32.9 C
Phnom Penh

សាលាក្រុង​ហាមប្រាម​ពិធី​ខ្មែរ​ក្រោម​នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ក្រុង​បាន​បដិសេធ​សំណើ​ពី​សហគមន៍​ខ្មែរ​ក្រោម មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ពិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ខែ​ក្រោយ​ទេ ពីព្រោះ​កន្លែង​នោះ​គឺ​សម្រាប់ “ការ​តស៊ូ​មតិ” ហើយ​មិន​មែន​សម្រាប់​ពិធី​ពុទ្ធ​សាសនា​ឡើយ។

ថ្ងៃ​ទី​៤​ខែ​មិថុនា​ជា​ថ្ងៃ​ខួប​ទី​៦៦​ដែល​ប្រទេស​បារាំង​បាន​ប្រគល់​ជា​ផ្លូវការ​នូវ​អាណានិគម​កូសាំងស៊ីន​របស់​ខ្លួន ដែល​ក្នុង​នោះ​មាន​ទាំង​អតីត​ខេត្ត​ជាច្រើន​របស់​កម្ពុជា​ក្រោម​ផង ទៅ​ឲ្យ​វៀតណាម ជា​ព្រឹត្តិការណ៍​មួយ​ដែល​នៅ​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ខឹង​នៅ​ឡើយ។

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​លោក ថាច់ សេដ្ឋា ជា​ប្រធាន និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ទីប្រឹក្សា​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​បាន​គេ​បដិសេធ​ផែនការ​របស់​ខ្លួន​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ជំនួប​មួយ​ជាមួយ​លោក ឃួង ស្រេង អភិបាល​រង​ក្រុង​ភ្នំពេញ។

លោក ឡង់ ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​ក្រុង បាន​និយាយ​បន្ទាប់ពី​កិច្ច​ប្រជុំ​កាលពី​យប់​មិញ​ថា “ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​សម្រាប់​ការ​តស៊ូ​មតិ ហើយ​ពិធី​ពាក់ព័ន្ធ​នឹង​ពិធី​សាសនា ដូច្នេះ​គេ​ត្រូវ​រៀបចំ​ធ្វើ​វា​នៅ​វត្ត ឬ​កន្លែង​ឯកជន​ណាមួយ”។

លោក ឌីម៉ង់ បាន​និយាយ​ថា មន្ត្រី​និង​មន្ត្រី​សន្តិសុខ​សាលា​ក្រុង ក៏​ជាប់​រវល់​មមា​ញឹក​ក្នុង​ការ​រៀបចំ​ពិធី​មួយ​ដោយ​ឡែក ដើម្បី​ផ្តល់​កិត្តិយស​ថ្វាយ​ព្រះ​មហាក្សត្រ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ដែរ។

លោក ឌីម៉ង់ បាន​និយាយ​ថា “យើង​មិន​មាន​ពេល​វេលា​គិត​ពី​ការ​ធ្វើ​របស់​គាត់​ទេ។ សេចក្តី​សម្រេច​របស់​យើង​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ វា​ទាក់ទង​នឹង​សន្តិសុខ”។

នៅ​ពិធី​នេះ​កាលពី​ឆ្នាំ​មុន ដែល​បាន​ធ្វើ​នៅ​វត្ត​សាមគ្គី​រង្សី​ដែល​មាន​ខ្មែរ​កម្ពុជា​ក្រោម​ច្រើន ថ្វីបើ​សាលា​ក្រុង​ហាមប្រាម​ព្រឹត្តិការណ៍​នេះ​ក៏​ដោយ ក៏​លោក សុខា បាន​បន្ត​ការ​រិះគន់​វៀតណាម ដោយ​បាន​លើក​ឡើង​ថា ការ​ផ្អើល​រត់​ជាន់​គ្នា​នៅ​ឆ្នាំ​២០១០​នៅ​កោះ​ពេជ្រ​ដែល​បាន​សម្លាប់​មនុស្ស​៣៥៣​នាក់ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ប្រទេស​វៀតណាម។

នៅ​ពេល​សួរ​ថា​តើ វោហារ​សាស្ត្រ​ស្រដៀង​គ្នា​នេះ​អាច​នឹង​មាន​នៅ​សប្តាហ៍​ក្រោយ​ឬ​យ៉ាងណា លោក សេដ្ឋា បាន​និយាយ​ថា ពិធី​នៅ​ឆ្នាំ​នេះ​ត្រូវ “បាន​រៀបចំ​ដោយ​សហគមន៍​ខ្មែរ​ក្រោម ហើយ​មិន​ទាក់ទិន​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ”។

លោក សេដ្ឋា បាន​និយាយ​ថា ព្រះសង្ឃ​រាប់​ពាន់​អង្គ និង​ឧបាសក​ឧបាសិកា នឹង​មក​ជួប​ជុំ​គ្នា​នៅ​វត្ត​ចាស់ នៅ​ជ្រោយ​ចង្វា ហើយ​បាន​រិះ​គន់​បម្រាម​សាលា​ក្រុង​យ៉ាង​ខ្លាំង។

លោក​បាន​និយាយ​ថា “នេះ​ជា​ពិធី​ប្រពៃណី​សាសនា មិន​មែន​ការ​ប្រគំតន្ត្រី​ទេ។ ពិធី​ហ្នឹង​គួរ​ធ្វើ​នៅ​កន្លែង​សាធារណៈ​ទៅ ដើម្បី​ឲ្យ​ប្រជាជន​បាន​ដឹង ដូច​លោក​នាយក​រដ្ឋមន្ត្រី មិន​ចង់​ឲ្យ​គេ​ហៅ​អាយ៉ង​យួន គាត់​គួរ​បើក​ឲ្យ​ទូលំ​ទូលាយ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស