31 C
Phnom Penh

បើ​ទោះ​ជា​មានដីកា​ចាប់ខ្លួន​ តែ​មន្ត្រី​ក្រុង​បាវិតម្នាក់​​មក​ធ្វើការ​ដដែល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ខេត្ត​ស្វាយរៀងបាន​ចេញ​ដីកា​ចាប់ខ្លួន​លោក ស ចន្ថា នាយ​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រុង​បាវិត​​​ទាក់ទង​ទៅនឹង​ការ​បាញ់​កម្មការិនី​បីនាក់​កាលពី​ឆ្នាំ​២០១២ បើទោះ​ជា​អាជ្ញា​ធរ​​មិន​ទាន់បាន​ចាប់ខ្លួន​មន្ត្រី​រូបនេះក៏ដោយ ដែលបាន​បន្ត​មក​ធ្វើការ​​ដដែល នេះបើតាម​ការ​លើក​ឡើង​របស់​​ចៅហ្វាយនាយ​លោក។

លោក ស ចន្ថា ត្រូវ​បាន​កាត់​ឲ្យ​ជាប់ទោស​ពី​បទ​មាន​អាវុធ​ខុស​ច្បាប់​ទាក់ទង​នឹង​ការ​បាញ់​​បោះ​អំឡុង​ការ​តវ៉ា​របស់កម្មករ​រោង​ចក្រ​កាត់ដេរ​​ដែលបាន​បណ្តាល​ឲ្យ​កម្មការិនី​បីនាក់​រង​របួស​ ប៉ុន្តែ​មន្ត្រី​រូបនេះ​អះ​អាង​ថា លោក​មិន​មាន​វត្ត​មាន​នៅពេល​​ហេតុការ​ណ៍​កើតឡើង​នោះ​ទេ។

លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​​​ត្រូវ​បាន​កាត់​ឲ្យ​ជាប់ទោស​កំបាំងមុខ​​ពីបទ​បាញ់បោះ​ដែលបាន​បណ្តាលឲ្យ​​​កម្មការ​ិនី​បីនាក់​រង​របួស​ ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​១៨ខែ ប៉ុន្តែកំពុង​រត់​គេច​ខ្លួន​នៅឡើយ។

កាលពី​ម្សិលមិញ​ លោក ហឹុង​ ប៊ុនជា ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​​​បាន​មាន​ប្រសា​សន៍ថា ឥឡូវ​នេះលោក ស ចន្ថា ​ត្រូវ​គេ​ចង់​ចាប់ខ្លួន​ជាផ្លូវ​ការ​។

លោក​បាន​មាន​ប្រសាសន៍ថា “​តុលាការ​បាន​ចេញ​ដីកា​ចាប់ខ្លួន​​លោក ស ចន្ថា ប្រហែល​ជា​ក្នុង​ខែ​ឧសភា ថ្ងៃទី​១០។ មិន​មានការ​ចាប់ខ្លួន​នៅឡើយ​ទេ”។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​លោក ឈូក បណ្ឌិត ព្រះ​រាជ​អាជ្ញារូបនេះ​បានមាន​ប្រសាសន៍​ថា លោកមិនដឹង​ពី​កន្លែង​លាក់ខ្លួន​របស់​អតីត​អភិបាល​ក្រុងរូបនេះ​ទេ។

ចំណែក​លោក កែវ គង់ អធិការ​នគរបាល​ក្រុង​បាវិត ជា​ចៅហ្វាយ​នាយ​របស់លោក
​ស ចន្ថា បាន​មាន​ប្រសាសន៍ថា លោកបាន​ដឹង​ពី​ដីកា​ចាប់ខ្លួននេះ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ដែល​គេ​ចង់​ចាប់ខ្លួននេះ​មក​ធ្វើការ​រាល់ថ្ងៃ រួមទាំង​ថ្ងៃម្សិលមិញ​ផង។

ដោយ​បដិសេធមិន​ធ្វើអត្ថាធិប្បាយ​បន្ថែម លោក​ គង់​ បានមាន​ប្រសាសន៍​ថា “​គាត់​មិន​ទាន់​ត្រូវបាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។ គាត់​មក​ធ្វើ​ការ​ជា​ធម្មតា​”។

គេ​មិន​អាច​ទាក់​ទង​លោក ស ចន្ថា បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​បាន​លើក​ឡើង​​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​នៅ​មាន​សេរីភាព​ដដែល។

លោក អំ សំអាត អ្នកគ្រប់​គ្រង​ផ្នែក​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បានមាន​ប្រសាសន៍​ថា លោក ចន្ថា មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ​់​នោះ​ទេ ហើយ​ថា លោក​ត្រូវ​បាន​ប្រើ​​ជា​ការ​បិទបាំង​លោក ឈូក បណ្ឌិត ដែល​​ជា​ពិរុទ្ធជន​ពិត​​ប្រាកដ​។

លោក​បានមាន​ប្រសាសន៍​ថា “​នេះគឺ​ជា​ល្បែង​មួយ​។ ពួកគេ​គ្រាន់​តែ​ផ្ទេរ​ការ​ស្តីបន្ទោស​ទៅ​លើ​លោក ស ចន្ថា តែ​ប៉ុណ្ណោះ។ លោក ស ចន្ថា គឺ​ជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ ពីព្រោះ​សាក្សី​បាន​លើក​ឡើង​ថា លោក​មិន​មាន​វត្តមាន​នៅ​ពេល​លោក ឈូក បណ្ឌិត ​បាញ់​កម្មករ​ឡើយ”។

នៅ​សវនាការ​លើក​ដំបូង សាលា​ដំបូង​ខេត្ត​បាន​លើក​លែង​ករណី​បាញ់​បោះ​ដោយ​អចេត​នា​លើ​អតីត​អភិបាល​ក្រុង​រូប​នេះ ហើយ​​បាន​ចោទ​ប្រកាន់​លោក ស ចន្ថា ពីបទ​បាញ់​បោះ​ជំនួស​វិញ។

នៅ​ពេល​មាន​ការ​រិះគន់​ជា​សាធារណៈ​ ក្រសួង​យុត្តិធម៌​បាន​បង្គាប់​​ឲ្យ​សាលា​ឧទ្ធរណ៍​ស៊ើប​អង្កេត​ករណី​នេះ​ឡើង​វិញ​។

នៅ​ក្នុង​​សវនាការ​ជំនុំជម្រះ​ឡើង​វិញ​ជា​បន្ត​បន្ទាប់​នៅ​សាលា​ដំបូង​ខេត្ត​​ លោក ឈូក បណ្ឌិត ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​បាញ់​បោះ​ដោយ​អចេតនា​ ហើយ​លោក ស ចន្ថា ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​មាន​អាវុធ​ខុស​ច្បាប់​។ តុលាការ​កំពូល​បាន​តម្កល់​ការ​កាត់​ឲ្យ​ជាប់ទោស​នេះ​កាលពី​ខែធ្នូ។

លោក ឈូក បណ្ឌិត ដែល​សាក្សី​ជាច្រើន​បាន​ឃើញ​ថា ជា​អ្នក​បាញ់​បោះ​តែ​ម្នាក់​គត់​​ ប៉ុន្តែ​នៅ​មាន​សេរីភាព​នៅឡើយ​បន្ទាប់ពី​ហេតុការណ៍​កើត​ឡើងនោះ បាន​​ក្លាយ​ជា​និមិត្តរូប​នៃ​និទណ្ឌភាព​​ចំពោះ​​អ្នក​ដែល​មាន​ខ្នង​ក្រាស់​នៅ​ក្រោម​ប្រព័ន្ធ​តុលាការ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ពុក​រលួយ និង​មាន​លក្ខណៈ​នយោបាយ​៕ សារុន (រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា)​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស