេះ​​​របស់​​​យើង​​​អស់​​​​​​ចំនួន​​​បួន​​​​​​គ្រឿង​​​ ហើយ​​​បាន​​​បញ្ឈប់​​​ការ​​​​​តវ៉ា​​​ ប៉ុន្តែ​​​ នៅថ្ងៃ​​​ស្អែក​​​កម្មករ​​​របស់​​​យើង​​​នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​ម្តង​​​ទៀត​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ការ​​​តវ៉ា​​​កាល​​​ពីម្សិលមិញ គឺជា​​​ការ​​​តវវ៉ា​​​លើក​​​ទី​​​៣​​​ហើយ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​កន្លង​​​មក​​​នេះ​​​ដោយ​​​អ្នក​​​អូស​​​រទេះ​​​ ដែល​​​ត្រូវ​​​បាន​​​គេ​​​ជួល​​​​​​ឲ្យ​​​ដឹក​​​ទំនិញ​​​ និង​​​ដែល​​​ចង់​​​ឲ្យ​​​មន្ត្រី​​​គយ​​​ឈប់​​​យក​​ថ្លៃ​​​ដឹក​​​ទំនិញ​​​ចេញ​​​ចូល​​​ព្រំដែន​​​តាម​​​ទំនើង​​​ចិត្ត​​​។

បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​កាល​​​ពីខែ​​​ធ្នូ​​​ លោក ង៉ោ ម៉េង​​​ជ្រួន អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​​​​កាល​​​ពីម្សិល​​​មិញ​​​បាន​​​លើក​​​ឡើង​​​ថា  លោកនឹង​​​ណែនាំ​​​មន្ត្រីគយ​​​ឲ្យឈប់​​​ទាម​​​ទារ​​​​​​ថ្លៃ​​​ដឹក​​​ទំនិញ​​​ខុស​​​ផ្លូវ​​​ការ​​​។

លោក ម៉េង​​​ជ្រួន បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ពេល​​​នោះ​​​ថា “យើង​​​​​​បាន​​​ស្នើ​​​ឲ្យ​​​មន្ត្រី​​​គយ​​​ប្រចាំ​​​ច្រក​​​ព្រំដែន​​​ឈប់​​​​​​យក​​​ប្រាក់​​​ពី​​​អ្នក​​​​​​អូស​​​រទេះ​​​ដែល​​​​​​រក​​​ប្រាក់​​​ដើម្បី​​​ចិញ្ចឹម​​​គ្រួសារ​​​នោះ​​​”។

ប៉ុន្តែ នៅ​​​ខែ​​​មករា មាន​​​ការ​​​តវ៉ា​​​ជា​​​លើក​​​ទី​​​២​​​ ដោយ​​​អ្នក​​​អូស​​​រទេះ​​​បាន​​​អះអាង​​​ថា លោក​​​ ម៉េង​​​ជ្រួន មិន​​​បាន​​​ធ្វើ​​​​​​តាម​​​អ្វី​​​ដែល​​​លោក​​​បាន​​​សន្យា​​​ឡើយ​​​។

​​​នៅ​​​ក្នុង​​​លិខិត​​​មួយ​​​ផ្ញើ​​​ជូន​​​លោក គោស៊ុំ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក ម៉េង​​​ជ្រួន បាន​​​សរសេរ​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ប្រចាំ​​​ការ​​​​​​នៅ​​​ការិយាល័យ​​​គយ​​​​​​បាន​​​បាញ់​​​ចំនួន​​​បួន​​​គ្រាប់​​​ដើម្បី​​​បំភ័យ​​​អ្នក​​​តវ៉ា​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​​​​បាន​​​វាយ​​​ប្រហារ​​​ និង​​​​​​សម្រុក​​​ចូល​​​ការិយាល័យ​​​គយ​​​ ដោយ​​​បាន​​​បំផ្លាញ​​​ខ្លោង​​​ទ្វារ​​​មុខ​​​ និង​​​រថយន្ត​​​ចំនួន​​​ប្រាំ​​​ពីរ​​​គ្រឿង​​​​​​ព្រម​​​ទាំង​​​ធ្វើ​​​ឲ្យ​​​សន្តិសុខ​​​ម្នាក់​​​រង​​​របួស​​​ផង​​​ដែរ​​​។

​​​លោក​​​បាន​​​សរសេរ​​​ដូច្នេះ​​​ថា “ដើម្បី​​​ទប់​​​ស្កាត់​​​កុំ​​​ឲ្យ​​​ស្ថាន​​​ភាព​​​នេះ​​​កាន់​​​តែ​​​ធ្ងន់​​​ធ្ងរ​​​ និង​​​ដើម្បី​​​ការ​​​ពារ​​​ទ្រព្យ​​​សម្បត្តិ​​​រដ្ឋ…កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រចាំ​​​ការ​​​នៅ​​​ការិយាល័យ​​​គយ​​​បាន​​​បើ​​​កការ​​​បាញ់​​​ប្រហារ​​​ដើម្បី​​​បំភ័យ​​​ពួក​​​គេ​​​ ដោយ​​​បាញ់​​​កាំភ្លើង​​​ខ្លី​​​របស់​​​ខ្លួន​​​អស់​​​ចំនួន​​​បួន​​​គ្រាប់​​​”។

លោក ម៉េងជ្រួន បាន​​​លើក​​​ឡើង​​​បន្ត​​​នៅក្នុង​​​លិខិត​​​​​​របស់​​​លោក​​​ថា ការ​​​តវ៉ា​​​ត្រូវ​​​បាន​​​ដឹក​​​នា​​​ំ​​​ដោយ​​​លោក ចៅ​​​ វសនា មន្ត្រី​​​សង្កាត់​​​មក​​​ពីគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​លោក ឌិន ពុទ្ធី ប្រធាន​​​សមាគម​​​ប្រជា​​​ធិបតេយ្យ​​​ឯករាជ្យ​​​នៃ​​​សេដ្ឋកិច្ច​​​ក្រៅប្រព័ន្ធ​​​ប្រចាំខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​។

លោក សារឿត បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​លើ​​​សេចក្តីរាយការណ៍​​​របស់​​​​​​លោក ម៉េង​​​ជ្រួន ឡើយកាល​​​ពីម្សិលមិញ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា “ក្រុមការ​​​ងារ​​​” នឹង​​​ជួប​​​ប្រជុំ​​​គ្នា​​​នៅ​​​ក្នុង​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​ដោះស្រាយ​​​ការ​​​ទាម​​​ទារ​​​របស់​​​អ្នក​​​អូស​​​រទេះ។

លោក ឈួន ហៃ ប្រធាន​​​ការិយាល័យ​​​គយ​​​ និង​​​រដ្ឋាករ​​​ប្រចាំ​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​​​​មិនអាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។

លោក ជា ដា មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​​​​បាន​​​លើក​​​ឡើ​​​ងថា ការ​​​ចុះ​​​ធ្វើ​​​អន្តរាគមន៍​​​របស់​​​កង​​​កម្លាំង​​​លោក​​​ គឺ​​​ជា​​​រឿង​​​ចាំបាច់​​​ដើម្បី​​​បោស​​​សំអាត​​​របាំង​​​បិទ​​​ផ្លូវ​​​ដែល​​​កំពុង​​​ធ្វើ​​​ឲ្យ​​​​​​រាំង​​​ស្ទះ​​​ចរាចរណ៍​​​។ លោក​​​បាន​​​បន្ថែម​​​ថា ចាំបាច់​​​ត្រូវ​​​តែ​​​មាន​​​ការ​​​បាញ់​​​កាំភ្លើង​​​ដើម្បី​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាញ់​​​កាំភ្លើង​​​គឺ​​​ដើម្បី​​​គ្រប់​​​គ្រង​​​ស្ថាន​​​ភាព​​​”។​​​លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា គ្រាប់​​​កាំភ្លើង​​​បាញ់​​​​​​តែ​​​ទៅ​​​​​​លើ​​​ប៉ុណ្ណោះ​​​។

ពេល​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​អំឡុង​​​ដេក​​​​​​នៅ​​​លើ​​​គ្រែ​​​ពេទ្យ​​​ លោក ម៉ៅ ស៊ុន  បាន​​​និយាយ​​​ថា  “កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ធាក់​​​ វាយ​​​ដំ និង​​​ឡើង​​​ជង្គង់​​​​​​រហូត​​​ដល់​​​ខ្ញុំ​​​សន្លប់​​​”។

អ្នកស្រី រ៉ាន៉ ស្រីមុំ ដែល​​​ជា​​​ប្រពន្ធ​​​របស់​​​លោក ម៉ៅ ស៊៊ុន បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​ចង់​​​រត់​​​ទៅជួយ​​ប្តី​​​របស់ខ្លួន​​​ដែរ​​​ ប៉ុន្តែ​​​មិន​​​អាច​​​ទុក​​​​​​កូន​​ៗ​​​​ដែល​​​កំពុង​​តែ​​​យំ​ចំនួន​​​​​ពីរ​​នាក់ចោល​​​​​​បាន​​​ឡើយ​​​។

អ្នកស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​​​​ក្រែង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ជាន់​​​ពួក​​​គេ​​​។ ឥឡូវ​​​នេះ​​​យើង​​​បាន​​​បាត់​​​បង់​​​រទេះ​​​ហើយ​​​ ពួកគេ​​​ប្រហែលជា​​​បំផ្លាញ​​​វា​​​ចោល​​​​​​ហើយ​​​មើលទៅ​​​”៕ ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស