29.6 C
Phnom Penh

មេធាវី​និយាយ​ថា តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​​​បទ​រំលោភ​ចំពោះ​​អ្នក​នយោបាយ​​អ៊ុយក្រែន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មេធាវី​​របស់​ជន​ជាប់​ចោទ​​​បាន​ឲ្យ​ដឹង​ថា អ្នក​​នយោបាយ​អ៊ុយក្រែន​​ដែល​ជា​មុខ​សញ្ញា​នៃ​និវេទន៍​ក្រហមបែប​លេង​សើច​​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ពីបទ​​ល្មើស​រំលោភ​កាលពី​ឆ្នាំ​២០១១។

លោក មីកូឡា ខ្ញាហ្សុឺស្គី (Mykola Kniazhytsky) អាយុ៤៦ឆ្នាំ​​បាន​ស្ថិត​ក្នុង​បញ្ជី​អ្នក​ត្រូវ​តាម​ចាប់​ខ្លួន​បំផុត​របស់​នគរបាល​អាំង​ទែប៉ូល​កាលពី​ខែ​មីនា តាម​សំណើ​​របស់​តុលាការ​ក្រុង​។ ពីរ​ថ្ងៃ​ក្រោយ​មក អាំងទែប៉ូល​បាន​ដក​និវេទន៍​ក្រហម​នោះ​ចេញ​វិញ ពីព្រោះ​បើ​យោង​តាម​លោក ឈាង ឡេង ​ជំនួយ​ការ​ប្រធាន​ការិយាល័យ​នគរ​បាល​អន្តរជាតិ​​អាំង​ទែប៉ូល​​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា “​រឿង​ក្ដី​នេះ​ពាក់​ព័ន្ធ​​នឹង​នយោបាយ​នៅ​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​រុស្ស៊ី”។

កាលពី​ម្សិលមិញ លោក យ៉ារ៉ូស្លេវ ប៉ូលកាឆូហ្វ មេធាវី​របស់​លោក ខ្ញាហ្ស៊ឺស្គី បាន​និយាយ​ថា ស្ត្រី​ដែល​បាន​​​លើក​ការ​អះអាង​​ការ​ចាប់​រំលោភ​​នេះ​ បាន​ប្រាប់​តុលាការ​​កាលពី​ខែ​មេសា​ថា គាត់​បាន​ប្រឌិត​ការ​ចោទ​ប្រកាន់​នេះ​។

លោក ប៉ូលកាឆូហ្វ បាន​និយាយ​ថា “​យើង​មិន​ត្រូវ​ការ​មាន​ភ័ស្តុ​តាង​ទេ ពីព្រោះ​​រឿង​ក្ដី​នេះ​ទាំង​មូល​​ជាការ​​ស្រមើស្រមៃ​​របស់​មនុស្ស​ម្នាក់​ ពេល​ដែល​​អ្នក​នោះ​បាន​ប្រាប់​នូវ​ការ​ស្រមើ​​ស្រមៃ​របស់​ខ្លួន រឿង​ក្ដី​នេះ​បាន​រួច​ទោស​ហើយ​”។

“​គាត់​និង​មេធាវី​របស់​គាត់​បាន​បង្កើត​​រឿ​ងក្ដី​នេះ​ ហើយពួកគេ​​ចង់​បាន​ប្រាក់​២០.០០០​ដុល្លារ​ជា​សំណង​ផ្លូវ​ចិត្ត​”។

ចៅក្រម​ ឆែ វីរៈ ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ដីកា​ចាប់​ខ្លួន​លោក ខ្ញាហ្ស៊ឺ​ស្គី ហើយ​បាន​​ធ្វើ​ការ​ស៊ើបអង្កេត​នៅ​ខែ​មីនា កាលពី​ម្សិលមិញ​បាន​បង្វែរ​សំណួរ​ទាំង​អស់​ទៅ​ចៅក្រម​​ជំនុំជម្រះ​ ដែល​ឈ្មោះ​របស់​គាត់​​លោក​មិន​អាច​ចាំ​បាន​។

នៅ​ពេល​ការ​ចោទ​ប្រកាន់​បាន​លេច​ឡើង​ដំបូង​ លោក​ ខ្ញាហ្ស៊ឺស្គី ​បាន​ប្រឆាំង​នឹង​ការ​​ចោទ​ប្រកាន់​នោះភ្លាម​ ដោយ​​បាន​បង្ហាញ​ថា​លោក​​រៀបចំ​​កម្មវិធី​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់​​ដែល​មាន​ចំណង​ជើង​ថា “​ពេល​ល្ងាច​ជាមួយ​ មីកូឡា ខ្ញាហ្ស៊ឺស្គី​” ជា​ពេល​យប់​មុន​ការ​មាន​ការ​ចោទ​​​រំលោភ​នេះ​​ ដែល​គួប​ផ្សំ​​​នឹង​ម៉ោង​តំបន់​ និង​​​ពេល​វេលា​​គម្រោង​ហោះ​ហើរ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ គាត់​មិន​អាច​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​ក្នុង​ពេល​ដែល​​មាន​ការ​ចោទ​​ប្រកាន់​រំលោភ​នោះ​បាន​កើត​ឡើង​នោះ​ទេ។

ជនជាប់​ចោទ​​ដែល​បាន​ជាប់​ជា​សមាជិក​សភា​​អ៊ុយក្រែន​នៅ​ខែ​វិច្ឆិកា បាន​សន្និដ្ឋាន​ថា ការ​ចោទ​ប្រកាន់​ត្រូវ​បាន​ប្រឌិត​ដោយ​មហាសេដ្ឋីរុស្ស៊ី​ កុនស្តានទីន កាហ្គាឡូវស្គី ដែល​បាន​​អះអាង​ថា មាន​ “​ទំនាក់​ទំនង​ស្និទ្ធស្នាល​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​” ​ក្នុង​ប្រទេស​កម្ពុជា​​ និង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​វិមាន​ក្រឹម​ឡាំង។

ក្នុង​អុីម៉េល​មួយ​កាលពី​ម្សិលមិញ លោក ខ្ញាហ្ស៊ឺស្គី បាន​អះអាង​ថា ​គេ​បាន​ទម្លាក់​កំហុស​ដាក់​រូប​លោក​ ដោយសារ​ការ​ប្រជែង​នយោបាយ​ចាស់ជាមួយ​សមាជិក​នៃ​របប​លោក វិកទ័រ យ៉ានូកូវិក ដែល​​​មាន​សម្ព័ន្ធ​ភាព​ជាមួយ​ក្រុង​មូស្គូ ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​អំណាច​ក្នុង​បដិវត្តន៍​បង្ហូរ​ឈាម​នៅ​ឆ្នាំ​២០១៤។

លោក ប៉ូលកាឆូហ្វ ដែល​ជា​មេធាវី​ បាន​និយាយ​ថា កូនក្ដី​របស់​លោក​​​នឹង​មិន​ចាត់​វិធាន​ការ​ច្បាប់​​លើ​ការ​អះអាង​ក្លែង​នេះ​ទេ។

លោក​បាន​និយាយ​ថា “​ពេល​វេលា​នឹង​​ផ្ដន្ទា​ទោស​ជន​មាន​ពិរុទ្ធ​ទាំង​អស់​”៕ មានិត (រាយការណ៍​បន្ថែម​ដោយ អូន ភាព​)​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស