អង្គការសិទ្ធិមនុស្សអាដហុកលើកឡើងថា អង្គការបានរកឃើញចម្ការដំឡូងមីដាំដោយជនជាតិវៀតណាមដែលគ្មានលិខិតស្នាមត្រឹមត្រូវនៅក្នុងទឹកដីកម្ពុជានៃព្រំដែនរួមរបស់ប្រទេសទាំងពីរ អំឡុងការចុះទៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរីកាលពីថ្ងៃច័ន្ទ។
លោក ឆាយ ធី អ្នកសម្របស្រួលអង្គការអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍កាលពីម្សិលមិញថា ពួកគេក៏បានរកឃើញស្រះទឹកទំហំ៥ម៉ែត្រគុណ១០ម៉ែត្រនៅក្បែរចម្ការទាំងនោះផងដែរ នៅក្នុងតំបន់ដែលកំណត់ព្រំប្រទល់មិនច្បាស់លាស់តាមព្រំដែនស្ថិតក្នុងឃុំប៉ក់ញ៉ៃ។
លោក ឆាយ ធី បានមានប្រសាសន៍ថា ការស៊ើបអង្កេតដល់ទីកន្លែងគឺដើម្បីរកឲ្យឃើញថា តើមានការកាប់ឈើខុសច្បាប់ដោយក្រុមជនជាតិវៀតណាមដែលឆ្លងព្រំដែនរាល់ថ្ងៃ មែនឬមិនមែន ប៉ុន្តែទីបំផុតយើងបានរកឃើញមានសកម្មភាពខុសប្រក្រតីចំនួនបីកើតឡើងនៅទីនោះ”។
លោកបានបន្ថែមថា “ទី១ស្រះទឹកចំនួនប្រាំដែលជីកដោយជនជាតិវៀតណាមនៅក្នុងទឹកដីកម្ពុជា ទី២ទាហានព្រំដែនមួយចំនួនបានជួលដីខ្មែរទៅឲ្យវៀតណាមដើម្បីដាំដំឡូងមីនៅក្នុងប្រទេសកម្ពុជា”។
លោកបានមានប្រសាសន៍ថា ពួកគេក៏បានរកឃើញពលករវៀតណាមដែលគ្មានលិខិតស្នាមត្រឹមត្រូវធ្វើការនៅលើចម្ការទាំងនោះផងដែរ។
លោក ម៉ា វិចិត្រ អភិបាលស្រុកបានមានប្រសាសន៍ថា លោកបានរៀបចំការធ្វើដំណើរដាច់ដោយឡែកមួយទៅតំបន់ព្រំដែននៅថ្ងៃដដែលនោះ ប៉ុន្តែបានបន្ថែមថា វាមិនអាចទៅរួចទេក្នុងការកំណត់ថា ស្រះទឹកទាំងនោះស្ថិតក្នុងព្រំដែនប្រទេសមួយណានោះ។
លោកបានមានប្រសាសន៍ថា “ដោយសារខ្ញុំមិនមែនជាអ្នកជំនាញខាងផែនទី ខ្ញុំមិនអាចនិយាយថា ស្រះទឹកទាំងនោះត្រូវបានជីកដោយជនជាតិវៀតណាមស្ថិតក្នុងទឹកដីកម្ពុជា ឬទឹកដីវៀតណាមឡើយ។ ពីព្រោះតំបន់នេះមិនទាន់ត្រូវបានកំណត់ព្រំប្រទល់ដោយការបោះបង្គោលព្រំដែនផ្លូវការនៅឡើយទេ”។
លោក ម៉ា វិចិត្រ បានមានប្រសាសន៍ថា លោកបានបញ្ជូនរបាយការណ៍ស្នើសុំឲ្យអ្នកជំនាញចុះធ្វើការស៊ើបអង្កេតបន្ថែម។
លោក ហេង រតនា ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានជួបប្រជុំកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីលទ្ធផលទាំងនោះ ហើយនឹងកោះប្រជុំជាមួយសមភាគីរបស់ខ្លួននៅសប្ដាហ៍ក្រោយ។
ការរកឃើញស្រះទឹក និងចម្ការមួយចំនួននៅតាមព្រំដែនកើតឡើងចំពេលដែលមានវិវាទដាច់ដោយឡែកពីគ្នា ដែលក្នុងនោះប្រទេសវៀតណាមអះអាងកាន់កាប់ដីទំហំ១៦,៦ហិកតានៅតាមព្រំដែនក្នុងខេត្តត្បូងឃ្មុំ ដែលប្រជាជនខ្មែរបានធ្វើស្រែចម្ការជាយូរមកហើយ។
បន្ទាប់ពីជនជាតិវៀតណាមមួយក្រុមមានគ្នា៦នាក់ រួមមានទាហានបីនាក់បានបាញ់ថ្នាំគីមីលើដំណាំដែលកសិករខ្មែរបានដាំកាលពីថ្ងៃទី១៩ ខែមេសាមក ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិបានផ្ញើលិខិតជូនលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសស្នើសុំការអន្តរាគមន៍របស់លោក។
កាលពីថ្ងៃទី៤ ខែឧសភា លោក ហោ ណាំហុង បានឆ្លើយតបដោយលើកឡើងថា ដីនេះស្ថិតក្នុងប្រទេសវៀតណាម។ សកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកជាតិនិយមបានលើកឡើងពីបញ្ហានេះ ហើយបានដាក់សម្ពាធឲ្យលោក ហោ ណាំហុង ធ្វើការពន្យល់ពីមូលហេតុដែលប្រទេសកម្ពុជាបានបាត់បង់ទឹកដីដែលពលរដ្ឋរបស់ខ្លួនបានធ្វើស្រែចម្ការជាយូរមកហើយនោះ។
លោក ហោ ណាំហុង បានពន្យល់នៅក្នុងការពិភាក្សាតុមូលដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិកាលពីសប្ដាហ៍មុនថា កម្ពុជាបានយល់ស្របថា ដីនេះស្ថិតក្នុងប្រទេសវៀតណាមផ្អែកតាមផែនទីដែលប្រទេសទាំងពីរបានព្រមព្រៀងប្រើជាមូលដ្ឋាននៃការចរចាដើម្បីកំណត់ព្រំដែន។
កាលពីម្សិលមិញ លោក ម៉ៅ មុន្នីវណ្ណ សមាជិកសភាគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកមានគម្រោងផ្ញើលិខិតទៅលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនសុំឲ្យលោកផ្ដល់ផែនទីដែលត្រូវបានប្រើនៅក្នុងការចរចា ដើម្បីបង្ហាញថា តំបន់ដែលមានវិវាទនេះស្ថិតក្នុងប្រទេសវៀតណាម។
លោកបានមានប្រសាសន៍ថា “នៅពេលណាយើងមានផែនទីដែលលោក វ៉ា គឹមហុង អះអាងថា យកមកប្រើសម្រាប់ការកំណត់ព្រំដែននោះ យើងអាចផ្ទៀងផ្ទាត់ជាមួយបង្គោលព្រំដែនពិតប្រាដកថាតើវាពិតឬមិនពិត”។
លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ជាក្រុមសកម្មជនជាតិនិយមដែលបានចុះទៅតំបន់ដែលមានវិវាទកាលពីដើមខែនេះបានមានប្រសាសន៍ថា ពួកគេមានគម្រោងដាក់ជូនញត្តិទៅមន្ត្រីនានានៅសប្ដាហ៍ក្រោយជំរុញឲ្យពួកគាត់លុបចោលសន្ធិសញ្ញាព្រំដែនឆ្នាំ២០០៥ដ៏ចម្រូងចម្រាសជាមួយប្រទេសវៀតណាម។
លោក ពិសេស បានមានប្រសាសន៍ថា “យើងនឹងដាក់ជូនញត្តិអមដោយរបាយការណ៍ស្ដីពីលទ្ធផលរបស់យើងថ្វាយព្រះមហាក្សត្រ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ដែលលោកមានតួនាទីជាប្រធានក្រុមភាគតិចនៅរដ្ឋសភានៅសប្ដាហ៍ទី១នៃខែមិថុនា ស្វែងរកការអន្តរាគមន៍ដើម្បីចាត់វិធានការអំពីបញ្ហាព្រំដែន”។
លោកបានមានប្រសាសន៍ថា “ប្រសិនបើរដ្ឋាភិបាលមិនឆ្លើយតបបន្ទាប់ពីយើងដាក់ញត្តិ និងរបាយការណ៍ទេនោះ យើងនឹងជួបប្រជុំជាមួយសមាជិករបស់យើងម្ដងទៀតដើម្បីសម្រេចថាតើត្រូវធ្វើការតវ៉ាទាមទារឲ្យលោក ហោ ណាំហុង លាលែងពីតំណែងឬយ៉ាងណា”៕ សារុន