28.4 C
Phnom Penh

នគរបាល​ស្វែង​រក​ជន​សង្ស័យ​បន្ទាប់ពី​បាញ់​សម្លាប់​ស្ត្រីម្នាក់ពេល​​កំពុង​ជិះម៉ូតូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម ​មន្ត្រី​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា ខ្លួន​មិន​ទាន់​រក​ឃើញ​ជន​សង្ស័យ​នៅ​ក្នុង​ករណី​បាញ់​សម្លាប់​ស្ត្រី​ម្នាក់ ​កាលពី​យប់​ថ្ងៃ​អាទិត្យ ខណៈ​ពេល​កំពុង​​ជិះ​ម៉ូតូ​ពីក្រោយ​នៅ​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាលនៅឡើយទេ ប៉ុន្តែ​នគរ​បាល​ជឿថា វា​ជា​ករណីបាញ់​​សម្លាប់​ដោយ​ការ​សង​សឹក​។

យោង ​តាម​លោក ហ៊ុយ សុខា នាយ​​​ប៉ុស្តិ៍​​ឃុំ​បាន​ឲ្យ​ដឹង​ថា អ្នកស្រី ទ្រី សុធាវី អាយុ​៣២​ឆ្នាំ ​ជា​កម្មការិនី​កាត់​ដេរ​​រស់​នៅ​ក្នុង​​ឃុំស្វាយ​រលំ ស្រុក​ស្អាង បាន​ជិះ​ម៉ូតូ​ពីក្រោយ​ សេង ស្រីលាភ អាយុ​២១​​ឆ្នាំ ជា​បង​ប្អូន​ជីដូន​មួយ​របស់​ខ្លួន​កាត់​តាម​សង្កាត់​តាខ្មៅ។

លោក សុខា បាន​មាន​ប្រសាសន៍​ថា ស្រី លាភ ​បាន​ប្រាប់​នគរ​បាល​ថា បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​​បាន​មក​ជិត​ពួកគេ​ទាំង​ពីរ។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ ​ពេល​ដល់​កន្លែង​ស្ងាត់​នៅ​ផ្លូវ​លេខ​២១​ពួកគេ​បាន​ហៅ​​នាង​ឈប់​ម៉ូតូ ប៉ុន្តែ​នាងមិនព្រម​ឈប់​។ បន្ទាប់​មក​ពួកគេ​បាន​បាញ់​ជន​រងគ្រោះ​ចំ​ខ្នង ហើយ​ស្ត្រី​រូប​នេះ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​”។

លោក សុខា បានមាន​ប្រសាសន៍​ថា ខ្មាន់​កាំភ្លើង​បាន​ដក​កាំភ្លើងខ្លី​កា-៥៩ ​​បាញ់​បី​គ្រាប់​​ប៉ុន្តែ​ត្រូវ​ ទ្រី សុធាវី តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ចំណែក​ប្អូនស្រី​ជីដូន​មួយ​របស់​នាង​​រង​របួស​ស្រាល​បន្ទាប់​ពី​ធ្លាក់​​ពី​ ម៉ូតូ។

លោក ​បាន​បន្ថែម​ថា នគរ​បាល​ជឿ​ថា ការ​បាញ់​នេះ​ជា​ការ​សង​សឹក​​ មិន​មែន​ជា​អំពើ​ប្លន់​ទេ ពីព្រោះ​មិនបាន​យក​អ្វី​​ពី​ស្ត្រី​ទាំង​ពី​នាក់​នេះ​ឡើយ។

ស្រីលាភ ក៏​បាន​ប្រាប់​នគរ​បាល​ផង​ដែរ​ថា ទ្រី សុធាវី និង​ប្ដី​របស់​គាត់​ទើប​តែ​បាន​លែង​លះ​គ្នា​ថ្មីៗ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​លោក សុខា មិន​និយាយ​ថា តើ​បុរស​រូប​នេះ​ជា​ជន​សង្ស័យ​ឬ​យ៉ាង​ណា​នោះ​ឡើយ ប្រសិន​បើ​នគរ​បាល​មាន​គម្រោង​សាក​សួរ​​គាត់នោះ​​។

លោក​បានមាន​ប្រសាសន៍​ថា “​ឥឡូវ ​នេះ យើង​មិន​អាច​ចោទ​​ប្រកាន់​នរណា​ម្នាក់​បាន​ឡើយ។ វា​គ្រាន់​តែ​ជា​ព័ត៌មាន​ពី​បង​ប្អូន​ជីដូន​មួយ​តែ​ប៉ុណ្ណោះ ដូច្នេះ​យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ស៊ើបអង្កេត​ និង​ស្វែង​រក​ជន​សង្ស័យ​”។

លោក អុីវ ចំរើន ស្នង​ការ​នគរ​បាល​ខេត្ត​កណ្ដាល​បានមាន​ប្រសាសន៍​ថា ផ្អែក​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ ស្រីលាភ លោក​គិត​ថា ការ​បាញ់​សម្លាប់​ ទ្រី សុធាវី អាច​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ជម្លោះ​នៅ​កន្លែង​​នាង​ធ្វើ​ការ​។

យោង​តាម​លោក ចំរើន បាន​ឲ្យ​ដឹង​ថា ទ្រី សុធាវី ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ Cambo Hong Xing International Knitting ជា​ប្រធាន​ក្រុម​កាត់​ដេរ​​ ថ្មីៗ​នេះ​មាន​ជម្លោះ​ជាមួយ​មិត្ត​រួមការ​ងារ​​របស់​ខ្លួន។

លោក​​បាន​មាន​ប្រសាសន៍​ថា “​អំពើ​មនុស្ស​ឃាត​នេះ​កើត​ចេញពី​ការ​សង​សឹកផ្ទាល់ខ្លួន​​” ដោយ​លោក​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ជម្លោះ​នេះ​ទេ។

លោក​បានមាន​​ប្រសាសន៍​ថា “​យើង​កំពុង​ធ្វើ​​ការ​ស៊ើបអង្កេត​នៅ​ឡើយ ហើយ​ស្វែង​រក​ចាប់​ខ្លួន​​ជន​សង្ស័យ”៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស