37 C
Phnom Penh

ការពិន័យ​​​ក្រុម​​​ហ៊ុន​​​ប៊ីអេច​​​ភីចំនួន​​​២៥លាន​​​ដុល្លារ​​​មិន​​​រួម​​​បញ្ចូល​​​ការ​​​ចោទប្រកាន់​​​លើ​​​កម្ពុជា​​​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិក​​​​​​បាន​​​បញ្ចប់​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​ខ្លួន​​​ទៅ​​​ក្នុង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា ក្រុមហ៊ុន​​​ប៊ីអេចភី​​​ ប៊ីល្លីតុន​​​ បាន​​​សូក​​​ប៉ាន់​​​មន្ត្រី​​​បរទេស​​​ដើម្បី​​​ទទួល​​​បាន​​​សិទ្ធិ​​​រុក​​​រក​​​រ៉ែ​​​នៅ​​​ក្រៅ​​​ប្រទេស​​​ ហើយ​​​បាន​​​ពិន័យ​​​ក្រុមហ៊ុន​​​នេះ​​​ជាទឹក​​​ប្រាក់​​​ចំនួន​​​២៥លានដុល្លារក្នុង​​​ប្រាក់ទូទាត់​​​​​​ ដែល​​​មិន​​​និយាយ​​​អំពី​​​កម្ពុជា​​​ ដែល​​​គេ​​​ជឿ​​​ជាទូទៅ​​​ថា ជាផ្នែក​​​មួយ​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​នោះទេ​​​។

ទោះជាយ៉ាង​​​នេះ​​​ក្តី របាយការណ៍​​​ដែល​​​ថា ក្រុមហ៊ុន​​​រុករក​​​រ៉ែ​​​អូស្ត្រាលី​​​ កាលពី​​​ឆ្នាំ​​​២០០៦​​​បាន​​​បង់​​​កម្រៃ​​​ជើង​​​សារ​​​ក្រៅ​​​ផ្លូវការ​​​ ដែល​​​មាន​​​តម្លៃ​​​ទឹក​​​ប្រាក់​​​យ៉ាង​​​ហោច​​​ណាស់​​​១,៣៥​លាន​​​ដុល្លារ​​​ ដើម្បី​​​ទទួល​​​បាន​​​អាជ្ញាប័ណ្ណ​​​រុករករ៉ែ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ភាគ​​​ឦសាន​​​ អាច​​​នៅតែជា​​​​​​ផ្នែកនៃ​​​ការ​​​ស៊ើប​​​អង្កេត​​​បន្ត​​​ទៀត​​​ដោយ​​​ប៉ូលិស​​​សហព័ន្ធ​​​អូស្ត្រាលី​​​។

ប៉ូលិស​​​សហព័ន្ធ​​​អូស្ត្រាលី​​​ បាន​​​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​ខ្លួន​​​ទៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ប៊ីអេចភី​​​ កាលពី​​​ឆ្នាំ​​​២០១៣​​​ គឺ​​​រយៈ​​​ពេល​​​បីឆ្នាំ​​​បន្ទាប់ពី​​​​​​ខ្លួន​​​​​​ទទួល​​​បាន​​​ភ័ស្តុតាង​​​ពី​​​អាជ្ញាធរ​​​សហរដ្ឋអាមេរិក​​​ ដែល​​​ថា ជនជាតិ​​​អូស្ត្រាលី​​​ អាចល្មើស​​​នឹង​​​ច្បាប់​​​ពុក​​​រលួយ​​​បរទេស​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​។

កាលពី​​​សប្តាហ៍​​​មុន​​​ គណៈកម្មការ​​​មូល​​​ប័ត្រ​​​​​​សហរដ្ឋអាមេរិក​​​ បាន​​​ប្រកាស​​​ថា ខ្លួន​​​បាន​​​បញ្ចប់​​​ការ​​​ស៊ើប​​​អង្កេត​​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​កាលពី​​​ឆ្នាំ​​​២០០៩​​​ បាន​​​ចោទ​​​ប្រកាន់​​​ក្រុមហ៊ុន​​​ប៊ីអេច​​​ភី​​​ពីបទ​​​រំលោភ​​​បំពាន​​​ច្បាប់​​​ពុករលួយ​​​ ហើយ​​​បាន​​​ពិន័យ​​​ក្រុមហ៊ុន​​​នេះ​​​ជាទឹក​​​ប្រាក់​​​២៥លាន​​​ដុល្លារ​​​ ដែល​​​ក្រុមហ៊ុន​​​បាន​​​ទទួល​​​យល់​​​ព្រម​​​បង់​​​។

ទោះ​​​ជាយ៉ាង​​​នេះ​​​ក៏ដោយ​​​ ក៏​​​​​​ប្រាក់​​​ទូ​​​ទាត់​​​​​​នេះ​​​មិន​​​បាន​​​និយាយ​​​ដល់​​​ការ​​​ចោទប្រកាន់​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​កម្ពុជា​​​ទេ។

យោង​​​តាម​​​បទ​​​បញ្ជា​​​ឲ្យ​​​ដឹង​​​ថា ក្រុមហ៊ុន​​​ប៊ីអេចភី​​​ បាន​​​បង់​​​​​​ប្រាក់​​​​​​ឲ្យ​​​មន្ត្រី​​​រដ្ឋាភិបាល​​​និង​​​បុគ្គលិក​​​សាជីវកម្ម​​​រដ្ឋ​​​ចំនួន​​​​​​​​​៦០នាក់​​​មក​​​ពី​​​ប្រទេស​​​ប៊ូរុនឌី សាធារណរដ្ឋ​​​ប្រជាធិប​​​តេយ្យ​​​កុងហ្គោ​​​ ប្រទេស​​​ហ្គីណេ និង​​​ប្រទេស​​​ហ្វីលីពីន​​​ រួមជាមួយ​​​នឹង​​​ប្តីប្រពន្ធ​​​មួយ​​​ចំនួន​​​ និង​​​ភ្ញៀវ​​​ផ្សេង​​​ទៀត​​​ ដើម្បី​​​ចូលរួម​​​ក្នុង​​​អូឡាំពិក​​​ហ្គេម​​​ឆ្នាំ​​​២០០៨​​​ នៅ​​​ក្នុង​​​ក្រុង​​​ប៉េកាំង​​​។ “កញ្ចប់​​​​​​រាក់ទាក់​​​ស្វាគមន៍​​​” រយៈពេល​​​បីនិង​​​បួន​​​ថ្ងៃ​​​អស់​​​តម្លៃ​​​១២.០០០ដុល្លារ​​​ដល់​​​១៦.០០០​​​ដុល្លារ​​​ក្នុង​​​ម្នាក់​​​ៗ។

តាម​​​បច្ចេកទេស​​​ គណៈកម្មការ​​​មូលប័ត្រ​​​មិន​​​បាន​​​ចោទ​​​ក្រុមហ៊ុន​​​ប៊ីអេចភី​​​​​​ពីបទ​​​សូកប៉ាន់​​​ពួក​​​មន្ត្រី​​​ទេ​​​ ប៉ុន្តែ បាន​​​ចោទ​​​ក្រុមហ៊ុន​​​នេះ​​​ថា មិន​​​បាន​​​បង្កើត​​​និង​​​រក្សា​​​ការ​​​គ្រប់​​​គ្រង​​​ផ្ទៃ​​​ក្នុង​​​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​ទៅលើ​​​កម្មវិធី​​​រាក់ទាក់​​​ស្វាគមន៍​​​។

លោក​​​ អានឌ្រូ សេរេស្នី នាយក​​​ផ្នែក​​​អនុវត្តច្បាប់​​​​​​នៃ​​​គណៈកម្មការ​​​មូល​​​ប័ត្រ​​​ បាននិយាយ​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា “ក្រុមហ៊ុនប៊ីអេចភី ​​​ប៊ីល្លីតុន ចេញប្រាក់ទាំងអស់​​​ឲ្យ​​​មន្ត្រី​​​រដ្ឋាភិបាល​​​ ដើម្បីចូល​​​រួម​​​កីឡា​​​អូឡាំពិក​​​ ក្នុងពេល​​​ដែលពួកគេ​​​ស្ថិត​​​នៅ​​​ក្នុង​​​មុខ​​​តំណែង​​​ដើម្បី​​​ជួយ​​​ក្រុមហ៊ុន​​​ធ្វើ​​​ជំនួញ​​​ផ្សេងៗ​​​ ឬការ​​​ប្រឹង​​​ប្រែង​​​អនុ​​​វត្ត​​​និយ័តកម្ម​​​”។

លោក​​​ សេរេស្នី បាន​​​និយាយថា “ក្រុមហ៊ុន​​​ប៊ីអេចភី ប៊ីល្លីតុន ទទួល​​​ស្គាល់​​​ថា ការអញ្ជើញ​​​មន្ត្រី​​​រដ្ឋាភិបាល​​​ឲ្យ​​​ចូល​​​រួម​​​កីឡាអូឡាំពិក​​​ បង្កើត​​​ឲ្យ​​​មាន​​​ហានិភ័យ​​​កាន់​​​តែ​​​ខ្ពស់​​​ ក្នុង​​​ការ​​​រំលោភ​​​បំពាន​​​ច្បាប់​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ប៉ុន្តែ ក្រុមហ៊ុន​​​ខកខាន​​​មិន​​​បាន​​​អនុវត្ត​​​ការ​​​គ្រប់​​​គ្រង​​​ផ្ទៃ​​​ក្នុង​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​ហានិភ័យ​​​នោះទេ​​​”។

អ្នក​​​នាំពាក្យ​​​គណៈកម្មការ​​​មូលប័ត្រ​​​មួយរូប​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា​​​តើ​​​ ការ​​​ចោទ​​​ប្រកាន់​​​លើ​​​កម្ពុជា​​​ត្រូវ​​​បាន​​​ស៊ើប​​​អង្កេត​​​ ឬ​​​យ៉ាង​​​ណាទេ​​​។ សួរ​​​ថាតើ​​​ប្រាក់​​​ទូទាត់​​​បាន​​​បញ្ចប់​​​ការ​​​ស៊ើប​​​អង្កេត​​​ពុក​​​រលួយ​​​របស់​​​គណៈកម្មការ​​​មូលប័ត្រ​​​ទៅលើ​​​ក្រុម​​​ហ៊ុន​​​ប៊ីអេចភី​​​ ឬ​​​យ៉ាង​​​ណា​​​ លោកស្រី​​​អ្នក​​​នាំពាក្យ​​​បាន​​​បង្វែរ​​​ទៅលើ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ដែល​​​ក្រុមហ៊ុន​​​បាន​​​ចេញ​​​កាលពី​​​សប្តាហ៍​​​មុន​​​ បន្ទាប់​​​ពី​​​ការ​​​លាត​​​ត្រដាង​​​នូវ​​​ប្រាក់​​​ទូទាត់​​​នោះ។

សេចក្តី​​​ថ្លែងការណ៍របស់​​​​​​ក្រុមហ៊ុន​​​ប៊ីអេចភី ​​​និយាយ​​​ថា ប្រាក់​​​ទូទាត់​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​អស់​​​ឲ្យជ្រះ​​​ស្រឡះ​​​ ដែល​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​ ដែល​​​គណៈកម្មការ​​​មូលប័ត្រ​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៩​​​ ហើយ​​​ថា ក្រសួង​​​យុត្តិធម៌​​​សហរដ្ឋអាមេរិក​​​ ដែល​​​បាន​​​ពិនិត្យ​​​បញ្ហា​​​ដូច​​​គ្នា​​​នេះ​​​ គឺ​​​បាន​​​សម្រេច​​​ចិត្ត​​​មិន​​​ចាត់​​​វិធានការ​​​ទេ។​​​ សេចក្តី​​​ថ្លែងការណ៍​​​នោះ​​​និយាយ​​​ថា សរុបទៅ​​​ពួកគេ​​​បញ្ចប់​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​សហរដ្ឋ​​​អាេមរិក​​​។

ប៉ុន្តែ ក្រុមហ៊ុន​​​ប៊ីអេច​​​ភី​​​មិនទាន់​​​រួចផុត​​​ពី​​​បញ្ហា​​​នៅ​​​ឡើយ​​​ទេ​​​។

ក្រុមហ៊ុន​​​ប៊ីអេចភី​​​និយាយបន្ថែមថា “ក្រុម​​​ហ៊ុន​​​ប៊ីអេចភី ប៊ីល្លីតុន នឹង​​​បន្ត​​​សហការ​​​ជាមួយ​​​ការ​​​ស៊ើប​​​អង្កេត​​​របស់ប៉ូលិស​​​សហព័ន្ធ​​​អូស្ត្រាលី​​​ ដែល​​​បាន​​​ប្រកាស​​​ចាប់​​​ផ្តើម​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​”។

ក្រុមហ៊ុន​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ពិស្តារ​​​ទៅ​​​លើ​​​វិសាលភាព​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​នោះ​​​ទេ​​​ ហើយ​​​ប៉ូលិស​​​សហព័ន្ធ​​​អូស្ត្រាលី​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​។

មន្ទិល​​​​​​សង្ស័យ​​​ដំបូង​​​ឡើយ​​​បាន​​​កើត​​​ឡើង​​​ចំពោះ​​​ប្រតិបត្តិការរបស់​​​ក្រុមហ៊ុន​​​ប៊ីអេចភី​​​នៅ​​​ក្នុង​​​កម្ពុជា​​​នា​​​ឆ្នាំ​​​២០០៧​​​ នៅពេល​​​ដែល​​​លោក​​​ លឹម​​​ គានហោ​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​ធនធាន​​​ទឹក​​​ដែល​​​បាន​​​មាន​​​ប្រសាសន៍​​​នៅឯ​​​សភាជាតិ​​​រំឭក​​​អំពី​​​ការ​​​ទទួល​​​ទូរស័ព្ទ​​​​​​​​​​​​​​​​​​​​​​ពី​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន កាលពី​​​ឆ្នាំ​​​មុន​​​។

លោក គានហោ បាន​​​និយាយ​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ទូរស័ព្ទ​​​ពី​​​អូស្ត្រាលី​​​​​​​​​ឲ្យ​​​លោក​​​ដឹង​​​ថា ក្រុមហ៊ុន​​​​​​​​​​​​​​​ប៊ីអេចភី​​​ ទើប​​​តែ​​​បាន​​​យល់​​​ព្រម​​​បង់​​​ប្រាក់​​​ទឹក​​​តែ​​​២,៥លាន​​​ដុល្លារ​​​ គឺ​​​ជាពាក្យ​​​សាមញ្ញ​​​ថា​​​ លុយ​​​សូកប៉ាន់​​​ ដើម្បី​​​បាន​​​សិទ្ធិ​​​រុក​​​រក​​​រ៉ែ​​​បុកស៊ីត​​​ នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គីរី​​​។

រដ្ឋាភិបាល​​​បាន​​​អះអាង​​​ថា ប្រាក់​​​ដែល​​​បន្ថែម​​​លើ​​​ប្រាក់​​​១​​​លាន​​​ដុល្លារ​​​ដែល​​​ក្រុមហ៊ុន​​​ប៊ីអេចភី​​​បង់​​​សម្រាប់​​​អាជ្ញាប័ណ្ណរុករក​​​រ៉ែ​​​ បាន​​​បញ្ចូល​​​ទៅ​​​ក្នុង​​​”មូលនិធិ​​​សង្គម”​​​ គឺជា​​​គណនី​​​ដែល​​​គេ​​​មិន​​​បាន​​​លាត​​​ត្រដាង​​​ឲ្យ​​​ដឹង​​​ឮជា​​​ទូទៅ​​​ ដើម្បី​​​ឲ្យ​​​មាន​​​ការ​​​បញ្ជាក់​​​លើ​​​ការ​​​អះអាង​​​នោះ​​​ទេ​​​ ហើយ​​​ថា​​​ ខ្លួន​​​គ្រាន់​​​តែ​​​បន្ថែម​​​​​​​​​ប្រាក់​​​​​​ដល់​​​១,៣៥​​​លាន​​​ដុល្លារ​​​ដោយ​​​សារ​​​តែ​​​គម្រោង​​​នោះ​​​ត្រូវ​​​កាត់​​​ផ្តាច់​​​។

ទោះ​​​ជាយ៉ាង​​​នេះក្តី កាសែត​​​អូស្ត្រាលី​​​បាន​​​រាយការ​​​ណ៍​​​ថា ក្រុមហ៊ុន​​​ប៊ីអេចភី​​​បាន​​​ផ្តល់​​​​​​អុីម៉េល​​​ជាច្រើន​​​​​​​​ទាក់ទង​​​រវាង​​​​​​​​​ក្រុម​​​ប្រតិបត្តិ​​​ក្រុមហ៊ុន​​​និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​កម្ពុជាជូន​​​ដល់​​​គណៈកម្មការ​​​មូលប័ត្រ​​​​​​​​​ ដែល​​​ទំនង​​​ជាបង្ហាញ​​​ថា ការ​​​បង់​​​ប្រាក់​​​ឲ្យ​​​រដ្ឋាភិបាល​​​បាន​​​ប្រថុយ​​​នឹង​​​ការ​​​រំលោភ​​​ច្បាប់​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​៕ រើន​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស