មន្ត្រីបាននិយាយកាលពីម្សិលមិញថា មន្ត្រីប៉ូលិសសង្កាត់ប្រាំមួយនាក់មកពីក្រុងបានលុង ខេត្តរតនៈគិរីបានដាក់ពាក្យបណ្ដឹងនៅសប្ដាហ៍នេះ ដោយទាមទារឲ្យដកមេប៉ូលិសរបស់ខ្លួន ព្រោះបានកេងបន្លំប្រាក់រដ្ឋ និងចាត់ទុកមន្ត្រីក្រោមបង្គាប់របស់គាត់ “ដូចសំរាម”។
ពាក្យបណ្ដឹងដែលចុះកាលបរិច្ឆេទថ្ងៃច័ន្ទឲ្យដឹងថា ប្រសិនបើគេមិនដកលោក ភន ទុំ នាយប៉ុស្តិ៍សង្កាត់ចេញទេ មន្ត្រីប្រាំមួយនាក់នឹងលាលែងចេញពីតំណែងរបស់ខ្លួននៅសង្កាត់ឡាបានសៀក។
ពាក្យបណ្ដឹងដែលប្ដឹងទៅចៅសង្កាត់កាលពីថ្ងៃពុធនិយាយថា “យើងមិនសប្បាយចិត្តនឹងលោក ភន ទុំ ពីព្រោះគាត់មិនមានលក្ខណៈជាមេដឹកនាំ ក្រអើតក្រទម និងធ្វើការសម្រេចអត្តនោម័តខ្លួនឯង”។
លោក យន់ គង់ នាយរងប៉ុស្តិ៍របស់លោក ទុំ ដែលបានផ្ដិតមេដៃលើបណ្ដឹងនោះ បានចោទមេរបស់ខ្លួនថាបន្លំយកលុយដែលទុកសម្រាប់ប៉ូលិសសង្កាត់ ដោយការិយាល័យប៉ូលិសខេត្ត។
លោកបាននិយាយថា “ខ្ញុំគិតថា លោក ភន ទុំ បានប្រព្រឹត្តអំពើពុករលួយ ពីព្រោះគាត់មិនដែលឲ្យយើងដឹងថា គាត់ប្រើប្រាក់ធ្វើអ្វីនោះទេ”។
លោក គង់ បានបន្ថែមថា លោក ទុំ ក៏បានប្រព្រឹត្តមិនគប្បីម្ដងហើយម្ដងទៀតលើកូនចៅរបស់គាត់ដែរ។
លោកបាននិយាយថា “គាត់ជាក្មេងជំនាន់ក្រោយ ប៉ុន្តែគាត់ប្រើពាក្យសម្ដីឈ្លើយណាស់ចំពោះមន្ត្រីថ្នាក់ក្រោម។ លោក ទុំ គ្មានជំនាញដឹកនាំទេ ពីព្រោះគាត់មើលងាយមន្ត្រីរបស់គាត់ដូចសំរាមនៅពេលគាត់បញ្ជា”។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ទុំ បាននិយាយថា ការចោទថាលោកប្រព្រឹត្តពុករលួយគឺមិនពិតទេ ហើយថាគាត់បានប្រើលុយសម្រាប់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដែលមន្ត្រីប្រាំមួយនាក់នោះមិនបានដឹង។
គាត់បាននិយាយថា “ខ្ញុំមិនបានប្រព្រឹត្តអំពើពុករលួយទេ ពីព្រោះខ្ញុំក្មេងណាស់ ខ្ញុំចង់មានកេរ្តិ៍ឈ្មោះល្អដើម្បីធ្វើការងាររបស់ខ្ញុំ”។
លោក ទុំ បានបន្ថែមថា នៅពេលលោកចេញបញ្ជាទៅមន្ត្រីរបស់លោក ពួកគេជាញឹកញាប់មិនធ្វើតាមទេ។
គាត់បាននិយាយថា “នៅពេលខ្ញុំទទួលបញ្ជាពីមេរបស់ខ្ញុំ ខ្ញុំស្នើមន្ត្រីថ្នាក់ក្រោមរបស់ខ្ញុំឲ្យធ្វើការ ប៉ុន្តែជួនកាលពួកគេមិនលើកទូរស័ព្ទរបស់ខ្ញុំទេ ហើយពេលខ្លះពួកគេប្រកែកនឹងបញ្ជារបស់ខ្ញុំ។ ខ្ញុំត្រូវតែម៉ឺងម៉ាត់ជាមួយអ្នកទាំងនោះ ពីព្រោះពួកគេមិនគោរពបញ្ជារបស់ខ្ញុំ”។
លោក ហួត បូរី អធិការនគរបាលក្រុងបានលុងបាននិយាយថា បណ្ដឹងនោះត្រូវបានបញ្ជូនមកដល់លោកកាលពីថ្ងៃពុធ ហើយថា គាត់បានបញ្ជូនវាបន្តទៅលោក ងួន គឿន ស្នងការនគរបាលខេត្ត ដែលបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕ មានិត