យោងតាមនគរបាលបានឲ្យដឹងថា ក្មេងប្រុសជំទង់ចំនួនបួននាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តតាកែវកាលពីថ្ងៃអង្គារ ពីបទរំលោភបូកក្មេងស្រីអាយុ១៥ឆ្នាំម្នាក់កាលពីខែមុន បន្ទាប់ពីពិធីមង្គលការមួយនៅក្នុងស្រុកអង្គរបូរី។
លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តនេះបានមានប្រសាសន៍ថា “ពួកគេបានសារភាពថា ពិតជាបានប្រព្រឹត្តិបទល្មើសនេះមែន។ ឥឡូវនេះ យើងកំពុងសើុបអង្កេតដើម្បីស្វែងរកមូលហេតុពិតប្រាកដ”។
លោក សំណាង បានលើកឡើងទៀតថា ចៅក្រមសើុបសួរកំពុងបន្តករណីនេះ ហើយថា ទឹកនោមជនសង្ស័យកំពុងត្រូវបានយកទៅធ្វើតេស្តដើម្បីចង់ដឹងថា តើពួកគេមានប្រើប្រាស់ថ្នាំញៀនដែរឬអត់។
លោក ឈួន ធី ប្រធានផ្នែកព្រហ្មទណ្ឌស្រុកអង្គរបូរីបានលើកឡើងថា ហេតុការណ៍រំលោភបូកនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា នៅម៉ោង១១យប់ នៅពេលក្មេងស្រីរងគ្រោះកំពុងតែដើរទៅផ្ទះតែម្នាក់ឯងបន្ទាប់ពីចូលរួមពិធីមង្គលការនៅក្បែរនោះ។
លោកបានមានប្រសាសន៍ថា “នៅពេលក្មេងស្រីរូបនេះកំពុងតែដើរត្រឡប់ទៅផ្ទះ ក្មេងប្រុសចំនួនបួននាក់បានចាប់អូសនាងចូលខ្ទមមួយនៅក្នុងវាលស្រែចម្ងាយប្រហែល៧០០ម៉ែត្រពីផ្ទះនាង ហើយពួកគេបានរំលោភនាងម្តងម្នាក់ៗ”។
លោក ធី បានលើកឡើងទៀតថា ក្មេងស្រីរូបនេះបានត្រឡប់ទៅរាជធានីភ្នំពេញជាទីដែលនាងធ្វើការជាអ្នកលក់ម្ហូបអាហារ ដោយពុំបានប្រាប់ឪពុកម្តាយរបស់នាងពីបញ្ហានេះឡើយ ប៉ុន្តែ ទីបំផុតនាងបានប្រាប់ឪពុកម្តាយនាងពេលត្រឡប់មកផ្ទះវិញ។
លោកបានមានប្រសាសន៍ថា “បន្ទាប់ពីយើងទទួលបានពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ យើងក៏បានហៅក្មេងប្រុសទាំងបួននាក់នេះមកសាកសួរ ហើយពួកគេបានសារភាព”។
តែទោះជាយ៉ាងណា លោក អិុន សុថា អធិការនគរបាលស្រុកនេះបានលើកឡើងថា ជនសង្ស័យទាំងបួននាក់នេះ បានសារភាពថា ពិតជាបានរំលោភបំពាននាងមែន ប៉ុន្តែ បានបដិសេធថា គ្មានការរួមភេទទេ។ លោកបានលើកឡើងទៀតថា ក្មេងស្រី រូបេនះបានប្រាប់អំពីអ្វីដែលបានកើតឡើងជាលើកដំបូងទៅកាន់ថៅកែរបស់នាងនៅរាជធានីភ្នំពេញ ដែលនាំនាងទៅមន្ទីរពេទ្យក្នុងរាជធានី បន្ទាប់ពីនាងឈឺពេលធ្វើការ។
លោកស្រី ចាន់ សុគន្ធា ប្រធានកម្មវិធីផ្នែកសិទ្ធិស្ត្រី និងកុមារនៅអង្គការសិទ្ធិមនុស្សអាដហុកបានលើកឡើងថា ហេតុការណ៍នេះជាហេតុការណ៍រំលោភបូកលើកទី៥ហើយដែលត្រូវបានរាយការណ៍នៅក្នុងឆ្នាំនេះពោលគឺស្ទើរតែស្មើនឹងករណីរំលោភបូកទាំងអស់ក្នុងឆ្នាំ២០១៤ដែលមានតែ៦ករណីនោះ។
លោកស្រីបានលើកឡើងទៀតថា ហានិភ័យនៃការរំលោភបូក ភាគច្រើនកើតនៅតាមទីជនបទ ព្រោះខ្វះសន្តិសុខសាធារណៈ៕ ស៊ុយឈាង