34 C
Phnom Penh

ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​រយៈ​ពេល​រស់​នៅ​ក្នុង​ឥណ្ឌូចិន​របស់​អ្នក​និពន្ធ ម៉ាលរ៉ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង់ដ្រេ ម៉ាល់​​​រ៉ូ និង​​​ភរិយា​​​របស់​​​គាត់​​​ឈ្មោះ​​​ ក្លារ៉ា ក្នុង​​​ឆ្នាំ​​​១៩២២។ រូបថតដោយ Florence Malraux
អង់ដ្រេ ម៉ាល់​​​រ៉ូ និង​​​ភរិយា​​​របស់​​​គាត់​​​ឈ្មោះ​​​ ក្លារ៉ា ក្នុង​​​ឆ្នាំ​​​១៩២២។ រូបថតដោយ Florence Malraux

នៅ​ខែ​ធ្នូ​ឆ្នាំ​១៩២៣ យុវជន​ម្នាក់​ដែល​ក្លាយ​ជា​អ្នក​និពន្ធ​ល្បី​ល្បាញ​របស់​ប្រទេស​បារាំង ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បាន​លួច​រូប​បដិមា​ពី​ប្រាសាទ​បន្ទាយ​ស្រី​ក្នុង​ខេត្ត​សៀមរាប។

លោក អង់ដ្រេ ម៉ាលរ៉ូ (Andre Malraux) ដែល​នៅ​អាយុ​២២​ឆ្នាំ ជា​មនុស្ស​ល្បី​ស្រាប់​ក្នុង​មជ្ឈដ្ឋាន​អក្សរ​សាស្ត្រ​នៅ​ទីក្រុង​ប៉ារីស បាន​ខាត​បង់​ប្រាក់​របស់​ភរិយា​របស់​លោក ឈ្មោះ ក្លារ៉ា ទាំង​អស់​លើ​ផ្សារហ៊ុន​នៅ​ដើម​ឆ្នាំ​នោះ ហើយ​ដើម្បី​ចេញ​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ពួកគេ ក៏​កើត​មាន​គំនិត​រៀបចំ​គម្រោង​លួច​វត្ថុ​បុរាណ​ខ្មែរ ហើយ​យក​វត្ថុ​ទាំង​នោះ​ទៅ​លក់​នៅ​អឺរ៉ុប។

សាលា​ក្តី​ក្រុង​ភ្នំពេញ​របស់​រដ្ឋបាល​បារាំង​បាន​ផ្តន្ទា​ទោស​រូប​គាត់​ដាក់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​នៅ​ក្រុង​សាយហ្គន​បាន​បន្ថយ​ទោស​នោះ​មក​នៅ​ត្រឹម​ទោស​ព្យួរ​មួយ​ឆ្នាំ​វិញ។

ការ​ជំនុំ​ជម្រះ​ទោស​ទាំង​នេះ​បាន​បង្ខំ លោក ម៉ាលរ៉ូ ​ឲ្យ​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​១៩២៤​នៅ​ក្រុង​ភ្នំពេញ​និង​ក្រុង​សាយហ្គន។

ជា​អ្នក​វិទ្យា​សាស្ត្រ​នយោបាយ​និង​ជា​អ្នក​ស្រាវជ្រាវ លោក រ៉ាអ៊ូល ម៉ាក ហ្សេណា (Raoul Marc Jennar) នឹង​ពន្យល់​នៅ​ក្នុង​សន្និសីទ​មួយ​នៅ​វិទ្យាស្ថាន​បារាំង​នា​ពេល​យប់​នេះ ពេល​វេលា​របស់​លោក ម៉ាលរ៉ូ ក្នុង​តំបន់​នេះ​ជា​ចំណុច​របត់​មួយ​ដែល​មាន​ឥទ្ធិពល​លើ​បុរស​រូប​នេះ និង​ជា​អ្នក​និពន្ធ​ម្នាក់។ លោក ហ្សេណា សរសេរ​រឿង​នេះ​ក្នុង​សៀវភៅ​ថ្មី​របស់​លោក ដែល​មាន​ចំណង​ជើង​ថា “Comment Malraux est devenu Malraux” មាន​ន័យ​ថា (តើ​ម៉ាលរ៉ូ ក្លាយ​ជា ម៉ាលរ៉ូ ដោយ​របៀប​ណា) ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មុន ដោយ​រោង​ពុម្ព​បារាំង​កាប​បៀរ Cap Bear។

លោក​បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​កាលពី​សប្តាហ៍​មុន​ថា “នៅ​ពេល​កំពុង​រង់ចាំ​ការ​កាត់​ក្តី​លោក ម៉ាលរ៉ូ បាន​ជួប​ប្រជាជន​អឺរ៉ុប ពលរដ្ឋ​កម្ពុជា និង អណ្ណាម ជា​ជនជាតិ​វៀតណាម គេ​ហៅ​នៅ​ពេល​នោះ ដែល​បាន​បង្ហាញ​ឲ្យ​គាត់​ដឹង​នូវ​តថ​ភាព​នៃ​សង្គម​អាណា​និគម។ ម៉ាលរ៉ូ បាន​ក្លាយ​ជា​អ្នក​ការពារ​ពលរដ្ឋ​កម្ពុជា​ប្រឆាំង​នឹង​អាណា​និគម​និយម ដែល​មិន​សូវ​គេ​ស្គាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា”។

នៅ​ពេល​ការ​ជំនំុ​ជម្រះ​នៅ​សាលា​ឧទ្ធរណ៍​របស់​លោក​ចប់ លោក ម៉ាលរ៉ូ បាន​ត្រឡប់​ទៅ​ប្រទេស​បារាំង​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​១៩២៤ ហើយ​បាន​វិល​មក​ឥណ្ឌូចិន​វិញ ជា​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​បារាំង​នៅ​ប្រទេស​កម្ពុជា ឡាវ និង វៀតណាម នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩២៥ ដើម្បី​បើក​កាសែត​នៅ​ក្រៅ​ក្រុង​សាយហ្គន។ ដៃគូ​របស់​លោក គឺ​លោក ប៉ូល ម៉ូណាំង (Paul Monin) ជា​មេធាវី​បារាំង​ដែល​ជា​ញឹកញាប់​បាន​ការពារ​ជនជាតិ​វៀតណាម​ប្រឆាំង​នឹង​រដ្ឋបាល​បារាំង។

លោក ហ្សេណា បាន​និយាយ​ថា អំឡុង​ពេល​នោះ លោក ម៉ាលរ៉ូ ជឿជាក់​ច្បាស់​ថា ប្រទេស​បារាំង ដែល​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​កម្រង​សិទ្ធិ​ឯកជន​របស់​ខ្លួន​ក្នុង​ឆ្នាំ​១៧៨៩ និង​ចាត់​ទុក​ខ្លួន​ឯង​ជា​ជើង​ឯក​ខាង​សិទ្ធិ​មនុស្ស​នោះ មិន​បាន​អនុវត្ត​សិទ្ធិ​ទាំង​នោះ​ក្នុង​ទឹក​ដី​អាណា​និគម​ឥណ្ឌូចិន​របស់​ខ្លួន​ទេ។

លោក ម៉ាលរ៉ូ និង លោក ម៉ូណាំង បាន​ឲ្យ​ឈ្មោះ​កាសែត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ថា L’Indochine។ បន្ទាប់​មក ក្រោយ​ពី​រដ្ឋាភិបាល​បារាំង​បាន​ព្យាយាម​បិទ​ការ​ចេញ​ផ្សាយ និង​មាន​ជោគជ័យ​ក្នុង​ការ​រារាំង​ការ​ចេញ​ផ្សាយ​រយៈ​ពេល​បី​ខែ​មក ពួកគេ​បាន​ប្តូរ​ឈ្មោះ​កាសែត​ទៅ​ជា L’Indochine enchainee (ឥណ្ឌូចិន​ជាប់​ច្រវាក់)។ ការ​បង្កើត​កាសែត​ជា​លើក​ទី​២​នេះ​បាន​ចេញ​ផ្សាយ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​រហូត​ដល់​ចុង​ខែ​កុម្ភៈ​ឆ្នាំ​១៩២៦។

លោក ហ្សេណា បាន​និយាយ​ថា “វា​ជា​កាសែត​មួយ​ដែល​បាន​រិះគន់​អំពើ​ពុក​រលួយ​ជា​ខ្លាំង​ក្នុង​រដ្ឋបាល​អាណានិគម និង​ឥរិយា​របស់​អាណា​និគម “ចំពោះ​ប្រជាជន​ម្ចាស់​ស្រុក។ ការ​ដាក់​គំនាប​របស់​រដ្ឋបាល​បារាំង​បាន​នាំ​ឲ្យ​កាសែត​របស់​ខ្លួន​ក្ស័យ​ធន។ សេរីភាព​សារព័ត៌មាន​គឺ​មាន​ចំពោះ​តែ​កាសែត​ដែល​កាន់​ជើង​អាណា​និគម​ប៉ុណ្ណោះ”។

សាលាក្តី​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ជំនុំជម្រះ​​​ជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធក្នុង​​​ករណី​​​បារដេស​​​ ក្នុង​​​ឆ្នាំ១៩២៥។​​​ រូបថតដោយ​​​ៈ Librairie du Siam​​​ et​​​ des Colonies collection
សាលាក្តី​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ជំនុំជម្រះ​​​ជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធក្នុង​​​ករណី​​​បារដេស​​​ ក្នុង​​​ឆ្នាំ១៩២៥។​​​ រូបថតដោយ​​​ៈ Librairie du Siam​​​ et​​​ des Colonies collection

ក្នុង​កាសែត លោក ម៉ាលរ៉ូ បាន​សរសេរ​អំពី​ការ​ជំនុំ​ជម្រះ​ក្តី​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី បាដេស គឺ​ការ​សម្លាប់​មន្ត្រី​បារាំង ហ្វេលិក ល្វី បាដេស (Felix Louis Bardez) ដែល​គេ​មិន​ចូល​ចិត្ត បន្ទាប់ពី​គាត់​បាន​មក​ប្រមូល​ពន្ធដារ​ក្នុង​ភូមិ​មួយ​នៅ​ខេត្ត​កំពង់​ឆ្នាំង។ អំឡុង​ការ​កាត់​ក្តី​ពី​បទ​សម្លាប់​នេះ ដែល​ធ្វើ​នៅ​ខែ​ធ្នូ​ឆ្នាំ​១៩២៥ បាន​លាត​ត្រដាង​ថា ប្រជាជន​ខ្មែរ​បាន​បង់​ពន្ធ​ខ្ពស់​ណាស់​ក្នុង​មនុស្ស​ម្នាក់ៗ​នៅ​ឥណ្ឌូចិន។

អំឡុង​ការ​ជំនុំ​ជម្រះ​ក្តី​របស់​លោក ម៉ាលរ៉ូ រដ្ឋបាល​បារាំង​បាន​បដិសេធ​មិន​ចែក​ឯកសារ​សំខាន់ៗ​ជាមួយ​ខាង​ចុង​ចោទ និង​បាន​ជ្រៀត​ជ្រែក​សាក្សី​ទៀត​ផង។ លោក ហ្សេណា បាន​និយាយ​ថា “ការ​កាត់​ក្តី​នោះ​ជា​ការ​ចំអក​តុលាការ”។ ការ​កាត់​ក្តី​នោះ​បាន​បញ្ចប់​ដោយ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ផ្តន្ទាទោស​ប្រហារ​ជីវិត និង​ប្រាំ​នាក់​ផ្សេង​ទៀត​ត្រូវ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ក្នុង​គុក​ទឹកដី​អាណានិគម​ទុយ៌ស​នៃ​កោះ ប៉ូឡូ កង់ដូ (Poulo Condor) ឯ​នាយ​ឆ្នេរ​សមុទ្រ​វៀតណាម។

ក្នុង​អត្ថបទ​កាសែត​ជាច្រើន​របស់​លោក លោក ម៉ាលរ៉ូ បាន​កាន់​ជើង​ប្រជាជន​ខ្មែរ​ប្រឆាំង​នឹង​ប្រព័ន្ធ​តុលាការ​អាណានិគម។ លោក ហ្សេណា បាន​និយាយ​ថា “​ការ​កាត់​ក្តី​នេះ​បាន​ធ្វើ​ឲ្យ​លោក ម៉ាលរ៉ូ ជឿ​ថា ប្រព័ន្ធ​អាណា​និគម​មិន​អាច​ប្រសើរ​ឡើង​បាន​ទេ វា​ប្រាកដ​ជា​រង​ការ​បង្ក្រាប…​ ឯករាជ្យ​ភាព​គឺ​ជា​រឿង​ចាំ​បាច់”។

លោក ហ្សេណា បាន​និយាយ​ថា “ក្នុង​កាសែត លោក​ក៏​បាន​រិះគន់​ការ​រំលោភ​យក​ដី ជា​បាតុភូត​ដែល​នៅ​តែ​ឃើញ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម”។

៉សព្វ​ថ្ងៃ​នេះ លែង​មាន​អាណានិគម​ទៀត​ហើយ តែ​មាន​ក្រុមហ៊ុន​ពហុជាតិ លែង​មាន​រដ្ឋបាល​អាណានិគម តែ​មាន​អាជ្ញាធរ​ជាតិ​ជំនួស​វិញ។ ប៉ុន្តែ​បាតុភូត​នេះ​​នៅ​តែ​មាន​ដដែល”។

ឈឺ​ដោយសារ​ការ​អស់​កម្លាំង លោក ម៉ាលរ៉ូ បាន​វិល​ទៅ​ប្រទេស​បារាំង​វិញ​នៅ​ថ្ងៃ​ទី​៣០​ខែ​ធ្នូ​ឆ្នាំ​១៩២៥ ប៉ុន្តែ​បាន​បន្ត​សរសេរ​ឲ្យ​កាសែត​នេះ។ លោក​បាន​ធ្វើ​ដំណើរ​ច្រើន​ទៀត​ទៅ​ទ្វីប​អាស៊ី​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩២០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៣០។ សៀវភៅ​នៅ​ឆ្នាំ​១៩៣០​របស់​លោក មាន​ចំណងជើង​ថា “La voie royale” ជា​ភាសា​អង់គ្លេស (“The Royal Way”) ឬ ព្រះ​រាជ​មាគា៌ ដែល​ផ្អែក​លើ​ព្រឹត្តិការណ៍​របស់​លោក​នៅ​បន្ទាយ​ស្រី ក្នុង​ព្រៃ​ខ្មែរ បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​រង្វាន់​អក្សរ​សាស្ត្រ​បារាំងInterallié Prize។

នៅ​ឆ្នាំ​១៩៣៣ សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា “La Condition humaine” មាន​ន័យ​ថា “វាសនា​របស់​មនុស្ស” បាន​ទទួល​រង្វាន់​អក្សរ​សាស្ត្រ​មាន​កិត្យានុភាព​បំផុត​របស់​ប្រទេស​បារាំង គឺ​រង្វាន់ the Goncourt Prize។ សៀវភៅ​នេះ​ស្តី​អំពី​ការ​បង្ក្រាប​ដ៏​ព្រៃផ្សៃ​នៅ​ឆ្នាំ​១៩២៧​ពីសំណាក់​អង្គការ​កុម្មុយនិស្ត​នៅ​ក្រុង​សៀងហៃ ​ដោយ​កម្លាំង​យោធា​របស់ ជៀង កៃជៀក (Chiang Kai-shek) និង​ភាគី​អភិរក្ស​ផ្សេងទៀត។

បុរស​រូប​នេះ​ដែល​បាន​ចាក​ចេញ​ពី​ក្រុង​សាយហ្គន​នៅ​ឆ្នាំ​១៩២៥​គឺ​ខុស​គ្នា​ស្រឡះ​ពី​បុរស​ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​ពីរ​ឆ្នាំ​មុន​នោះ ដើម្បី​លួច​វត្ថុ​បុរាណ​ខ្មែរ។

លោក ហ្សេណា បាន​និយាយ​ថា មុន​ការ​ធ្វើ​ដំណើរ​របស់​គាត់​មក​ប្រទេស​កម្ពុជា លោក ម៉ាលរ៉ូ មិន​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​រឿង​នយោបាយ​ទេ។ នៅ​ពេល​គាត់​បាន​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ គាត់​បាន​ក្លាយ​ជា​អ្នក​និពន្ធ​ពាក់ព័ន្ធ​រឿង​នយោបាយ។

លោក ហ្សេណា បាន​និយាយ​ថា “សម័យ​ឥឡូវ បែប​បញ្ញវន្ត ដែល​យើង​ដឹង​ច្បាស់។ ប៉ុន្តែ​នៅ​សម័យ​នោះ កម្រ​ណាស់ ថ្មី​ណាស់”។ នៅ​ត្រឹម​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ដែល​បញ្ញវន្ត​បារាំង មាន​លោក ម៉ាលរ៉ូ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ចូល​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​ប្រយុទ្ធ​នឹង​របប​យោធា ហ្វ្រានកូ នៅ​ប្រទេស​អេស្ប៉ាញ និង​អីត្លែរ នៅ​អាឡឺម៉ង់​ណាហ្ស៊ី។

លោក ម៉ាលរ៉ូ បាន​ចូល​រួម​ក្នុង​ក្រុម​តស៊ូ​បារាំង​ពេល​ដែល​ប្រទេស​បារាំង​ត្រូវ​បាន​ប្រទេស​អាឡឺម៉ង់​កាន់កាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ និង​បាន​ធ្វើ​ជា​មិត្ត​ភក្តិ​ជាមួយ​លោក សាល ដឺ ហ្គោល ជា​សំឡេង​ចលនា​តស៊ូ។ លោក​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​បារាំង​ពី​ឆ្នាំ​១៩៥៩​ដល់​ឆ្នាំ​១៩៦៩ ក្នុង​អាណត្តិ​ប្រធានាធិបតី​របស់​លោក ដឺ ហ្គោល។

កើត​នៅ​ឆ្នាំ​១៩៤៦​ក្នុង​ប្រទេស​បែលហ្ស៊ិក លោក ហ្សេណា បាន​ចំណាយ​ពេល​មួយ​ទសវត្សរ៍​ធ្វើ​ជា​សាស្ត្រាចារ្យ​អក្សរ​សាស្ត្រ មុន​ពេល​ចាប់​យក​ការងារ​ជា​ទីប្រឹក្សា​កិច្ចការ​បរទេស​របស់​រដ្ឋាភិបាល​និង​ព្រឹទ្ធ​សភា​បែលហ្ស៊ិក ករណី​ដំបូង​របស់​លោក​គឺ​ផ្តោត​លើ​ការ​បណ្តេញ​ខ្មែរ​ក្រហម​ដោយ​កម្លាំង​វៀតណាម​និង​កម្ពុជា​នៅ​ខែ​មករា​ឆ្នាំ​១៩៧៩។

ពី​ឆ្នាំ​១៩៨៩​ដល់​១៩៩៩ លោក ហ្សេណា ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើការ​ជា​ទីប្រឹក្សា​អង្គការ NGO អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ។ ដោយ​បាន​សរសេរ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​របស់​លោក​ស្តីពី​បញ្ហា​ព្រំដែន​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៧ លោក​បាន​បម្រើការ​ជា​ទីប្រឹក្សា​របស់​ប្រទេស​កម្ពុជា​នៅ​តុលាការ​អន្តរជាតិ ក្រុង​ឡាអេ ដែល​ទាក់ទង​នឹង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ដែល​ប្រទេស​កម្ពុជា​បាន​ឈ្នះ​ប្រទេស​ថៃ​ពីរ​ឆ្នាំ​មុន​នេះ។

លោក​បាន​និយាយ​ថា ចាប់​ចិត្ត​ជា​ខ្លាំង​នឹង​លោក ម៉ាលរ៉ូ តាំង​ពី​នៅ​ជំទង់ លោក ហ្សេណា មាន​បំណង​សរសេរ​អំពី​រូប​គាត់​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​ប្រាកដ​ថា​គាត់​ត្រូវ​បន្ថែម​អ្វី​ទៅ​នឹង​អក្សរ​សាស្ត្រ ដែល​មាន​ស្រាប់​លើ​អ្នក​និពន្ធ​នេះ​ទេ។

លោក​បាន​និយាយ​ថា “ប៉ុន្តែ​នៅ​ទី​បញ្ចប់​ខ្ញុំ​ដឹង​ថា ចំពោះ​រយៈ​ពេល​២៦​ខែ​ដែល​លោក​បាន​ស្នាក់​នៅ​ឥណ្ឌូចិន រវាង​ឆ្នាំ​១៩២៣​ដល់​ឆ្នាំ​១៩២៥ អ្នក​និពន្ធ​ជីវប្រវត្តិ​សំខាន់ៗ​របស់​លោក​មាន​ការ​ចាប់​អារម្មណ៍​តិចតួច​ទៅ​នឹង​រយៈ​ពេល​នោះ ដែល​នឹង​ធ្វើ​ឲ្យ​លោក ម៉ាលរ៉ូ ផ្លាស់​ប្តូរ”។

សន្និសីទ​របស់​លោក ហ្សេណា នៅ​វិទ្យាស្ថាន​បារាំង ដែល​ចាប់​ផ្តើម​នៅ​ម៉ោង​៧​ល្ងាច នឹង​ធ្វើ​ជា​ភាសា​បារាំង​ដោយ​មាន​ការ​បកប្រែ​ប្រដេញ​ជា​ភាសា​អង់គ្លេស​និង​ភាសា​ខ្មែរ។

មុន​សន្និសីទ​នេះ មាន​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​របស់​លោក ប៉ាន់ រិទ្ធី នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ជា​ខ្សែ​ភាពយន្ត​ឯកសារ​បង្កើត​ឡើង​យ៉ាង​ចំណាន មាន​ចំណង​ជើង​ថា “La France est notre patrie” ឬ ប្រទេស​បារាំង​ជា​មាតុភូមិ​របស់​យើង ដែល​បង្ហាញ​ឲ្យ​ឃើញ​ទឹក​ដី​អាណា​និគម​ជាច្រើន​របស់​បារាំង​តាម​រយៈ​ក្រសែ​ភ្នែក​របស់​ប្រជាជន​បារាំង ដែល​រស់​នៅ​ក្នុង ឬ ទៅ​លេង​ទឹក​ដី​ទាំង​នោះ៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស