38 C
Phnom Penh

នគរ​បាល​សង្ស័យ​ថា ​ករណី​សម្លាប់​បុរស​ម្នាក់​​​ច្រក​បាវ​ជា​ករណី​ប្លន់​រថយន្ត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​​កាលពី​ម្សិលមិញ​ថា បុរស​ម្នាក់​ដែល​ត្រូវ​គេ​រឹតក​​​រហូត​ដល់​ស្លាប់ និង​ច្រក​ចូល​ក្នុង​បាវ​យក​ទៅ​បោះ​ចោល​នៅ​ក្នុង​គំនរ​សំរាម​​ក្បែរ​ចិញ្ចើម​ផ្លូវ​​​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ អាច​​ត្រូវ​ជន​ល្មើស​សម្លាប់​ប្លន់​យក​រថយន្ត​តូយ៉ូតា​កាមរី​របស់​ខ្លួន​។

សាកសព​បុរស​រងគ្រោះ​ឈ្មោះ ស្រ៊ុន សុភ័ក្ត្រ អាយុ​៣៥​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ក្នុង​គំនរ​សំរាម​កាលពី​ព្រឹក​ថ្ងៃសៅរ៍ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ។ ការ​ធ្វើ​កោសល្យវិច័យ​​លើ​សាកសព​​បាន​សន្និដ្ឋាន​​ថា ​ជន​រងគ្រោះ​ត្រូវ​​ជន​ល្មើស​រឹតក​រហូត​ដល់​ស្លាប់​។

លោក ម៉ក់ ហុង ​​អធិការ​នគរ​បាល​​ខណ្ឌ​សែន​សុខ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញថា រថយន្ត​តូយ៉ូតាកាមរី​របស់​លោក ស្រ៊ុន សុភ័ក្ត្រ បាន​បាត់​ ហើយ​​សន្និដ្ឋាន​ថា​​ត្រូវ​ចោរ​ប្លន់​​។ លោក​បាន​​មាន​ប្រសាសន៍​ទៀត​ថា “​យើង​សន្និដ្ឋាន​ថា វា​ជាករណី​ប្លន់ ពីព្រោះ​ទ្រព្យ​សម្បត្តិ​របស់​ជន​រងគ្រោះ​ត្រូវ​ចោរ​​ប្លន់​​​យក​ទៅ​បាត់​។ នគរ​បាល​របស់​យើង​កំពុង​​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ជន​ល្មើស​”។

នគ​របាល​​បាន​និយាយ​ថា ​សាកសព​លោក​ ស្រ៊ុន សុភ័ក្ត្រ ដែល​​គ្រួសារ​របស់​គាត់​និយាយ​ថា បម្រើ​ការ​ងារ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ជា​អ្នក​រត់​ការ​ឯកសារ ត្រូវ​បាន​ប្រទះឃើញ​​​ដោយ​មាន​ប្រឡាក់​ស្នាម​ទឹក​ថ្នាំ​នៅ​លើ​មេដៃ​ខាង​ស្ដាំ​ និង​មាន​ស្លៀក​តែ​ខោ​ខ្លី​។

​កាលពី​ម្សិលមិញ លោក សុខ សុផល នាយ​ប៉ុស្តិ៍​សង្កាត់​ទឹក​ថ្លា​បាន​បដិសេធ​មិន​​និយាយ​អំពី​ជីវប្រវត្តិ​របស់​លោក ស្រ៊ុន សុភ័ក្ត្រ ឬ​សេចក្ដី​លម្អិត​ផ្សេង​ៗ​ទៀត​ករណី​នេះ​ទេ​។ លោក​បាន​លើក​ឡើង​ថា “​យើង​មិន​ដឹង​ថា មាន​មូល​ហេតុ​អ្វី​នៅ​ពីក្រោយ​ករណី​នេះ​ទេ ហើយ​យើង​កំពុង​តែ​ចាត់​ការ​​រឿង​នេះ​”។

លោក អេង សោភា នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​​​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍ថា មន្ត្រី​នគរ​បាល​ក្រោម​ឱវាទ​របស់​លោក​​បាន​សហការ​​ជាមួយ​កង​រាជអាវុធ​ហត្ថ​រាជធានី​​​លើ​ករណី​នេះ​ ហើយ​ថា មាន​ “តម្រុយ​ខ្លះៗ” ដែល​អាច​ឈាន​ទៅ​ដល់​ការ​វែក​មុខ​ជន​សង្ស័យ។

អ្នកស្រី ជួន ដានី អាយុ​៣១​ឆ្នាំ ដែល​ត្រូវ​ជា​ប្អូន​ជីដូន​មួយ​របស់​លោក ស្រ៊ុន សុភ័ក្ត្រ ​បាន​និយាយ​ថា លោក ស្រ៊ុន សុភ័ក្ត្រ បាន​ចាក​ចេញពី​ផ្ទះ​របស់​ពួកគាត់​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់អង្រែលើ​កាលពី​យប់​ថ្ងៃ​សុក្រ ដើម្បី​ទៅ​ចូលរួម​ពិធី​មង្គល​ការ​មួយ​។ អ្នក​ស្រី​និយាយ​ទៀត​ថា “គាត់​បាន​ចេញ​ពី​ផ្ទះ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ ដើម្បី​ទៅ​ស៊ីការ​គេ​ ហើយ​គាត់​មិន​បាន​ត្រឡប់​មក​វិញ​ទេ។ យើង​មិន​បាន​សង្ស័យ​ថា មាន​​អ្វី​កើត​ឡើង​ចំពោះ​គាត់​ឡើយ​​ ពីព្រោះ​​ពេល​ខ្លះ​គាត់​​ដាច់​យប់​មិន​ចូល​ផ្ទះ​ទេ​”។

អ្នកស្រី ជួន ដានី ដែល​បញ្ជាក់​ថាលោក ស្រ៊ុន សុភ័ក្ត្រ ជា​អ្នក​រត់ការ​​ឯកសារ​ឲ្យ​រោងចក្រ​មួយ​ចំនួន​បាន​លើក​ឡើង​បន្ត​ថា បង​ជីដូន​មួយ​របស់​គាត់​គ្មាន​​ស្នាម​ទឹក​ថ្នាំ​ប្រឡាក់​នៅ​លើ​មេដៃ​របស់​គាត់​ទេ​ នៅ​ពេល​គាត់​ចាក​ចេញពី​ផ្ទះ។ អ្នកស្រី​និយាយ​ទៀត​ថា “​ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​ទេ​ ពីព្រោះយើង​មិន​ដឹង​ថា​គាត់​មាន​បញ្ហា​អ្វី​ឡើយ”៕ សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស