27.5 C
Phnom Penh

អ្នក​​​យក​​​ព័ត៌មាន​​​នឹង​​​មិនគោរព​​​តាម​​​បទបញ្ជា​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ជួបជុំគ្នា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​កាសែត​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ បាន​​​និយាយ​​​កាលពីម្សិលមិញ​​​ថា ពួកគេ​​​នឹង​​​មិន​​​គោរព​​​តាម​​​សំណើ​​​របស់​​​អាជ្ញាធរ​​​ខេត្ត​​​ឲ្យ​​​បញ្ឈប់​​​​​​ការ​​​ជួបជុំគ្នា​​​នៅ​​​ទីសាធារណៈ និងថត​​​រូបភាព​​​ពេល​​​ចុះ​​​យក​​​ព័ត៌មាន​​​ទេ។

អ្នក​​​កាសែត​​​ប្រហែល​​​៣០​​​នាក់​​​មក​​​ពី​​​អង្គភាព​​​ព័ត៌មាន​​​ផ្សេងៗ ​​​ត្រូវ​​​បាន​​​ហៅ​​​​​​មក​​​ការិយាល័យ​​​សាសា​​​ខេត្ត​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​ ដែល​​​លោក​​​អភិបាល​​​ខេត្តរង​​​ ញ៉ែម​​​ សំអឿន បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ស្រុក​​​បាន​​​ត្អួញ​​​ត្អែរ​​​ថា ការ​​​ជួប​​​ជុំ​​​របស់​​​ពួកគេ​​​នៅ​​​ឯ​​​ហាង​​​កាហ្វេ​​​និង​​​ទីកន្លែង​​​ដទៃ​​​ទៀត​​​នៅ​​​ក្នុង​​​ក្រុង​​​បានលុង គឺ​​​មិន​​​ល្អមើល​​​សោះ។

អ្នក​​​កាសែត​​​ដែល​​​ទាក់​​​ទង​​​បាន​​​កាលពីម្សិលមិញ​​​បាន​​​និយាយ​​​ថា លោក សំអឿន ប៉ុនប៉ង​​​ចាត់ទុក​​​ថាជារឿង​​​ខុស​​​ច្បាប់​​​នូវ​​​ការ​​​ជួប​​​ជុំគ្នា​​​របស់​​​អ្នក​​​កាសែត​​​។ ទោះជាយ៉ាង​​​នេះ​​​ក្តី លោកអភិបាល​​​ខេត្ត​រង​​​ បាន​​​មាន​​​ប្រសាសន៍ថា លោកគ្រាន់​​​តែ​​​ហៅ​​​អ្នក​​​កាសែត​​​ទាំងនោះ​​​ឲ្យ​​​ធ្វើ​​​តាម​​​សំណើ​​​ ហើយ​​​”យោគយល់​​​គ្នា​​​ទៅវិញ​​​ទៅមក​​​”​​​ប៉ុណ្ណោះ។

លោក សំអឿន បាន​​​និយាយ​​​អំពី​​​ការ​​​ជួប​​​ជុំ​​​របស់​​​អ្នក​​​កាសែត​​​ថា “វា​​​មិន​​​មែន​​​ជាការ​​​ហាម​​​ប្រាម​​​ធ្ងន់​​​ធ្ងរ​​​ទេ​​​ ប៉ុន្តែ​​​ វា​​​គ្រាន់​​​តែ​​​រឿង​​​បែប​​​​​​ហ្នឹង​​​ ចំពោះ​​​ភ្នែក​​​ប្រជាពលរដ្ឋ​​​វា​​​មិន​​​សម​​​រម្យ​​​ទេ​ យើង​​​គ្រាន់​​​តែ​​​សំណូមពរ​​​ប៉ុណ្ណោះ។ នៅ​​​ក្នុង​​​ក្រុង​​​បាន​​​លុង​​​ យើង​​​ឃើញ​​​អ្នក​​​កាសែត​​​ប្រមូល​​​ផ្តុំគ្នា​​​ ហើយ​​​វា​​​មិនល្អ​​​មើល​​​សោះ​​​​​​​​”។

នៅ​​​រយៈពេលប៉ុន្មាន​​​ខែ​​​​​​ថ្មីៗ​​​កន្លង​​​មក​​​នេះ​​​ ខេត្ត​​​រតនគិរី​​​មាន​​​ព័ត៌មាន​​​ជាច្រើន ខណៈ​​​ដែល​​​មាន​​​ការ​​​ឆ្លង​​​ចូល​​​ម៉ុង​​​តាញ៉ា​​​រាប់​​​សិប​​​នាក់​​​ ជាកុលសម្ព័ន្ធ​​​​​​តំបន់ភ្នំ​​​មក​​​ពី​​​​​តំបន់​​​ភ្នំ​​​ភាគ​​​កណ្តាល​​​វៀតណាម​​​ ដែល​​​និយាយ​​​ថា ពួកគេ​​​បាន​​​ភៀសខ្លួន​​​ពីប្រទេស​​​របស់​​​ខ្លួន​​​ដោយ​​​សារតែ​​​មាន​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​ផ្នែក​​​សាសនា​​​និង​​​នយោបាយ​​​។

ម៉ុងតាញ៉ា​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​បញ្ហា​​​ការទូត​​​សម្រាប់​​​ក្រុង​​​ភ្នំពេញ​​​ ដោយ​​​រដ្ឋាភិបាល​​​ក្រុង​​​ហាណយ​​​ស្នើ​​​សុំ​​​ឲ្យមាន​​​ការ​​​បញ្ជូន​​​ពួកគេ​​​មក​​​វិញ​​​ ក្នុង​​​ពេល​​​ដែល​​​អង្គការ​​​សហប្រជាជាតិ​​​បាន​​​ជំរុញ​​​ឲ្យ​​​ពួក​​​គេ​​​ក្លាយ​​​ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធ​​​ិជ្រក​​​កោន​​​។ ក្នុង​​​ខែ​​​មេសា​​​ ការិយាល័យ​​​មួយ​​​ដែល​​​យាម​​​កាម​​​ដោយ​​​ទាហាន​​​ ប៉ូលិស​​​ កង​​​រាជ​​​អាវុធហត្ថ​​​ប្រមាណ​​​១០០នាក់​​​ ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​តាម​​​ព្រំដែន​​​ក្នុង​​​ខេត្ត​​​រតនគីរី ដើម្បី​​​​​​បញ្ឈប់​​​ពួក​​​ម៉ុងតាញ៉ា​​​មិនឲ្យ​​​​​​​​​ឆ្លង​​​​​​​​​​​​​​​​​​ចូល​​​ដោយខុស​​​ច្បាប់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

ខេត្ត​​​រតនគិរី ​​​គឺជាតំបន់​​​ដែល​​​សកម្ម​​​បំផុត​​​មួយ​​​​​​ខាង​​​​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់។ ឧកញ៉ា​​​រកស៊ី​​​ឈើ​​​ ទ្រី ភាព មាន​​​ការិយាល័យ​​​ជាច្រើន​​​ កាស៊ីណូមួយ និង​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​ខេត្ត​​​នោះ​​​។

ក្នុង​​​ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១២ អ្នកកាសែត​​​ ហង្ស សេរី​​​ឧត្តម ដែល​​​បាន​​​រាយការណ៍​​​ព័ត៌មានអំពី​​​ឧក្រិដ្ឋកម្ម​​​ព្រៃ​​​ឈើក្នុង​​​ខេត្ត​​​នេះ​​​ឲ្យ​​​កាសែត​​​មិន​​​សូវ​​​ឮ​​​ឈ្មោះ ត្រូវ​​​បាន​​​​​​​​​គេ​​​សម្លាប់ញាត់​​​ចូល​​​​​​​​​ក្នុង​​​ឃ្លុប​​​​​​រថយន្ត​​​របស់​​​លោក។​​​​​​

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោកអភិបាល​​​រង​​​ខេត្ត​​​រូប​​​នេះ មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​លើ​​​ការ​​​ទាក់​​​ទង​​​រវាង​​​ការ​​​ប្រជុំ​​​របស់​​​លោក​​​ជាមួយ​​​អ្នក​​​កាសែត​​​និង​​​ព្រឹត្តិការណ៍​​​ព័ត៌មាន​​​ណាមួយទេ ដោយ​​​គ្រាន់តែ​​​មាន​​​ប្រសាសន៍​​​ថា ការ​​​រាយ​​​ការណ៍​​​ព័ត៌មាន​​​ពី​​​ខេត្ត​​​នេះ ជារឿយៗ​​​មិន​​​ត្រឹម​​​ត្រូវ។

​​​លោក សំអឿន បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា”សារព័ត៌មាន​​​ខ្លះ​​​មិន​​​មាន​​​ព័ត៌មាន​​​ពិស្តារ​​​ទេ នៅ​​​ពេល​​​ដែល​​​ពួក​​​គេ​​​ផ្សាយ​​​ព័ត៌មាន​​​។ កាល​​​ពី​​​មុន យើង​​​បាន​​​ឃើញ​​​ថា អ្នក​​​កាសែត​​​ខ្លះ​​​ហួសពី​​​អ្នក​​​កាសែត​​​ទៅ​​​ទៀត ហើយ​​​ពួក​​​គេ​​​ដើរ​​​តួ​​​ដូច​​​ជា​​​ពួកគេ​​​ប៉ូ​​​លិស​​​អ៊ី​​​ចឹង”។

លោក ទេព សុទ្ធី អ្នក​​​យក​​​ព័ត៌មាន​​​ទូរទស្សន៍​​​អាស៊ី​​​អគ្នេយ៍​​​ ដែល​​​បាន​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ បាន​​​និយាយ​​​ថា លោក សំអឿន​​​ បាន​​​ណែនាំ​​​អ្នក​​​យកព័ត៌មាន​​​មិន​​​ឲ្យ​​​ដេញ​​​តាម​​​រឿង​​​ដើម្បី​​​សុវត្ថិភាព​​​ផ្ទាល់​​​ខ្លួន។​​​​​​

លោក សុទ្ធី​​​បាន​​​រំឭកពី​​​សំដី​​​លោក​​​អភិបាល​​​​​​រង​​​ខេត្ត​​​ថា “ការ​​​​​​ប្រមូល​​​ផ្តុំ​​​អ្នក​​​កាសែត​​​ ដេញ​​​តាម​​​រឿង និង​​​​​​ថត​​​រូប​​​បទ​​​ល្មើស​​​មួយ​​​ចំនួន​​​ នឹង​​​មាន​​​គ្រោះ​​​ថ្នាក់​​​សម្រាប់​​​អ្នក​​​កាសែត”។​​​​​​

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី អ្នក​​​យក​​​ព័ត៌មាន​​​ទូរទស្សន៍​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា លោក​​​ជឿ​​​ថា ការ​​​ព្រួយ​​​បារម្ភ​​​របស់​​​លោក​​​អភិបាល​​​រង​​​ខេត្ត​​​ គឺ​​​មិន​​​មែន​​​ដើម្បី​​​អ្នក​​​កាសែត​​​ទេ ប៉ុន្តែ​​​សម្រាប់​​​​​​មនុស្ស​​​ដែល​​​អ្នក​​​កាសែត​​​ស៊ើប​​​អង្កេត។

អ្នក​​​យក​​​ព័ត៌មាន​​​ទូរទស្សន៍​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ថា “ខ្ញុំ​​​គិត​​​ថា វាមិន​​​មែន​​​ជា​​​មតិ​​​របស់​​​ប្រជាពលរដ្ឋ ទេ​​​ វា​​​ជា​​​មតិ​​​របស់​​​ឈ្មួញដែល​​​មិន​​​ចង់​​​ឲ្យ​​​យើង​​​​​​លាត​​​ត្រដាង​​​នូវ​​​សកម្ម​​​​​​​​ភាព​​​របស់​​​គេ​​​និង​​​ប៉ះ​​ពាល់​​​ដល់​​​ផល​​​ប្រយោជន៍​​​ពួក​​​គេ”។

លោក អ៊ុច សាវុធ អ្នក​​​យក​​​ព័ត៌មាន​​​កាសែត​​​នគរ​​​វត្ត បាន​​​និយាយ​​​ថា អ្នក​​​កាសែត​​​តែងតែ​​​ប្រមូល​​​ផ្តុំគ្នា​​​​​​នៅ​​​ឯ​​​ហាង​​​កាហ្វេ​​​មួយ​​​កន្លែង​​​នៅ​​​ក្នុង​​​សង្កាត់​​​បឹង​​​កន្សែង​​​ ក្រុង​​​បាន​​​លុង​​​ ហើយ​​​ថា ពួកគេ​​​នឹង​​​បន្ត​​​ធ្វើ​​​ដូច​​​មុន​​​​​​ទោះ​​​បី​​​មាន “​​​សំណើ”​​​ របស់​​​ថ្នាក់​​​ខេត្ត​​​ក៏​​​ដោយ។

លោក គីម សុវណ្ណរិទ្ធ ដែល​​​ធ្វើ​​​ការ​​​ឲ្យ​​​ស៊ី​​​ធី​​​វី​​​៨ បាន​​​និយាយថា​​​ ការ​​​ជួប​​​ជុំ​​​គ្នា គឺ​​​ជាផ្នែក​​​សំខាន់​​​នៃ​​​ការងារ​​​អ្នក​​​កាសែត។​​​​​​​​​

លោក សុវណ្ណរិទ្ធ បាន​​​និយាយ​​​បន្ថែម​​​ថា ការ​​​ថត​​​រូប​​​ដែល​​​លោក​​​អភិ​​​បាល​​​រង​​​ខេត្ត​​​បាន​​​បញ្ជាក់​​​ថា​​​គ្រោះ​​​ថ្នាក់​​​​​​ គឺ​​​ចាំ​​​បាច់​​​បំផុត “យើង​​​ជា​​​អ្នក​​​យកព័ត៌មាន​​​ ហើយ​​​យើង​​​ត្រូវ​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​​​​​​​ប្តូរ​​​ព័ត៌មាន​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក”។​​​

លោក សុវណ្ណរិទ្ធ បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​យើង​​​មិន​​​ដេញ​​​តាម​​​ថត​​​រូប​​​ទេ ពួកគេ​​​ចោទ​​​យើង​​​ថា​​​ផ្សាយ​​​ព័ត៌មាន​​​មិន​​​ពិត​​​ ក្នុង​​​ពេល​​​ដែល​​​យើង​​​ផ្សាយ​​​ព័ត៌មាន​​​របស់​​​យើង”។

លោក មឿន ឈានណារិទ្ធ នាយក​​​វិទ្យាស្ថាន​​​កម្ពុជា​​​សម្រាប់​​​ការសិក្សាផ្នែក​​​សារ​​​ព័ត៌មាន ហៅ​​​​​​សំណើ​​​របស់​​​លោក​​​អភិបាលរង​​​ខេត្ត​​​ថា”ចម្លែក” ហើយ​​​បាន​​​និយាយ​​​ថា ជា​​​លើក​​​ដំបូង​​​ហើយ​​​ដែល​​​លោក​​​បានឮ​​​ពី​​​ការ​​​ហាម​​​ឃាត់​​​បែប​​​ហ្នឹង​​​ក្នុង​​​ប្រទេស​​​កម្ពុជា។​​​

លោក ឈាន​​​ណារិទ្ធ បាន​​​និយាយ​​​ថា “វា​​​ជា​​​ការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស ដែល​​​ធានា​​​ដោយ​​​រដ្ឋ​​​ធម្ម​​​នុញ្ញ និង​​​សេរី​​​ភាព​​​និង​​​សិទ្ធិ​​​អ្នក​​​កាសែត។ វាអាច​​​ថាមាន​​​អ្វី​​​អាថ៌កំបាំង​​​នៅ​​​ពី​​​ក្រោយ​​​អាជ្ញាធរ​​​ដែល​​​ហាមឃាត់​​​អ្នក​​​កាសែត​​​មិន​​​ឲ្យ​​​ប្រមូល​​​ផ្តុំ​​​គ្នា”៕រើន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស