
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ដែលជាប់ចោទពីបទល្មើសប្រើអំពើហិង្សាអំឡុងពេលកុបកម្មរបស់គណបក្សប្រឆាំងដែលគេចោទកាលពីឆ្នាំមុន បានប្រាប់តុលាការក្រុងភ្នំពេញនៅថ្ងៃអង្គារថា លោកមានការចងចាំតិចតួចទាក់ទិននឹងការតវ៉ា បន្ទាប់ពីត្រូវគេវាយចំក្បាលនឹងដំបង។
លោក សាន គឹមហេង ប្រធានសាខាយុវជនគណបក្សសង្គ្រោះជាតិនៅខណ្ឌទួលគោក បាននិយាយថា លោកបានឃើញការចាប់ផ្តើមការតវ៉ានៅថ្ងៃទី១៥ខែកក្កដា នៅ “ទីលានប្រជាធិបតេយ្យ” ដែលយាមការពារយ៉ាងខ្លាំងដោយរដ្ឋាភិបាល ក្រោយពីមានការតវ៉ាមុនៗ ប៉ុន្តែបន្ទាប់មកនៅថ្ងៃនោះ លោកបានស្ថិតនៅក្នុងការិយាល័យអង្គការសិទ្ធិមនុស្សលីកាដូ ទទួលការព្យាបាលរបួសក្បាលនិងការប៉ះទង្គិច។
លោក គឹមហេង បានប្រាប់តុលាការថា មិនយូរប៉ុន្មានបន្ទាប់ពីការជួបជុំគ្នានោះបែរជាមានអំពើហិង្សា លោកបានឃើញក្រុមបុរសមានឯកសណ្ឋានកាគី ដូចឯកសណ្ឋានស្លៀកពាក់ដោយសន្តិសុខខណ្ឌបែបជនពាល ដែលដាក់រាយកម្លាំងជាញឹកញាប់បង្ក្រាបការតវ៉ាដោយសន្តិវីធី ទាញស្ត្រីចំណាស់ម្នាក់ចេញពីខាងក្រោយម៉ូតូ។
លោកបាននិយាយថា “នៅពេលនោះ ខ្ញុំបានសួរពួកគេ ‘ហេតុអ្វីបានជាទាញគាត់ដូចនេះ? គាត់ជាមនុស្សចាស់។ ពេលនោះពួកគេបានដើរពីក្រោយខ្ញុំ និងវាយក្បាលខ្ញុំនិងស្មាឆ្វេង។ ខ្ញុំត្រូវចង់សន្លប់”។
“បន្ទាប់ពីនោះ ខ្ញុំមិនបានដឹងថាមានអ្វីបានកើតឡើងទេ រវាងសន្តិសុខនិងប្រជាពលរដ្ឋ ពីព្រោះខ្ញុំត្រូវគេបញ្ជូនទៅព្យាបាលនៅការិយាល័យលីកាដូ”។
លោក គឹមហេង ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស១៨នាក់ គឺសមាជិកសភាគណបក្សសង្គ្រោះជាតិ៧នាក់និងសកម្មជនបក្ស១១នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីការតវ៉ានោះក្លាយជាហិង្សា នៅពេលដែលអ្នកគាំទ្របក្សប្រឆាំងតទល់នឹងក្រុមសន្តិសុខ ដែលបានបំភ័យធ្វើបាបពួកគេជាច្រើនខែ ក្រោយពីលទ្ធផលដ៏ចម្រូងចម្រាសនៃការបោះឆ្នោតជាតិឆ្នាំ២០១៣។
សន្តិសុខប្រហែល៣៩នាក់បានរងរបួសក្នុងការតវ៉ា ដែលរដ្ឋាភិបាលបានចាត់ទុកភ្លាមៗថាជាការប៉ុនប៉ងកុបកម្ម។
ក្នុងពេលប៉ុន្មានថ្ងៃក្រោយការចាប់ខ្លួននោះ លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជន បានធ្វើសន្និសីទកាសែតមួយ ដែលអំឡុងពេលនោះលោកបានចោទថា គណបក្សសង្គ្រោះជាតិបានធ្វើការតវ៉ាដោយមានដំបងជាច្រើនការ៉ុង និងមានផែនការបះបោរហិង្សា។
ក៏ប៉ុន្តែ សាក្សីជាច្រើននាក់និងរូបភាពពីកន្លែងកើតហេតុបានបង្ហាញឲ្យឃើញថា ដំបងទាំងនោះត្រូវដឹកមកតាមរថយន្តសាលាក្រុង និងចែកចាយដោយពួកបុរសដែលស្លៀកពាក់ឯកសណ្ឋានកាគី ឬខៀវ ដូចសម្លៀកបំពាក់ដែលស្លៀកដោយកម្លាំងសន្តិសុខខណ្ឌរបស់រដ្ឋាភិបាល។
នៅតុលាការកាលពីថ្ងៃអង្គារ លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិ និងជាអ្នកជាប់ចោទកុបកម្មម្នាក់ ជាថ្មីម្តងទៀត បានចោទសួរភាពត្រឹមត្រូវតាមច្បាប់នៃនីតិវិធីតុលាការ ដែលប្រែប្រួលចុះឡើងទៅតាមចង្វាក់នៃទំនាក់ទំនងដ៏លំបាករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយគណបក្សប្រឆាំង។
លោកបាននិយាយថា “នេះជារឿងនយោបាយ”។
លោក គឹមហេង ជាសកម្មជនទី៦ត្រូវគេសាកសួរក្នុងសំណុំរឿងក្តីនេះ។ សវនាការគ្រោងនឹងធ្វើបន្តនៅថ្ងៃទី៣ខែមិថុនាខាងមុខនេះ៕ និត