30.1 C
Phnom Penh

អូស្ត្រាលី​លៃទុក​ប្រាក់​១២,១លានដុល្លារ​​ដើម្បី​តាំង​ទីលំនៅ​ជន​ភៀសខ្លួន​ក្នុង​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ប្រទេស​អូស្ត្រាលី​បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចំណាយ​ប្រាក់​១៥​លាន​ដុល្លារ​អូស្ត្រាលី​ (១២,១លាន​ដុល្លារ​អាមេរិក​) ទៅ​លើ​ការ​តាំង​ទីលំនៅ​ថ្មី​ដល់​ជន​ភៀស​ខ្លួន​ក្នុង​​ប្រទេស​កម្ពុជា​ ក្រោមកិច្ច​ព្រមព្រៀង​ដ៏ចម្រូងចម្រាស​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​កាលពី​ឆ្នាំ​មុន​បន្ថែម​ពី​លើ​ទឹក​ប្រាក់​៤០​លានដុល្លារ​​អូស្ត្រាលី (៣១,២​លាន​ដុល្លារ​អាមេរិក​) ​ជា​ប្រាក់​ជំនួយ​បន្ថែម​ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ចំពោះ​ការ​ព្រមព្រៀង​ទៅ​នឹង​ផែន​ការ​នេះ​។

ក្រោម​កិច្ច​ព្រមព្រៀង​ ប្រទេស​កម្ពុជា​បាន​យល់​ព្រម​ទទួល​យក​​​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់​ក្នុង​ចំនួន​មិន​​ជាក់​លាក់​ ដែល​ប្រទេស​អូស្ត្រាលី​កំពុង​ឃុំខ្លួន​នៅ​​​​ប្រទេស​ណូរូដែនកោះ​បា៉ស៊ី​ហ្វិក​ខាង​ត្បូង​។

កាលពី​ម្សិលមិញ ​ស្ត្រី​​អ្នក​នាំពាក្យ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​អូស្ត្រាលី​បាន​មាន​ប្រសា​សន៍​ថា ទឹក​ប្រាក់​១២,១​លាន​ដុល្លារ​​នេះ​ “​សម្រាប់​សេវា​គាំទ្រ​ការ​តាំង​ទីលំនៅ​​ដល់​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​សេវា​សុខភាព ការ​អប់រំ និង​ការ​បណ្ដុះ​បណ្ដាល​។វាជាការ​​បន្ថែម​ទៅ​នឹង​ទឹក​ប្រាក់​៣១,១​លាន​ដុល្លារ​ដែល​បាន​ប្រកាសពី​មុន​”។

យោង​តាម​កាសែត​ Associated Press របស់​អូស្ត្រាលី​បាន​​ឲ្យ​ដឹង​ថា មូលនិធិ​ថ្មី​​នេះ​ត្រូវ​បាន​ពិភាក្សា​នៅ​​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ក្នុង​ទីក្រុង​កង់បេរ៉ា​កាលពី​ម្សិលមិញ។

កិច្ចព្រមព្រៀង​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ទាំង​ពីរ​កាលពី​ឆ្នាំ​មុន​ចែង​ថា ប្រទេស​អូស្ត្រាលី​នឹង​រ៉ាប់​រង​ការ​តាំង​ទីលំនៅ​ថ្មី និង​ការ​ចំណាយ​លើ​ជីវភាពរស់នៅ​សម្រាប់​ជន​ភៀស​ខ្លួន​ដែល​ស្ម័គ្រ​ចិត្ត​មក​ប្រទេស​កម្ពុជា​យ៉ាង​ហោច​ណាស់​ក៏​១ឆ្នាំ​ដែរ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ឡើយ​។

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​​អនុម័តយល់ព្រម​លើ​​​ការ​ដាក់​ពាក្យ​សុំ​របស់​ជន​ភៀស​ខ្លួន​បួន​នាក់​ដំបូង​ ដែល​ស្ម័គ្រ​ចិត្ត​មក​តាំង​ទី​លំនៅថ្មី ប៉ុន្តែ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​មក​​ដល់​របស់​ពួកគេ​នៅ​ឡើយ​ទេ​៕ សារុន​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស