សាលាដំបូងខេត្តស្វាយរៀងបានចេញដីកាចាប់ខ្លួនលោក ស ចន្ថា នាយនគរបាលព្រហ្មទណ្ឌក្រុងបាវិតទាក់ទងទៅនឹងការបាញ់កម្មការិនីបីនាក់កាលពីឆ្នាំ២០១២ បើទោះជាអាជ្ញាធរមិនទាន់បានចាប់ខ្លួនមន្ត្រីរូបនេះក៏ដោយ ដែលបានបន្តមកធ្វើការដដែល នេះបើតាមការលើកឡើងរបស់ចៅហ្វាយនាយលោក។
លោក ស ចន្ថា ត្រូវបានកាត់ឲ្យជាប់ទោសពីបទមានអាវុធខុសច្បាប់ទាក់ទងនឹងការបាញ់បោះអំឡុងការតវ៉ារបស់កម្មកររោងចក្រកាត់ដេរដែលបានបណ្តាលឲ្យកម្មការិនីបីនាក់រងរបួស ប៉ុន្តែមន្ត្រីរូបនេះអះអាងថា លោកមិនមានវត្តមាននៅពេលហេតុការណ៍កើតឡើងនោះទេ។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតត្រូវបានកាត់ឲ្យជាប់ទោសកំបាំងមុខពីបទបាញ់បោះដែលបានបណ្តាលឲ្យកម្មការិនីបីនាក់រងរបួស ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៨ខែ ប៉ុន្តែកំពុងរត់គេចខ្លួននៅឡើយ។
កាលពីម្សិលមិញ លោក ហឹុង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា ឥឡូវនេះលោក ស ចន្ថា ត្រូវគេចង់ចាប់ខ្លួនជាផ្លូវការ។
លោកបានមានប្រសាសន៍ថា “តុលាការបានចេញដីកាចាប់ខ្លួនលោក ស ចន្ថា ប្រហែលជាក្នុងខែឧសភា ថ្ងៃទី១០។ មិនមានការចាប់ខ្លួននៅឡើយទេ”។
នៅពេលត្រូវបានសួរអំពីលោក ឈូក បណ្ឌិត ព្រះរាជអាជ្ញារូបនេះបានមានប្រសាសន៍ថា លោកមិនដឹងពីកន្លែងលាក់ខ្លួនរបស់អតីតអភិបាលក្រុងរូបនេះទេ។
ចំណែកលោក កែវ គង់ អធិការនគរបាលក្រុងបាវិត ជាចៅហ្វាយនាយរបស់លោក ស ចន្ថា បានមានប្រសាសន៍ថា លោកបានដឹងពីដីកាចាប់ខ្លួននេះ ប៉ុន្តែបានមានប្រសាសន៍ថា មន្ត្រីដែលគេចង់ចាប់ខ្លួននេះមកធ្វើការរាល់ថ្ងៃ រួមទាំងថ្ងៃម្សិលមិញផង។
ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម លោក គង់ បានមានប្រសាសន៍ថា “គាត់មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។ គាត់មកធ្វើការជាធម្មតា”។
គេមិនអាចទាក់ទងលោក ស ចន្ថា បានទេកាលពីម្សិលមិញ ប៉ុន្តែបានលើកឡើងតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា លោកនៅមានសេរីភាពដដែល។
លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា លោក ចន្ថា មិនជាប់ពាក់ព័ន្ធនឹងការបាញ់នោះទេ ហើយថា លោកត្រូវបានប្រើជាការបិទបាំងលោក ឈូក បណ្ឌិត ដែលជាពិរុទ្ធជនពិតប្រាកដ។
លោកបានមានប្រសាសន៍ថា “នេះគឺជាល្បែងមួយ។ ពួកគេគ្រាន់តែផ្ទេរការស្តីបន្ទោសទៅលើលោក ស ចន្ថា តែប៉ុណ្ណោះ។ លោក ស ចន្ថា គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងនោះ ពីព្រោះសាក្សីបានលើកឡើងថា លោកមិនមានវត្តមាននៅពេលលោក ឈូក បណ្ឌិត បាញ់កម្មករឡើយ”។
នៅសវនាការលើកដំបូង សាលាដំបូងខេត្តបានលើកលែងករណីបាញ់បោះដោយអចេតនាលើអតីតអភិបាលក្រុងរូបនេះ ហើយបានចោទប្រកាន់លោក ស ចន្ថា ពីបទបាញ់បោះជំនួសវិញ។
នៅពេលមានការរិះគន់ជាសាធារណៈ ក្រសួងយុត្តិធម៌បានបង្គាប់ឲ្យសាលាឧទ្ធរណ៍ស៊ើបអង្កេតករណីនេះឡើងវិញ។
នៅក្នុងសវនាការជំនុំជម្រះឡើងវិញជាបន្តបន្ទាប់នៅសាលាដំបូងខេត្ត លោក ឈូក បណ្ឌិត ត្រូវបានកាត់ឲ្យជាប់ទោសពីបទបាញ់បោះដោយអចេតនា ហើយលោក ស ចន្ថា ត្រូវបានកាត់ឲ្យជាប់ទោសពីបទមានអាវុធខុសច្បាប់។ តុលាការកំពូលបានតម្កល់ការកាត់ឲ្យជាប់ទោសនេះកាលពីខែធ្នូ។
លោក ឈូក បណ្ឌិត ដែលសាក្សីជាច្រើនបានឃើញថា ជាអ្នកបាញ់បោះតែម្នាក់គត់ ប៉ុន្តែនៅមានសេរីភាពនៅឡើយបន្ទាប់ពីហេតុការណ៍កើតឡើងនោះ បានក្លាយជានិមិត្តរូបនៃនិទណ្ឌភាពចំពោះអ្នកដែលមានខ្នងក្រាស់នៅក្រោមប្រព័ន្ធតុលាការ ដែលត្រូវបានចាត់ទុកថា ពុករលួយ និងមានលក្ខណៈនយោបាយ៕ សារុន (រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)