34 C
Phnom Penh

តំណាង​រាស្ត្រ​បញ្ជាក់​ថា ​អាច​នឹង​មាន​កិច្ច​​ពិភាក្សា​បន្ថែម​ទៀត​​ស្ដីពី​ច្បាប់​អង្គការ​​មិន​មែន​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី ​ម្សិលមិញ អ្នក​នាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ប្រហែល​ជា​នៅ​តែ​មាន​ឱកាស​ជួប​​ពិភាក្សា​​​ជាមួយ​ ក្រុម​តំណាង​រាស្ត្រ​ជុំវិញ​​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​មួយ​ ដែល​មាន​បំណង​គ្រប់គ្រង​វិស័យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​មាន​ទំហំ​ ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​​មុន​ពេល​​​ដាក់ច្បាប់​នេះ​​ដើម្បី​បោះ​ឆ្នោត​អនុម័ត​។

កិច្ច ​ពិភាក្សា​​បែប​នេះ​ប្រសិន​បើ​កើត​ឡើង​មែន​​នោះ អាច​​បំពេញ​​តាម​ការ​អំពាវ​នាវ​​​ឲ្យ​មាន​ដំណើរ​ការ​ធ្វើ​សេចក្ដី​ព្រាង​ដែល ​មាន​ការ​ចូល​រួមយ៉ាង​​​ទូលំទូលាយ ជា​សំណើ​មួយ​ក្នុង​ចំណោម​សំណើ​សំខាន់ៗ​​របស់​បណ្តា​អង្គការ​ក្នុង​ស្រុក និង​អង្គការ​អន្តរជាតិ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​​កម្ពុជា ​និង​ដែល​ព្រួយ​បារម្ភ​ថា ច្បាប់​នេះ​អាច​​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់ក្នុង​ផ្លូវ​​មិន​ត្រឹម​ត្រូវ​ ដើម្បី​​បំបិទ​មាត់​អ្នក​រិះគន់រដ្ឋាភិបាល​មិន​សំចៃមាត់​បំផុត។​

រដ្ឋាភិបាល ​​មិន​ទាន់​បាន​រៀបចំ​កិច្ច​ពិភាក្សា​ជា​សាធារណៈ​នៅឡើយ​ទេ​ជុំវិញ​​ច្បាប់​ នេះចាប់​​តាំង​ពី​ឆ្នាំ​២០១១​មក​ ​មុន​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ផ្អាក​វា​​​បន្តិច​។លោក ហ៊ុន សែន បាន​សើរើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើង​វិញ​កាលពី​ខែ​មុន ហើយ​បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​​អនុម័តច្បាប់​នេះ​​ត្រឹម​ដំណាច់​ខែ​ឧសភា​។ តាម​ការ​រំពឹង​ទុក ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នឹង​ធ្វើ​ការ​សម្រេច​ថា តើ​ត្រូវ​បញ្ជូន​វា​ទៅ​​រដ្ឋសភា​​នៅ​ថ្ងៃ​សុក្រ​ ឬ​យ៉ាង​ណា​។

កាលពី ​ម្សិលមិញ លោក ឈាង វុន តំណាង​រាស្ត្រ​ជាន់​ខ្ពស់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​​អ្នក​នាំពាក្យ​រដ្ឋសភា ​បាន​មាន​ប្រសាសន៍​ថា កិច្ច​​ពិភាក្សា​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​អាច​នឹង​កើត​ឡើង​ ហើយរូប​​លោក​ផ្ទាល់​ក៏​គាំទ្រ​គំនិត​នេះ​ដែរ។

លោក​បាន​លើក​ឡើង​បន្ត​ថា “​យើង ​អាច​ស្នើ​​​ឲ្យសង្គម​ស៊ីវិល​ចូល​រួម​បាន​។ សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា គួរ​តែ​មាន​ការ​ចូល​រួម​ពី​សង្គម​ស៊ីវិល និង​អង្គការ​មិន​មែន​រដ្ឋាភិបាលដើម្បី​ឲ្យ​ពួកគេ​អាច​បញ្ចេញ​ទស្សនៈ​​​របស់​ ខ្លួន​ និង​ដើម្បី​​ឲ្យយើង​​បាន​​ស្ដាប់​​​យោបល់​​របស់​​ពួកគេ​។ បើ​ពួកគេ​មាន​ទស្សនៈ​ល្អ​ យើង​​នឹង​ពិចារណា ហើយ​ដាក់​វា​​បន្ថែម​ចូល​​ទៅ​ក្នុង​ច្បាប់​​នេះ​។ ប៉ុន្តែសង្គម​​ស៊ីវិល​ត្រូវតែ​យល់​ថា ពួកគេ​​​​​មាន​​សិទ្ធិ​និយាយ​តាម​ចិត្ត​ចង់​ ប៉ុន្តែ​ពួកគេ​មិន​អាច​បង្ខំ​​ឲ្យ​រដ្ឋ​​ធ្វើ​តាម​អ្វី​ដែល​ពួកគេ​ចង់​ បានឡើយ​”។

លោក ឈាង វុន ​បាន​​បន្ត​ថា នៅ​ពេល​សេចក្ដី​ព្រាង​ច្បាប់​​នេះ​ទៅ​ដល់​ដៃ​រដ្ឋសភា វា​ទំនង​ជា​ត្រូវ​បញ្ជូន​ទៅ​គណៈកម្មការ​សភាចំនួន​​បី​ ឬបួន​ ដោយ​គណៈ​កម្ម​ការ​មួយ​ក្នុង​ចំណោម​នោះ​​អាច​​នឹងជា​អ្នក​​រៀបចំ​កិច្ច​ ពិភាក្សា​​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ មុន​ពេល​ដាក់​​ច្បាប់​នេះ​​​ដើម្បី​បោះ​ឆ្នោត​អនុម័ត​​។

លោក ​មាន​​លើក​ឡើង​ទៀត​​ថា គណៈកម្មការ​ទាំង​នោះ​ទំនង​ជា​រួម​មាន​​គណៈកម្មការ​ទទួល​បន្ទុក​ដោះស្រាយ​ កិច្ច​ការ​បរទេស​ដែល​មាន​លោក​ ឈាង វុន ជា​ប្រធាន​ និង​គណៈ​កម្មការ​មួយ​ទៀត​ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​ ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូល​រួម​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​សកម្មភាព​​រិះគន់​ របស់​ខ្លួន​​ចំពោះ​សំណើ​​ច្បាប់​នេះ​។

ទោះ ​ជាយ៉ាង​ណា គេ​​រង់ចាំ​មើល​ថា តើ​បណ្តា​អង្គការ​មិន​មែន​រដ្ឋាភិបាល​នឹង​បាន​ឃើញ​​សំណៅថ្មី​នៃ​សេចក្ដី​ ព្រាង​ច្បាប់​នេះ​មុន​ពេល​ ឬ​អំឡុង​ពេល​កិច្ច​​ពិភាក្សា​​បែប​នេះ​​។

រហូត ​មក​​ទល់​ចុង​ឆ្នាំ​២០១១ ច្បាប់​នេះ​​បាន​តម្រូវ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សមាគម​​​ចុះ​ឈ្មោះ​ជាមួយ​រដ្ឋាភិបាល​ និង​ដាក់​ជូន​​របាយការណ៍​ប្រចាំ​ឆ្នាំ​​ស្ដីពី​សកម្មភាព និង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ លើក​លែង​​តែ​អង្គការ​ ឬសមាគម​តូច​ៗបំផុត​​ប៉ុណ្ណោះ​។ ​បណ្តា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​អាច​នឹង​​ប្រើ​ប្រាស់​កថាខណ្ឌ​​ដែល​ប្រើ​ពាក្យ​ពេចន៍​មិន​ច្បាស់ ​លាស់​ដើម្បី​បិទ​​អង្គ​ការ​ណាមួយ​ដែល​ខ្លួន​មិន​ចូល​ចិត្ត​ជាមួយ​នឹង​​ការ​ ពន្យល់​បក​ស្រាយ​តិច​តួច។

ពួកគេ ​និយាយ​ថា ច្បាប់​នេះ​បើ​ដូច​សេច​ក្តី​ព្រាង​របស់​វា​កាលពី​៤ឆ្នាំ​មុន​នោះ​ គឺ​បំពាន​សិទ្ធិ​សេរី​ភាព​នៃ​ការ​ជួបជុំ​ដែល​មាន​ចែង​នៅ​ក្នុង​ រដ្ឋធម្មនុញ្ញ។ ក្រៅ​​ពី​កិច្ច​​ពិភាក្សា​​បន្ថែម​ទៀត​ បណ្ដា​អង្គការ​មិន​មែន​រដ្ឋាភិបាល​កំពុង​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​ប្រកាស​​ សំណៅ​ថ្មី​បំផុត​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ជា​សាធារណៈ។

​ដោយ ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ជិត​កើត​មាន​ឡើង​នោះ កាល​ពី​ពេល​ថ្មីៗ​នេះ​​ទាំង​អង្គការ​សហប្រជាជាតិ និង​សហរដ្ឋអាមេរិក​ បាន​ចូល​រួម​ជាមួយ​បណ្តា​​អ្នក​រិះគន់​​​​​ក្នុង​សកម្មភាព​អំពាវ​នាវ​ឲ្យ​ បញ្ចេញ​សេចក្ដី​ព្រាង​ច្បាប់​បច្ចុប្បន្ន​ និង​​ឲ្យ​មានការពិគ្រោះ​​យោបល់​ជា​​សាធារណៈ​​បន្ថែម​ទៀត​ ​មុនពេល​​បោះ​ឆ្នោត​អនុម័ត ជា​ហេតុបណ្តាល​ឲ្យ​​ក្រសួង​ការ​បរទេស​​រិះ​គន់​ភ្លាមៗ។

ទោះ ​បី​​ជា​លោក​ប្ដេជ្ញា​ជួប​ពិភាក្សា​ជាមួយ​​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ក្តី ក៏​លោក ឈាង វុន បាន​គាំទ្រ​ក្រសួងការ​បរទេស​ដែល​​រិះគន់​លោក វីលៀម​ ថូដ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ចំពោះ​អត្ថបទ​​បញ្ចេញទស្សនៈ​មួយ​កាល​ពី​ពេល​ ថ្មីៗ​​​​នេះ​ដែល​ក្នុង​នោះ​លោក​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​​អំពី​ សេចក្ដី​ព្រាង​ច្បាប់​​​នេះ។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា “​ឯកអគ្គរដ្ឋទូត ​ វីលៀម ថូដ គួរ​តែ​អនុវត្ត និង​គោរពតាម​​អនុសញ្ញា​ទីក្រុង​វីយែន​ ស្ដីពី​ទំនាក់​ទំនង​ការទូត​។ បើ​គាត់​មិន​យល់​ដឹង​អំពី​​អនុសញ្ញា​ទីក្រុង​វីយែន គាត់​មិន​គួរ​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​ទេ”។

ក្រសួង ​មហាផ្ទៃ​ដែល​បាន​ដឹកនាំ​ដំណើរ​ការ​ធ្វើ​សេចក្ដី​ព្រាង​នេះ ​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយដែរ​កាលពី​ម្សិលមិញ ដោយ​គូស​បញ្ជាក់​ជា​ថ្មី​អំពី​ភាព​ចាំបាច់​ដែល​ត្រូវ​មាន​ច្បាប់​ស្ដីពី​ អង្គការ​មិន​មែន​រដ្ឋាភិបាល​។ ក្រសួងនេះ​​បាន​លើក​ឡើង​ថា ​ច្បាប់​​នេះ​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​​រវាង​អង្គការ​មិន​មែន​ រដ្ឋាភិបាល និង​រដ្ឋាភិបាល​ ហើយវា​ត្រូវ​បាន​​​ពន្យល់​បក​ស្រាយ​ដោយ​មេធាវីរបស់​រដ្ឋាភិបាល​។​​

សេចក្ដី​ថ្លែងការណ៍​​នេះ​​មាន​ខ្លឹម​សារ​ដូច្នេះ​ថា “​ការ ​សិក្សា​​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ការ​បង្កើត​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ គឺជាសិទ្ធិ​របស់​ពលរដ្ឋ​ ប៉ុន្តែ​ពួកគេ​​ក៏​មាន​កាតព្វកិច្ច​​ដែរដើម្បី​ប្រើ​ប្រាស់​សិទ្ធិ​នោះ​”៕ សុខុម​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស