28.4 C
Phnom Penh

ក្រុម​អ្នកភូមិ​ជនជាតិ​ភាគ​តិច​​ព្នង​គំរាម​កាប់​រំលំ​ដើម​កៅស៊ូ​របស់​ក្រុម​ហ៊ុន​បារាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ប្រហែល​១០០​នាក់​ នៅ​ខេត្ត​​មណ្ឌលគិរី​​បាន​តវ៉ា​នៅ​ខាង​ក្រៅ​ការិយាល័យ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​របស់​បារាំង​ឈ្មោះ សុខហ្វីន ខេឌីស៊ី (Socfin KCD) កាលពី​ម្សិលមិញ ដោយ​បាន​គំរាម​​ថា​នឹង​កាប់​​រំលំ​ដើម​កៅស៊ូ​របស់​ក្រុម​ហ៊ុន​នេះ ប្រសិន​បើ​គេ​មិន​ប្រគល់​ដី​ដូន​តា​របស់​ខ្លួន​មក​វិញ​ទេ។

លោក ក្លាង ផូ អាយុ​៣៤​ឆ្នាំ ជា​អ្នកភូមិ​ម្នាក់​មកពី​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា បាន​និយាយ​ថា អ្នកស្រុក​ប្រាំពីរ​ភូមិ​ក្នុង​ឃុំ​នេះ​បាន​មក​​​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ការិយាល័យ​ក្រុម​ហ៊ុន​ សុខហ្វីន ទាម​ទារ​ឲ្យ​ប្រគល់​ដី​របស់​ពួកគេ​មក​វិញ។

យោង​តាម​លោក​ ផូ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ សុខហ្វីន ដែល​ទទួល​បាន​ដី​សម្បទាន​​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៨ ដំបូង​ឡើយ​​បាន​ផ្ដល់​ដី​ពីរ​ទៅ​បីហិកតា​​ឲ្យ​អ្នកភូមិ​ជា​ថ្នូរ​នឹង​ដីឡូតិ៍​ដែល​ក្រុម​អ្នកភូមិ​កំពុង​រស់​នៅ និង​ធ្វើ​ចម្ការ​។

លោក ផូ បាន​និយាយ​ថា “ប៉ុន្តែ​យើង​មិន​អាច​ប្រើ​ប្រាស់​ដី​នេះ​ដើម្បី​ដាំ​ស្រូវ​បាន​ទេ ពីព្រោះ​ដី​នេះ​នៅ​ជើង​ភ្នំ​​ហើយ​សុទ្ធតែ​ថ្ម”។

លោក​បាន​បន្ថែម​ថា នៅ​ឆ្នាំ​២០០៨ ក្រុម​ហ៊ុន សុខហ្វីន បាន​គំរាម​ឈូស​ឆាយ​ដី​របស់​អ្នក​ភូមិ​ បើ​ទោះ​ជាពួកគេ​មិន​បាន​ទទួល​យក​ដី​ឡូតិ៍​ថ្មី ឬ​ប្រាក់​២០០ដុល្លារ​​ក្នុង​មួយ​ហិកតា​​ដែល​ក្រុម​ហ៊ុន​ផ្ដល់​ឲ្យ​ក៏ដោយ​។

លោក​បាន​និយាយ​ថា “​យើង​គ្មាន​ជម្រើស​ក្រៅ​ពី​ [ទទួល​យក] វា​​ទេ​”។

លោក ផូ បាន​និយាយ​ថា អ្នកភូមិ​ចង់​ធ្វើ​ជា​ម្ចាស់​ដី​ដូន​តា​របស់​ពួកគេ​ ហើយ​សុខចិត្ត​ជួល​ដី​នោះ​ពី​ក្រុម​ហ៊ុន​ សុខហ្វីន វិញ។

ប៉ុន្តែ​ពេល​ដែល​លោក ផូ និង​​តំណាង​អ្នកភូមិ​ប្រាំមួយ​នាក់​ផ្សេង​ទៀត​បានជួប​​ជាមួយ​ក្រុម​ហ៊ុន​កាលពី​ម្សិលមិញ មិន​បាន​ឈាន​ដល់​ដំណោះ​ស្រាយ​ឡើយ​។

គាត់​បាន​និយាយ​ថា “​យើង​ផ្ដល់​ពេល​២​សប្ដាហ៍​ឲ្យ​ក្រុម​ហ៊ុន​រក​ដំណោះ​ស្រាយ​ឲ្យ​យើង​ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​មិន​មាន​ដំណោះ​ស្រាយ​ក្នុង​រយៈ​ពេល​នោះ​ទេ យើង​នឹង​កាប់​ចម្ការ​កៅស៊ូ​យក​ដី​ចម្ការ​របស់​យើង​មក​វិញ”។

លោក លាង សត្យា ប្រធាន​រដ្ឋបាល​របស់​ក្រុម​ហ៊ុន សុខហ្វីន ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

លោក ខាំ តារា អភិបាល​រង​ស្រុក​​ពេជ្រាដា​ បាន​និយាយ​ថា លោក​នឹង​រៀបចំ​ការ​ចរចា​បន្ត​​ទៀត​រវាង​ក្រុម​ហ៊ុន សុខហ្វីន និង​ប្រជាជន​ប្រហែល​១.០០០​គ្រួសារ​នៅ​ឃុំ​​ប៊ូស្រា ដែល​ចង់​បាន​ដី​​របស់​ពួកគេ​មក​វិញ​។

លោក​ ណែត ប្រាក់ ជា​អ្នក​ភូមិ​ប៊ូស្រា​ដែល​បាន​ជួយ​រៀបចំ​ការ​តវ៉ា​នេះ បាន​និយាយ​ថា ពួកគេ​បាន​ជ្រើសរើស​​​ពេល​កាលពី​ម្សិលមិញ​ទៅ​ជួប​​ក្រុម​ហ៊ុន​នេះ ពីព្រោះ​ក្រុម​ហ៊ុន សុខហ្វីន និង​អ្នក​មានភាគហ៊ុន​ធំ​របស់​ខ្លួនគឺ ប៊ុលល័រ ហ្គ្រុប (Bollore Group) គ្រោង​នឹង​ធ្វើ​ការ​ប្រជុំ​អ្នក​មាន​ភាគ​ហ៊ុន​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ទីក្រុង​បា៉រីស​កាលពី​ម្សិលមិញ​។

លោក​ ប្រាក់ បាន​បន្ថែម​ថា សហគមន៍​នានា​​នៅ​ប្រទេស​កាមេរូន​ លីបេរីយ៉ា និង​ប្រទេស​កូឌឺវ័រ ក៏​បាន​ធ្វើ​ការ​តវ៉ា​ស្រដៀង​គ្នា​នេះ​ដែរ​ប្រឆាំង​នឹង​ចម្ការ​របស់​ក្រុម​ហ៊ុន សុខហ្វីន​ ក្នុង​ប្រទេស​របស់​ពួកគេ​។

លោក​បាន​និយាយ​ថា “​យើង​គ្រាន់​តែ​ចង់​រំឭក​ពួកគេ​ថា យើង​មាន​បញ្ហា​មួយ​ចំនួន​ជាមួយ​ពួកគេ​”៕ មានិត (រាយការណ៍​បន្ថែម​ដោយ Chris Mueller)​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស