បន្ទាប់ពីចំនួននៃអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ាដែលមកដល់រាជធានីភ្នំពេញបានកើតឡើងដល់៧៤នាក់ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញថា រដ្ឋាភិបាល “ធុញទ្រាន់” នឹងអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ា ហើយគ្មានផែនការអនុញ្ញាតឲ្យពួកគេដាក់ពាក្យសុំសិទ្ធិជ្រកកោនឡើយ។
ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងនេះបានលើកឡើងថា កម្ពុជាប្រហែលជានឹងមិនអនុញ្ញាតឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាស្នាក់នៅក្នុងប្រទេសឡើយ ប្រសិនបើមិនបានរងការរិះគន់ចំពោះការនិរទេសក្រុមមុនៗនោះ។
លោកបានមានប្រសាសន៍ថា “យើងធុញទ្រាន់នឹងកម្មវិធីជនភៀសខ្លួន និងជនជាតិភាគតិចម៉ុងតាញ៉ា។ យើងគ្មានចំណាប់អារម្មណ៍ណាមួយលើពួកគេឡើយ ប៉ុន្តែ មកពីយើងបានទទួលរងសម្ពាធ”។
លោកបានបន្ថែមដោយសំដៅលើអ្នកស្វែងរកសិទ្ធិជ្រកកោនថា “យើងមិនខ្វល់អំពីអ្នកទាំង៤៧នាក់នេះឡើយ ឬអ្វីក៏ដោយ”។
ជនជាតិភាគតិចម៉ុងតាញ៉ាទាំងអស់ដែលជាក្រុមជនជាតិភាគតិចមកពីតំបន់ភាគកណ្តាលប្រទេសវៀតណាមបាននិយាយថា ពួកគេកំពុងភៀសខ្លួនពីការផ្តន្ទាទោសដោយរដ្ឋាភិបាលវៀតណាមដែលរក្សាទំនាក់ទំនងយ៉ាងជិតស្នីទជាមួយកម្ពុជា។
លោកស្រី វ៉ាន ហៀលី (Wan-Hea Lee) តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិប្រចាំប្រទេសកម្ពុជា (OHCHR)បានលើកឡើងថា ឥឡូវនេះមានជនជាតិភាគតិចម៉ុងតាញ៉ាចំនួន៧៤នាក់នៅក្នុងរាជធានីភ្នំពេញដែលកំពុងរង់ចាំដាក់ពាក្យសុំសិទ្ធិជ្រកកោន។
លោកស្រីបានលើកឡើងតាមរយៈអីុម៉េលមួយថា “ក្រុមចុងក្រោយបានមកដល់កាលពីពីរបីសប្តាហ៍កន្លងមកនេះ”។
បន្ថែមពីលើអ្នកស្វែងរកសិទ្ធិជ្រកកោនទាំង៧៤នាក់នេះ ដែលអ្នកខ្លះបានមកដល់រាជធានីភ្នំពេញតាំងពីខែមករាមកម្លេ៉ះនោះ នៅមានជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១៣នាក់ទៀតនៅក្នុងរាជធានី។ ក្រសួងមហាផ្ទៃបានទទួលស្គាល់អ្នកទាំង១៣នាក់នេះជាជនភៀសខ្លួនជាផ្លូវការកាលពីខែមីនា។
ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងកាលពីម្សិលមិញថា “ក្រសួងរបស់លោកបានស្នើឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីខែមីនា ឲ្យស្វែងរកប្រទេសទី៣សម្រាប់ជនជាតិភាគតិចម៉ុងតាញ៉ាទាំង១៣នាក់នេះតាំងទីលំនៅថ្មី។
លោកបានមានប្រសាសន៍ថា “ចាប់តាំងពីយើងបានទទួលស្គាល់ពួកគេជាជនភៀសខ្លួនមក យើងបានផ្ញើលិខិតមួយច្បាប់ជូន UNHCR ដើម្បីស្នើឲ្យពួកគេស្វែងរកប្រទេសទី៣សម្រាប់អ្នកទាំង១៣នាក់នេះតាំងទីលំនៅថ្មី។មកទល់ពេលនេះយើងមិនទាន់បានទទួលដំណឹងអ្វីឡើយ សូម្បីតែបន្តិច…ពួកគេស្ងាត់ដូចចោរអ៊ីចឹង”។
លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានលើកឡើងថា អង្គការសហប្រជាជាតិកំពុងស្វែងរកប្រទេសទី៣នៅឡើយ។
លោកស្រីបានលើកឡើងតាមរយៈអីុម៉េលថា “យើងកំពុងតែព្យាយាម ប៉ុន្តែ មកទល់នឹងពេលនេះនៅមិនទាន់មានលទ្ធផលនៅឡើយទេ”។
ចាប់តាំងពីខែតុលាមក ជនជាតិភាគតិចម៉ុងតាញ៉ាជាង១៣០នាក់បានចូលមកប្រទេសកម្ពុជាដោយភាគច្រើនឆ្លងកាត់តាមរយៈខេត្តរតនគិរីនាភាគឦសាន្តប្រទេស។ អ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែល៥០នាក់ត្រូវបានចាប់ខ្លួន និងនិរទេសកាលពីខែកុម្ភៈ។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយបានផ្តល់ជំនួយដល់អ្នកស្វែងរកសិទ្ធិជ្រកកោននៅពេលពួកគេបានមកដល់។ អ្នកភូមិម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះព្រោះខ្លាចក្រែងមានការធ្វើទុក្ខបុកម្នេញបានលើកឡើងថា នៅមានជនជាតិភាគតិចម៉ុងតាញ៉ាចំនួនប្រាំមួយនាក់ទៀតនៅក្នុងខេត្តរតនគិរី។
អ្នកភូមិរូបនេះបាននិយាយថា “ឥឡូវនេះ គ្មានជនជាតិភាគតិចម៉ុងតាញ៉ាមកខេត្តរតនគិរីបន្ថែមទៀតឡើយ ហើយនៅមានប្រាំមួយនាក់កំពុងលាក់ខ្លួនក្នុងព្រៃនៅឡើយ”។
ការមកដល់របស់ជនជាតិភាគតិចម៉ុងតាញ៉ាកាលពីខែតុលាគឺជាការហូរចូលចុងក្រោយចាប់តាំងពីពួកគេរាប់ពាន់នាក់បានចាប់ផ្តើមភៀសខ្លួនមកប្រទេសកម្ពុជាកាលពីឆ្នាំ២០១១។ ក្នុងចំណោមពួកគេទាំងអស់នោះ មានប្រហែល២.០០០នាក់ទីបំផុតត្រូវបានផ្តល់ទីលំនៅថ្មីនៅសហរដ្ឋអាមេរិក។
តែទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាសមួយកាលពីដើមខែនេះ ជនជាតិភាគតិចម៉ុងតាញ៉ាម្នាក់ដែលនៅក្នុងរាជធានីភ្នំពេញបាននិយាយថា ខ្លួន និងក្រុមរបស់ខ្លួនមិនចង់តាំងទីលំនៅថ្មីនៅតំបន់លោកខាងលិចឡើយ។
ផ្ទុយទៅវិញជនជាតិភាគតិចម៉ុងតាញ៉ារូបនេះបាននិយាយថា ពួកគេចង់ស្នាក់នៅក្នុងប្រទេសកម្ពុជារហូតដល់ពួកគេត្រូវបានផ្តល់ឲ្យនូវសិទ្ធិស្របច្បាប់កាន់កាប់ដី ដែលពួកគេអះអាងថាត្រូវបានគេរឹបអូសនៅក្នុងប្រទេសវៀតណាម៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ អូន ភាព)