27 C
Phnom Penh

អង្គរក្ស​របស់​អតីត​ប្រធាន​តុលាការ​ជាប់​ចោទ​ពីបទ​​ផ្ដល់​បញ្ជា​​​ទៅ​ចៅក្រម​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​និយាយ​ថា ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​អង្គរក្ស​របស់​លោក អាំង មាលតី អតីត​ប្រធាន​​តុលាការ​ក្រុង​អបយស​ និង​បានចោទ​រូប​គាត់​ថា បាន​បញ្ជា​មន្ត្រី​តុលាការ​តាម​ការ​ណែនាំ​ពី​អតីត​មេ​របស់​គាត់​។

លោក អាំង មាលតី ​ត្រូវ​បាន​​បណ្ដេញ​ចេញ​ពី​តំណែង​​ជា​ប្រធាន​តុលាការ​ក្រុង​កាលពី​​ពាក់​កណ្ដាល​ខែ​កុម្ភៈ តែ​ពីរ​បី​ម៉ោង​​​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​លើក​ឡើង​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​ថា សេចក្ដី​សម្រេច​ថ្មីៗ​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ​​ចំពោះ​ឪពុក​ម្ដាយ​លោក ថោង សារ៉ាត់ មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ដែល​ជាប់​ចោទ​ពីបទ​​បញ្ជា​ឲ្យ​មាន​ការ​ធ្វើ​ឃាត​ពាណិជ្ជករ​ អុឹង ម៉េង​ជឺ ប្រហែល​​​ទទួល​រង​ឥទ្ធិពល​ដោយសារ​សំណូក​៥លាន​ដុល្លារ​។

អង្គរក្ស​របស់​លោក​ មាលតី គឺ​លោក ពេជ្រ ព្រហ្មមុនី ​ជា​ឧត្ដម​សេនីយ៍​​ត្រីកង​យោធពល​ខេមរ​ភូមិន្ទ​ ត្រូវ​បាន​ចាប់​ខ្លួន​ពីរបី​ថ្ងៃ​ក្រោយ​មក ហើយ​​បាន​ជាប់​ចោទ​ពី​បទ​ជ្រៀត​ជ្រែក​ការ​ងារ​មន្ត្រី​សាធារណៈ​ និង​ការ​ប្រើ​ដោយ​គ្មាន​ការ​អនុញ្ញាត​នូវ​​រថយន្ត​​​ដែល​មាន​​ស្លាក​​លេខ​យោធា និង​ប៉ូលិស។

ក្នុង​សេចក្ដី​ប្រកាស​​បង្ហោះ​តាម​​គេហទំព័រ​​របស់​ខ្លួន​កាលពី​ថ្ងៃអង្គារ នគរ​បាល​ជាតិ​បាននិយាយ​ថា ចៅក្រម​ ឡុង កេសភីរម្យ បាន​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​លោក​លើ​លោក ព្រហ្មមុនី កាលពី​សប្ដាហ៍​មុន ហើយ​ដោយ​លើក​ឡើង​​អំពី​មន្ត្រី​តុលាការ​ដែល​មិន​បញ្ចេញ​ឈ្មោះ​បន្ថែម​ការ​ចោទ​លើ​​អតីត​អង្គរក្ស​រូប​នេះ​។

​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា “​ក្រៅ​ពី​ផ្ដល់​សន្តិសុខ​ និង​សណ្ដាប់ធ្នាប់​នៅ​តុលាការ​ក្រុង​ភ្នំពេញ លោក ពេជ្រ ព្រហ្មមុនី ក៏​មាន​ភារកិច្ច​គ្រប់​គ្រង​ និង​អង្កេត​​តាម​ដាន​សកម្មភាព​ទាំង​អស់​របស់​ចៅក្រម និង​ក្រឡាបញ្ជី​ ព្រមទាំង​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង​ផង​ដែរ។

ការ​បង្ហោះព័ត៌មាន​នោះ​បន្ត​អះអាង​ថា គាត់​​ក៏​មាន​វត្តមាន​ដែរ​នៅ​ពេល​តុលាការ​សាក​សួរ​ឪពុក​ម្ដាយ​របស់លោក ថោង សារ៉ាត់ ដែល​ជាប់​ចោទ​ពីបទ​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​ និង​បទ​ចោទ​ផ្សេង​ទៀត​ពាក់​ព័ន្ធ​ក្នុង​រឿង​ឃាត​កម្ម​​លើ​លោក អុឹង ម៉េងជឺ “​ដែល​​រំលោភ​ច្បាប់​ទាំង​ស្រុង​”។

“​លើស​ពី​នេះ​លោក ពេជ្រ ព្រហ្មមុនី ហា៊ន​បញ្ជា​មនុស្ស​ដែល​កាន់​សំណុំ​រឿង​ឲ្យ​ធ្វើ​តាម​បញ្ជា​របស់​គាត់​ ពីព្រោះ​គាត់​អាង​អំណាច​របស់​លោក អាំង មាលតី”។

លោក លី សុផាន់ណា ព្រះរាជអាជ្ញារង​ ដែល​កាន់​រឿង​ក្ដី​លោក​ ព្រហ្មមុនី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​ចៅក្រម​ស៊ើប​អង្កេត​​ គឺ​លោក កេសភីរម្យ ដែល​មិន​អាច​ទាក់​ទង​បាន​។

លោក តាំង ស៊ុន​ឡាយ ប្រធាន​តុលាការ​ក្រុង​ថ្មី​​ បាន​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​​​លើ​លោក​ ព្រហ្មមុនី បាន​ចប់​​ហើយ​ ប៉ុន្តែ​លោក​​បាន​និយាយ​ថា លោក​មិន​ដឹង​ថាតើ​ឬ​ពេល​ណា​សវនាការ​នឹង​គ្រោង​ធ្វើ​នោះ​ទេ។

ពេល​សួរ​ថា​តើ​តុលាការ​នឹង​ស៊ើបអង្កេត​​លោក មាលតី ដែល​ទទួល​បាន​​ការ​ងារ​​នៅ​ក្រសួង​យុត្តិធម៌​ឬយ៉ាង​ណា លោក​បាន​និយាយ​ថា លោក​ក៏​មិន​បាន​ដឹង​រឿង​ហ្នឹង​ដែរ​៕ មានិត​​​​​​

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស