
ជនជាតិចិនបីនាក់ដែលជាប់ចោទពីបទល្មើសប៉ុនប៉ងជួញដូរក្មេងជំទង់ខ្មែរបួននាក់ទៅប្រទេសចិន បានប្រាប់តុលាការក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទថា ពួកគេព្យាយាមជួយរកប្រពន្ធឲ្យមិត្តភក្តិរបស់ខ្លួន ហើយថាក្មេងជំទង់ទាំងនោះបានយល់ព្រមដោយស្ម័គ្រចិត្តធ្វើដំណើរទៅប្រទេសចិន។
កាលពីខែធ្នូ ប៉ូលិសប្រឆាំងការជួញដូរក្រុងភ្នំពេញបានចាប់ខ្លួន សៀក តាវ សេង (Xie Tao Sheng) អាយុ៥០ឆ្នាំ ហ៊ូ តេ ហួ (Hu De Hua) អាយុ៣៥ឆ្នាំ និង ឈូ យ៉ានពីង (Zhou Yanping) អាយុ៤១ឆ្នាំ រួមជាមួយនឹងជនជាតិខ្មែរ លីវ ហ៊ន អាយុ៥៣ឆ្នាំ និង វង់ យីតា អាយុ៤៨ឆ្នាំ។
ប៉ូលិសបាននិយាយនៅពេលចាប់ខ្លួនថា អ្នកទាំងប្រាំនាក់មានផែនការជួញដូរក្មេងជំទង់ទៅប្រទេសថៃតាមច្រកព្រំដែនប៉ោយប៉ែត ជាទីដែលក្មេងទាំងនោះនឹងត្រូវប្រគល់ទៅឲ្យឈ្មួញកណ្តាលមុនពេលធ្វើដំណើរទៅប្រទេសចិន។
ជនជាតិចិនទាំងបីនាក់ បុរសពីរនាក់និងស្ត្រីម្នាក់ ត្រូវបានចោទពីបទល្មើសប៉ុនប៉ងជួញដូរមនុស្ស។ អ្នកស្រី ហ៊ន និងប្តី យីតា ដែលមិនបានបង្ហាញមុខនៅតុលាការកាលពីថ្ងៃច័ន្ទ ត្រូវបានចោទពីបទល្មើសក្លែងសុំឯកសារ និងត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
លោក សេង និយាយតាមរយៈអ្នកបកប្រែ បានសារភាពប្រាប់តុលាការកាលពីថ្ងៃច័ន្ទថា គាត់មានផែនការបញ្ជូនក្មេងជំទង់ទាំងនោះទៅប្រទេសចិនមែន ប៉ុន្តែដើម្បីរៀបការជាមួយមិត្តរបស់លោកប៉ុណ្ណោះ។
លោកបាននិយាយថា “មិត្តម្នាក់នៅប្រទេសចិនបានស្នើសុំឲ្យជួយរៀបចំឯកសារដើម្បីយកក្មេងស្រីទៅរៀបការនៅប្រទេសចិន”។
លោក មឿង សុគន្ធ មេធាវីរបស់លោក ហួ បាននិយាយថា ដោយសារក្មេងស្រីទាំងនោះបានយល់ព្រមដោយស្ម័គ្រចិត្តទៅប្រទេសចិនជួបអនាគតប្តី កូនក្តីរបស់លោកមិនគួរជាប់ចោទពីបទល្មើសជួញដូរមនុស្សទេ។
លោក សុគន្ធ បាននិយាយថា “ជាសិទ្ធិនិងសេរីភាពរបស់ក្មេងស្រីប្រសិនបើពួកគេទៅ។ ហើយបើពួកគេប្តូរចិត្តវិញនោះ ពួកគេអាចមកវិញបាន។ មិនមានច្បាប់ដែលចែងថា អាពាហ៍ពិពាហ៍មួយត្រូវធ្វើនៅក្នុងប្រទេសនេះទេ”។
បុរសទាំងនោះជាប់ចោទតាមមាត្រា១៦នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស ដែលចែងថា ការលក់ ការទិញ ឬការប្តូរមនុស្សសម្រាប់ការផ្ទេរឆ្លងព្រំដែន នឹងត្រូវមានទោសជាប់ពន្ធនាគារពីប្រាំពីរឆ្នាំទៅ១៦ឆ្នាំ។
លោកស្រី សឿ វ៉ាន់នី ព្រះរាជអាជ្ញារង បាននិយាយថា តុលាការមានភ័ស្តុតាងគ្រប់គ្រាន់បង្ហាញថា បុរសទាំងនោះមានផែនការលក់ក្មេងស្រីឲ្យធ្វើជាទាសករផ្លូវភេទ នៅពេលពួកគេទៅដល់ប្រទេសចិន។
លោកស្រី វ៉ាន់នី បាននិយាយថា “ជនជាប់ចោទមានចេតនាទុច្ចរិតក្នុងការនាំស្រីខ្មែរទៅប្រទេសចិនក្នុងបំណងកេងប្រវ័ញ្ចផ្លូវភេទ។ ចុងចោទបានប្រើល្បិចបញ្ចុះបញ្ចូលជនរងគ្រោះតាមរយៈការសន្យារៀបការ ប៉ុន្តែតាមការពិត ការរៀបការនោះគ្រាន់តែដើម្បីយកពួកគេចេញ[ពីប្រទេស]ប៉ុណ្ណោះ”។
លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ បាននិយាយថា សាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី២២ខែមិថុនា៕ និត