34 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​អំពាវ​នាវ​​ឲ្យ​មាន​ការ​ប្ដូរ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam-photo-NEC1

គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​​ប្ដូរ​ភ្លាមៗ​នូវ​តំណែង​អគ្គលេខាធិការ​​នៃ​គណៈ​​​កម្មាធិការ​​​ជាតិ​​​​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) គឺ​លោក ទេព នីថា ដែល​នៅ​តែ​ស្ថិត​ក្នុង​តំណែង​របស់​ខ្លួន​​បើ​ទោះ​ជា​មាន​​កំណែទម្រង់​ស្ថាប័ន​នេះ​ទាំង​ស្រុង​កាលពី​ខែ​មេសា​ហើយ​ក្ដី​។

បន្ទាប់ពី​ការ​​ចរចា​ជាច្រើន​ខែ​ តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​​ និង​​ខាង​គណ​បក្ស​ប្រជាជនកម្ពុជា​កំពុង​កាន់​អំណាច​បាន​អនុម័ត​ច្បាប់​​ គ.ជ.ប.ថ្មី និង​ច្បាប់​បោះ​ឆ្នោត​​ដែល​​កែប្រែ​កាលពី​ខែ​មីនា ដោយ​បើក​ផ្លូវ​ឲ្យ​មាន​​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​​​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ដែល​ត្រូវ​បាន​អនុម័ត​យល់​ព្រម​ដោយ​សភា​ជាតិ​កាលពី​ថ្ងៃទី​៩ ខែ​េមសា។

គ.ជ.ប. ​ទ្វេ​បក្ស​​ថ្មី​នេះ​ ដែល​មាន​សមាជិក​​បួន​រូប​​តែង​តាំង​ដោយ​គណបក្ស​នីមួយៗ និង​សមាជិក​ទី៩​​ជា​សមាជិក​អព្យាក្រឹត​ នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ឆ្នាំ​២០១៨​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ការ​ជ្រើស​រើស​អគ្គលេខាធិការ​ គ.ជ.ប.​ថ្មី ដែល​ជា​រដ្ឋបាល​កំពូល​របស់​ស្ថាប័ន​នេះ​​​គួរ​ធ្វើ​ឡើង​យូរ​ហើយ​។

លោក​ សុវណ្ណ ​បាន​និយាយ​ថា “​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ គ.ជ.ប.​ ឲ្យ​ជំនួស​អគ្គលេខាធិការ​ចាស់​​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​​”។

លោក សុវណ្ណ បាន​បន្ថែម​ថា លោក​បាន​លើក​បញ្ហា​នេះ​ជាមួយ​សមាជិក​បក្ស​នៅ​កិច្ច​ប្រជុំ​មួយ​កាលពី​ដើម​សប្ដាហ៍​នេះ។

លោក​បាន​និយាយ​ថា ដើម្បី​ឲ្យ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នេះ​ដាច់​ស្រឡះ​ពី​ គ.ជ.ប.​ចាស់ ​​ដែល​​ទទួល​រង​ការ​ចោទ​ប្រកាន់​​ថា​បាន​បន្លំ​សន្លឹក​ឆ្នោត​​​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ នីថា ដែល​ជា​អគ្គលេខាធិការ​​ស្ថាប័ន​​នេះ​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​ ត្រូវ​​តែ​ចេញ​ពី​តំណែង​។

លោក សុវណ្ណ បាន​និយាយ​ថា “​ខ្ញុំ​មិន​គិត​ថា គាត់​គ្មាន​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​គាត់​កាន់​​តំណែង​នេះ​​​អស់​រយៈ​ពេល​យូរមក​​ហើយ​ ហើយ​​នៅ​ពេល​កាន់​តំណែង​នេះ​ ភាព​មិន​ប្រក្រតី​ជា​ច្រើន​បាន​កើត​ឡើង​ និង​បណ្ដាល​ឲ្យ​មាន​ការ​​ជាប់​គាំង​នយោបាយ​​”។

លោក​បាន​បន្ថែម​ថា “​ខ្ញុំ​មិន​ចង់​និយាយ​ដោយ​ផ្ទាល់​អំពី​នរណា​ម្នាក់​ទេ ប៉ុន្តែ​យើង​ចង់​ធានា​ថា ដំណើរ​ការ​ទាំង​មូល​នៃ​ គ.ជ.ប. គឺ​ឯករាជ្យ​ និង​អព្យាក្រឹត”។

លោក ហង្ស ពុទ្ធា អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​ជើង​ចាស់​ដែល​ទទួល​បាន​ការ​តែង​តាំង​ជា​សមាជិក​​ គ.ជ.ប. អព្យាក្រឹត​ និង​បាន​​ទទួល​តួនាទី​ជា​អ្នក​នាំពាក្យ​​របស់​ស្ថាប័ន​នេះ បាន​និយាយ​ថា គណៈកម្មាធិការ​នេះ​​បច្ចុប្បន្ន​កំពុង​រៀបចំ​រដ្ឋបាល​របស់​ខ្លួន​ឡើង​វិញ។

លោក​ ពុទ្ធា បាន​និយាយ​ថា “​គ.ជ.ប. ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ព្រាង​អនុក្រឹត្យ​ស្ដីពី​អគ្គលេខាធិការដ្ឋាន​”។ លោក​បាន​ពន្យល់​ថា គណៈកម្មាធិការ​​ពិសេស​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញ​ភារកិច្ច​នេះ។

“​សេចក្ដី​ព្រាង​នេះ​​នឹង​ត្រូវ​បញ្ជូន​ទៅ​​ គ.ជ.ប. សម្រាប់​ការ​ពិនិត្យ​ឡើង​វិញ មុន​ពេល​បញ្ជូន​ទៅ​ក្រសួង​មុខងារ​សាធារណៈ​​ដើម្បី​ឲ្យ​ប្រាកដ​ថា ឯកសារ​របស់​យើង​ស្រប​តាម​ច្បាប់​”។

លោក ពុទ្ធា បាន​បដិសេធ​មិន​និយាយ​ឲ្យ​ច្បាស់​ថា ពេល​​ណា​អគ្គលេខាធិការ​ថ្មី​ត្រូវ​តែង​តាំង​នោះ​ទេ។

លោក​បាន​​និយាយ​ថា “​ខ្ញុំ​មិន​អាច​​ប្រាប់​​កាលបរិច្ឆេទ​ជាក់​លាក់​ចំពោះ​បញ្ហា​នេះ​ទេ ប៉ុន្តែ​​វា​នឹង​ចេញ​ក្នុង​រង្វង់​ពេល​បី​ខែ​​គិត​ចាប់​ពី​ពេល​ឥឡូវ​នេះ​ទៅ​”។

លោក នីថា បាន​និយាយ​ថា ការ​ជ្រើស​រើស​អគ្គលេខាធិការ​ថ្មី​អាស្រ័យ​លើ​សមាជិក​ គ.ជ.ប. ​ទន្ទឹម​នឹង​នោះ​ក៏​បាន​​លើក​ឡើង​ដែរ​ថា ​លោក​មាន​លក្ខណៈ​សម្បត្តិ​ល្អ​សម្រាប់​កិច្ច​ការ​នេះ។

លោក​បាន​និយាយ​ថា “តាម​​ពិត​ទៅ​ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​អំពី​បញ្ហា​នេះ​ទេ ដោយ​ហេតុ​ថា ខ្ញុំ​មិន​ស្ថិត​ក្នុង​តំណែង​​ត្រូវ​ជ្រើស​រើស​”។

លោក​បាន​បន្ថែម​ថា “​ជា​ទូទៅ​ ខ្ញុំ​មាន​សិទ្ធិ​ដូច​អ្នក​ដទៃ​ទៀត​ដែរ​ក្នុង​ការ​ដាក់​ពាក្យ​​ដើម្បី​​យក​តំណែង​នេះ​។ មាន​ន័យ​ថា ខ្ញុំ​មាន​សមត្ថភាព​”៕ មានិត​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស