
យោង តាមឯកសារតុលាការឲ្យដឹងថា កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ដែលកំពុងធ្វើកូដកម្មជាងមួយ សប្តាហ៍មកហើយ ដែលទាមទារសុំដំឡើងប្រាក់ខែនិងលក្ខខណ្ឌការងារល្អប្រសើរ ត្រូវតុលាការក្រុងបញ្ជាឲ្យត្រឡប់ទៅធ្វើការវិញ។
កម្មករដើរចេញពីការងារនៅរោងចក្រ អឹម វ៉េ កាត់ដេរអន្តរជាតិ ដែលផ្គត់ផ្គង់ក្រុមហ៊ុនលក់រាយ អេឆ&អឹម កាលពីថ្ងៃទី១៩ខែឧសភា ដើម្បីទាមទារឲ្យអ្នកគ្រប់គ្រងរោងចក្រដោះស្រាយ១៧ចំណុច ក្នុងនោះមានការដំឡើងប្រាក់ធ្វើដំណើរប្រចាំខែរបស់ពួកគេពី១០ ដុល្លារដល់១៥ដុល្លារ និងប្រាក់អាហារប្រចាំថ្ងៃមួយដុល្លារផង។
យោង តាមកម្មករនិងសហជីពបានឲ្យដឹងថា ករណីនេះបានទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅដើមខែនេះ ដោយអាជ្ញាកណ្តាលបញ្ជាឲ្យកម្មករដែលធ្វើកូដកម្ម មានចំនួនប្រហែល២.០០០នាក់ក្នុងចំណោម៣.០០០នាក់ ត្រឡប់ទៅធ្វើការវិញនៅថ្ងៃទី២៣ខែឧសភា។
កម្មករ មិនគោរពតាមការសម្រេចនេះទេ ហើយករណីនេះបានទៅដល់តុលាការក្រុង។ ក្នុងឯកសារតុលាការដែលចេញកាលពីថ្ងៃអង្គារ ហើយទទួលបានកាលពី ថ្ងៃពុធឲ្យដឹងថា ចៅក្រម ហេង កេសារោ បានបញ្ជាឲ្យពួកគេ “វិលទៅកន្លែងធ្វើការនិងការងាររបស់ពួកគេវិញក្នុងពេល៤៨ម៉ោង បន្ទាប់ពីទទួលបានការជូនដំណឹងនេះ” ហើយរង់ចាំរហូតដល់តុលាការសម្រេចរឿងក្តីនេះ។
ចៅក្រម កេសារោ បាននិយាយថា “កម្មករដែលមិនត្រឡប់ទៅធ្វើការវិញតាមពេលកំណត់៤៨ម៉ោងនេះ ហើយគ្មានមូលហេតុត្រឹមត្រូវ ចាត់ទុកថា មានកំហុសធ្ងន់”។
សហជីពចំនួនប្រាំបី ក្នុងនោះមានសហព័ន្ធសហជីពកម្មករកម្ពុជាផង ក៏បានទទួលការព្រមានឲ្យ “បញ្ឈប់សកម្មជនទាំងអស់ដែលញុះញង់កម្មករ”។
ចៅក្រម កេសារោ បាននិយាយថា “កូដកម្ម នៅថ្ងៃទី១៩ឧសភា និងកូដកម្មជាបន្តបន្ទាប់ដោយកម្មករ ដែលក្នុងកូដកម្មនោះ ពួកគេត្រូវបានដឹកនាំដោយសហជីពនានា មិនធ្វើតាមនីតិវិធីនិងច្បាប់ការងារទេ”។
កម្មករ ហែម ស្រីនាង អាយុ៣២ឆ្នាំ បាននិយាយថា ពួកគេនឹងធ្វើតាមបញ្ជាតុលាការ ប៉ុន្តែនឹងបន្តការធ្វើកូដកម្ម ប្រសិនបើមិនរកដំណោះស្រាយឲ្យកម្មករទេនោះ។
អ្នកស្រីបាននិយាយថា “យើងធ្វើកូដកម្មស្របច្បាប់ ពីព្រោះយើងបានផ្តល់ការជូនដំណឹងមុន៧ថ្ងៃ”។
លោក ប្រាក់ ចាន់ធឿន អគ្គលេខាធិការនៃគណៈកម្មការសម្រាប់ការដោះស្រាយវិវាទការងារនៅ ក្រសួងការងារ បាននិយាយថា លោកបានប្រាប់សហជីពថា គេនឹងពិភាក្សាអំពីករណីនេះ ប៉ុន្តែបានព្រមានពួកគេ “កុំឲ្យធ្វើស្ថានការណ៍កាន់តែក្តៅឡើង”៕ និត