31 C
Phnom Penh

ប្រទេស​កម្ពុជា​កាត់​បន្ថយ​ភាព​អត់ឃ្លាន តាម​គោល​ដៅ​សហ​ប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​មួយ​ដែល​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​បាន​ឲ្យ​ដឹង​ថា ចំនួន​ប្រជាពល រដ្ឋ​កម្ពុជា​ដែល​ខ្វះ​អាហារូបត្ថម្ភ​បាន​ថយ​ចុះ​ពាក់​កណ្តាល​ចាប់តាំង​ពី​ឆ្នាំ​១៩៩០​មក គឺ​បំពេញ​បាន​តាម​គោលដៅ​សហស្ស​វត្សរ៍​អង្គការ​សហ​ប្រជាជាតិ មុន​ពេល​កំណត់​នៅ​ចុង​ឆ្នាំ​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​អង្គការ​ស្បៀង​និង​កសិកម្ម (FAO) របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​១៤​ភាគរយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ខ្វះ​អាហារូបត្ថម្ភ​នៅ​ចុង​ឆ្នាំ​២០១៤ ធៀប​នឹង៣២​ភាគរយ​នៃ​ចំនួន​ប្រជាជន​កាលពី​២៥​ឆ្នាំ​មុន។

ទោះជា​យ៉ាង​នេះ​ក្តី អង្គការ​ស្បៀង​និង​កសិកម្ម បាន​លើក​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​ប្រហែល​ពីរ​លាន​នាក់​មាន​អាហារ​មិន​គ្រប់គ្រាន់​នៅ​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹង​ថា “ក្នុង​បណ្តា​អ្នក​ក្រីក្រ​បំផុត​និង​ងាយ​រងគ្រោះ​បំផុត​ក្នុង​សង្គម​នោះ ប្រជាពលរដ្ឋ​អត់​អាហារ​រ៉ាំរ៉ៃ​មិន​ទទួល​បាន​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ក្នុង​ប្រទេស​កម្ពុជា​ទេ ហើយ​នៅ​ឆ្ងាយ​ដាច់​ពី​គេ”។

អង្គការ​ស្បៀង​និង​កសិកម្ម​បាន​បន្ថែម​ថា ថ្វីបើ​មាន​ការ​ថយ​ចុះ​ភាព​ក្រិន​៧​ភាគរយ​នៃ​កុមារ​មាន​អាយុ​តិច​ជាង​៥ឆ្នាំក្នុង​ពេល​បួន​ឆ្នាំ​កន្លង​មក​នេះ​ក្តី “ក៏​មួយ​ចំនួន​ធំ​នៃ​ជំនាន់​អនាគត​គឺ​ស្ថិត​ក្នុង​ហានិភ័យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ខាង​រាងកាយ​និង​ប្រាជ្ញា​ដោយសារតែ​កង្វះ​អាហារូបត្ថម្ភ”។

យោង​តាម​របាយការណ៍ “ការ​ពិនិត្យ​មើល​ថ្នាក់​តំបន់​នៃ​អសន្តិសុខ​ស្បៀង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក” បាន​ឲ្យ​ដឹង​ថា ប្រជាជន​ក្នុង​តំបន់​ទទួល​រង​កង្វះ​ជីវជាតិ​ទ្រទ្រង់​ការ​លូត​លាស់​ដូចជា ជាតិ​ដែក វីតាមីន​អា និង អីុយ៉ូដ ជាដើម។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ជាប់​ឈ្មោះ​ខាង​កើត​មាន​រោគ​ខ្វះ​ឈាម​ក្រហម​ច្រើន​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ចំពោះ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ គឺ​កើត​មាន​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​៥១​ភាគរយ​និង​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​មាន​៥៥​ភាគរយ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស