កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយទាមទារឲ្យមានការសើុបអង្កេតឯករាជ្យ និងមិនលម្អៀងលើការធ្វើបាតុកម្មដ៏ហិង្សានៅក្នុងក្រុងប៉ោយប៉ែតកាលពីថ្ងៃច័ន្ទ ដែលគេបានឃើញកងរាជអាវុធហត្ថបាញ់កាំភ្លើងព្រមានពីលើក្បាលអ្នកអូសរទេះដែលកំពុងតវ៉ា និងដែលអភិបាលក្រុងអះអាងថា ត្រូវបានដឹកនាំដោយមន្ត្រីម្នាក់មកពីគណបក្សសង្គ្រោះជាតិនោះ។
អ្នកអូសរទេះប្រហែល១០០នាក់ដែលត្រូវបានគេជួលឲ្យដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃបាននាំគ្នាដាក់របាំងបិទផ្លូវលើកំណាត់ផ្លូវជាតិលេខ៥ ដោយទាមទារឲ្យមន្ត្រីគយឈប់យកថ្លៃដឹកទំនិញឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតពីពួកគេតាមទំនើងចិត្ត ប៉ុន្តែក្រោយមក កងរាជអាវុធហត្ថត្រូវបានបញ្ជូនទៅបំបែកក្រុមអ្នកតវ៉ានេះ។
ក្រោយមក អ្នកតវ៉ាបានគប់ដំថ្ម និងសម្រុកចូលការិយាល័យគយនៅក្បែរនោះ បន្ទាប់ពី មានពាក្យចចាមអារ៉ាមថា អ្នកតវ៉ាម្នាក់ដែលរងរបួសអំឡុងការប៉ះទង្គិចគ្នាបានស្លាប់ ដែលជាហេតុធ្វើឲ្យ កងរាជអាវុធហត្ថបើកការបាញ់ប្រហារដើម្បីបំបែកក្រុមអ្នកតវ៉ាពោរពេញដោយកំហឹង ដែលបានបំផ្លាញខ្លោងទ្វារការិយាល័យ និងរថយន្តមួយចំនួននៅខាងក្រៅ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានផ្ញើរបាយការណ៍មួួយអំពីការតវ៉ាជូនលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យតាមក្រោយនៅថ្ងៃដដែលដោយចោទ ប្រកាន់ថា លោក ចៅ វសនា មន្ត្រីសង្កាត់មួយរូបមកពីគណបក្សសង្គ្រោះជាតិជាអ្នកដឹកនាំបាតុកម្មនេះ និងជាអ្នកដែលត្រូវបន្ទោសចំពោះការខូចខាត។
គណបក្សសង្គ្រោះជាតិបានបដិសេធការចោទប្រកាន់នេះនៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារថា “គណបក្សសង្គ្រោះជាតិស្នើឲ្យមានការសើុបអង្កេតដោយឯករាជ្យ និងមិនលម្អៀងមួយលើហេតុការណ៍នេះដើម្បីជៀសវាងការចោទប្រកាន់គ្មានមូលដ្ឋាននិងដើម្បីកំណត់ការទទួលខុសត្រូវពិតប្រាកដ”។
សេចក្តីថ្លែងេនះបានបន្ថែមថា “គណបក្សសង្គ្រោះជាតិគាំទ្រ និងស្មើឲ្យមានដំណោះស្រាយដោយអហិង្សាមួយសម្រាប់ការទាមទាររបស់កម្មករដើម្បីធានាន និងការពារផលប្រយោជន៍របស់ពួកគាត់ក៏ដូចជាសិទ្ធិសេរីភាពផងដែរ”។
លោក ម៉េងជ្រួន មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ប៉ុន្តែ លោក សារឿត បានលើកឡើងថា លិខិតនេះគឺគ្រាន់តែជា “របាយការណ៍រដ្ឋបាល” មួយប៉ុណ្ណោះ ហើយមិនត្រឹមត្រូវនោះទេ។ លោកបានបន្ថែមថា លោកបានបើកការសើុបអង្កេតលើការប៉ះទង្គិចគ្នានេះរួចហើយ។
លោកបានមានប្រសាសន៍ថា “មានក្រុមការងារពីរក្រុមសើុបអង្កេតករណីនេះ។ ក្រុមទី១មកពីក្រសួងមហាផ្ទៃដោយសហការជាមួយនគរបាលខេត្តបន្ទាយមានជ័យ ហើយក្រុមទី២មកពីកងរាជអាវុធហត្ថ ដោយសហការជាមួយព្រះរាជអាជ្ញា”។
លោក សារឿត បានមានប្រសាសន៍ថា វីដេអូឃ្លីបស្តីពីការធ្វើបាតុកម្មកំពុងត្រូវបានពិនិត្យមើលដោយក្រុមទាំងពីរនេះហើយ។
លោក វាសនា ដែលជាចៅសង្កាត់រងទី២នៃសង្កាត់ប៉ោយប៉ែតបានលើកឡើងថា លោកបានស្ថិតនៅកន្លែងធ្វើបាតុកម្ម ប៉ុន្តែ លោកទៅដើម្បីអង្កេតប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានទៅកន្លែងប៉ះទង្គិចគ្នាកាលពីម្សិលមិញ ដើម្បីឃ្លាំមើលភាគីទាំងពីរ[អ្នកអូសរទេះ និងកងរាជអាវុធហត្ថ]។ ខ្ញុំមិនបានចូលរួមពាក់ព័ន្ធក្នុងសកម្មភាពរបស់អ្នកតវ៉ាឡើយ”។
លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យបានលើកឡើងថា ការចោទប្រកាន់របស់លោក ម៉េងជ្រួន ដែលថា លោក វាសនា ញុះញង់ឲ្យកម្មករវាយប្រហារការិយាល័យគយគឺគ្មានមូលដ្ឋានទេ។
លោកបានមានប្រសាសន៍ថា “ជំហានដំបូងគឺត្រូវតែមានការសើុបអង្កេតជាមុនសិន។ ការពិតទៅ គាត់បន្ទោសលោក វាសនា ដើម្បីគេចវេះពីកំហុសរបស់ខ្លួន។ គាត់មិនបានរក្សាពាក្យសន្យាដែលធ្លាប់សន្យាចំពោះអ្នកអូសរទេះឡើយ”។
ការតវ៉ាកាលពីថ្ងៃច័ន្ទ គឺជាការតវ៉ាលើកទី៣ហើយនៅក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។ អំឡុងការតវ៉ាកាលពីខែធ្នូ លោក ម៉េងជ្រួន បានសន្យាចំពោះអ្នកអូសរទេះថា លោកនឹងណែនាំឲ្យមន្ត្រីគយឈប់យកថ្លៃដឹកទំនិញឆ្លងកាត់ព្រំដែនពីពួកគេតាមទំនើងចិត្ត៕ ស៊ុយឈាង