29.3 C
Phnom Penh

រដ្ឋាភិបាលនិង​អង្គការ​​មូលនិធិសាកល​​នឹង​ស៊ើប​អង្កេត​​គណនី​អតីតមន្ត្រីមួយ​ចំនួនពាក់ព័ន្ធ​ករណីស៊ីសំណូក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) បាន​មាន​ប្រសាសន៍​ថា តំណាង​អង្គការ​មូលនិធិ​សាកល​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ របេង និង​គ្រុន​ចាញ់ នឹង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​បន្ត​តាម​ដាន​ការ​ចោទ​ប្រកាន់​ពីបទ​ស៊ីសំណូក​លើ​​លោក ដួង សុជាតិ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​គ្រុន​ចាញ់​។

ការ​ចោទ​ប្រកាន់​នេះ​កើតចេញ​ពី​​​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​រយៈ​ពេល​ជាច្រើន​ឆ្នាំ ដែល​អង្គការ​មូលនិធិ​សាកល​បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០១៣ ដោយ​អះអាង​ថា លោក​ សុជាតិ បាន​ទទួល​ប្រាក់​សំណូក​៣៥១.០០០​ដុល្លារ​ពី​ក្រុមហ៊ុនបរទេស​​ផ្គត់ផ្គង់​មុង​​ចំនួន​ពីរ ជា​ថ្នូរ​នឹង​កិច្ច​សន្យា​ដែល​មាន​ទឹក​ប្រាក់​១២​លាន​ដុល្លារ ជាមួយ​ជំនួយ​ឥត​សំណង​របស់​អង្គការ​មូលនិធិ​សាកល។

របាយការណ៍​ស្ដីពី​ការ​ស៊ើបអង្កេត​របស់​អង្គការ​មូលនិធិ​សាកល​លើក​ឡើង​ថា ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​មុង​សារភាព​ថា បាន​ផ្ដល់​ប្រាក់សំណូក និង​អម​ដោយ​ច្បាប់​ថត​ចម្លង​នៃ​អុីម៉េល ដែល​ក្នុង​នោះ​​លោក សុជាតិ បាន​ណែនាំពួកគេ​ពី​របៀប​ដាក់​ប្រាក់​នោះ​។

បើ​ទោះ​ណា​ជា​រដ្ឋាភិបាល​បាន​យល់​ព្រម​​សង​អង្គការ​មូលនិធិ​សាកល​ក្នុង​ទឹក​ប្រាក់​សរុប​៤៥០.០០០​ដុល្លារ​ជា​ប្រាក់​សំណូកដែល​លោក​ សុជាតិ ​ និង​មន្ត្រី​ដទៃទៀត​ទទួលបាន​ក៏ដោយ ក៏​គេ​មិន​ទាន់​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​បុគ្គល​តែ​ម្នាក់​នៅ​ឡើយ​ដែរ​។ ហើយ​​បើ​ទោះ​ណា​ជា​មាន​ភ័ស្តុតាង​ក៏​ដោយ ក៏​លោក ឱម យ៉ិនទៀង បាន​លើក​ឡើង​កាលពី​ឆ្នាំ​មុន​ថា ACU នឹង​មិន​បន្ត​ការផន្តាទោស​ពាក់ព័ន្ធ​​ទាំង​នោះ​ទេ ពីព្រោះ​ករណី​នេះ​មិន​ប្រឈមក្នុង​តុលាការ​ឡើយ​។

ទោះ​ជាយ៉ាង​ណា កាលពី​ម្សិលមិញ​នៅ​សិក្ខា​សាលា​មួយ​ស្ដីពី ACU ដែល​រៀបចំ​ដោយ​ក្រុម​សមាជិក​សភា​នៅ​រដ្ឋសភា លោក ឱម​ យ៉ិនទៀង បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើបអង្កេត​របស់ខ្លួន​លើ​ការ​ចោទ​ប្រកាន់​នេះ​មិន​ទាន់​ចប់​​ទេ។

​​ឆ្លើយ​តប​ជាមួយ​លោក លឹម គឹម​យ៉ាន សមាជិក​សភា​គណបក្ស​ប្រឆាំង​ដែល​មាន​ចម្ងល់​ថា តើ​ហេតុ​អ្វី​បាន​​ជា​រដ្ឋាភិបាល​សងចំពោះប្រាក់​សំណូកនោះ​​ ប្រសិនបើមិនបន្តការ​ចោទ​ប្រកាន់​ លោក ឱម យ៉ិនទៀង បាន​មាន​ប្រសាសន៍​ថា ACU កំពុង​​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​លើ​ករណី​នេះ​។

ដោយ​សំដៅ​ដល់​លោក គឹមយ៉ាន លោក ឱម​ យ៉ិនទៀង បាន​មាន​​ប្រសាសន៍​ថា “​យើង​នឹង​​បញ្ជូន​ក្រុម​ស៊ើបអង្កេត​ទៅ​ប្រទេស​ស្វ៊ីស សិង្ហបុរី ថៃ និង​ក្រុង​ហុង​កុង។ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ដែល​ឯក​ឧត្ដម ​អង្គុយនិយាយ​ពី​នយោបាយ​នោះ​។

ប្រធាន​ ACU រូប​នេះ​បាន​មាន​ប្រសាសន៍​ថា អង្គការ​មូលនិធិ​សាកល​បាន​បញ្ជូន​តំណាង​ជា​ច្រើន​រូប​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ដើម្បី​ស៊ើបអង្កេត​គណនី​ធនាគារ​ដ៏ច្រើន​របស់​លោក​ សុជាតិ។

ដោយ​សំដៅ​ដល់​ការ​ចោទ​ប្រកាន់​​របស់​អង្គការ​មូលនិធិ​សាកល​លើ​អតីត​ប្រធាន​រូប​នេះ លោក​បាន​មាន​​ប្រសាសន៍​ថា “​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​ យើង​នឹង​ពិភាក្សា​អំពី​ករណី​ទី៣។ យើង​នឹង​ពិនិត្យ​គណនី​ធនាគារ​ទាំង​អស់​របស់​អ្នក​​ទី៣ ប្រហែល​៣០​ឬ៤០​”។

នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១៣ អង្គការ​មូលនិធិ​សាកល​នេះ​ក៏​បាន​ចោទ​ប្រកាន់​អតីត​មន្ត្រី​លទ្ធកម្ម​ម្នាក់​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក​ និង​កាមរោគ​ថា បាន​ទទួល​សំណូក​​ដើម្បី​បាន​ការ​ដេញ​ថ្លៃ​នៅ​ក្រោម​​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​របស់​ខ្លួន ហើយ​អង្គការ​មេឌីខេម ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ថា បាន​ឆបោក​ប្រាក់​២១.០០០​ដុល្លារ​។

កាលពី​ម្សិលមិញ លោក ឱម យ៉ិនទៀង បានមាន​ប្រសាសន៍​ថា ACU នឹង​មិន​បន្ត​ករណី​ទាំង​នេះ​ទេ ពីព្រោះ​ករណី​ដំបូង​ជាប់​ពាក់​ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ហើយ​ករណី​ទី២​ជាប់​ពាក់​ព័ន្ធ​បុគ្គលិក​ដែល​មាន​កិច្ច​សន្យា​។

លោក​បានមាន​ប្រសាសន៍​ថា “​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចាប់​ខ្លួន​ពួកគេ​ទេ។ ខ្ញុំ​មិន​​គ្រប់គ្រង​​ករណី​ទាំង​នេះ​ទេ។ វា​មិន​មែន​ជា​អំពើ​ពុករលួយទេ​។ វា​ជា​​ការ​រំលោភ​សេចក្ដី​ទុក​ចិត្ត​”។

ទោះយ៉ាងណា លោក ឱម យ៉ិនទៀង បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​នឹង​ដាក់​អតីត​មន្ត្រី​លទ្ធកម្ម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ​​នេះ​ក្នុង​បញ្ជី​ខ្មៅ​ ដែល​អត្ត​សញ្ញាណ​របស់​គាត់​ស្ថិត​នៅ​អាថ៌កំបាំង​នោះ​​ ដើម្បី​ឲ្យអង្គការអន្តរជាតិ​​នានា​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កុំ​យក​គាត់​មក​បម្រើ​ការ​ងារ​។

អង្គការ​មូលនិធិ​សាកល​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយ​ទេ​៕ សារុន​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស