27 C
Phnom Penh

ខ្មែរ​អុីស្លាម​រាប់​រយ​នាក់​ និង​ទាហាន​​វៀតណាម​ប្រវាយ​ប្រតប់​គ្នា​​នៅ​ព្រំដែន​មាន​វិវាទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​ជាង​៣០០​នាក់​មកពី​ខេត្ត​ត្បូងឃ្មុំ ដែល​រួម​ដំណើរ​ដោយ​ក្រុម​តំណាង​រាស្ត្រ​មកពី​គណបក្ស​ប្រឆាំង ​​បាន​ប្រវាយ​ប្រតប់​គ្នា​​ជាមួយ​ទាហាន​វៀតណាម​កាលពី​ព្រឹក​ម្សិលមិញ ខណៈ​ពេល​ពួកគាត់​ព្យាយាម​ចូល​ទៅ​កាន់​ទីតាំង​ដីមួយ​កន្លែង​ទំហំ​១៦​,៦​ហិកតា​តាម​បណ្ដោយ​​ព្រំដែន​កម្ពុជា-វៀតណាម​។

ពេល​ទាក់​ទង​ក្រោយ​ពី​ហេតុការណ៍​នេះ​​ លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា គណបក្ស​​ប្រឆាំង​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ដំណើរ​នោះ​ពី​បង​ប្អូន​ខ្មែរ​អុីស្លាម​មួយ​ក្រុម​រស់​នៅ​ក្នុង​តំបន់​នោះ ដែល​មាន​ការ​ក្ដៅ​ក្រហាយ​​ចំពោះ​ការ​អះអាង​ថ្មីៗ​នេះ​​របស់​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​​ដែល​លើក​ឡើង​ថា តំបន់​ដែល​ប្រជាពល​រដ្ឋ​កម្ពុជា​កំពុង​ធ្វើ​កសិកម្ម​​ តាម​ពិត​ជា​ដី​របស់​វៀតណាម​។

លោក​មាន​ប្រសាសន៍​ថា “​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​រុញគ្នា​ប្រហែល​១ម៉ោង​រវាង​ទាហាន​ [វៀតណាម] ៣០​នាក់ និង​ប្រជាពលរដ្ឋ​របស់​យើង​”។ លោក​បាន​លើក​ឡើង​បន្ត​ថា ទីបំផុត​​ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ​បាន​បញ្ចប់​ទៅវិញ​ដោយ​គ្មាន​បង្ក​របួស​ស្នាម​ដល់​នរណា​ម្នាក់​​ឡើយ​។

វិវាទ​ព្រំដែននេះ​បាន​ចាប់​ផ្ដើម​កាលពី​ខែ​មុន បន្ទាប់ពី​​ប្រជាពល​រដ្ឋ​កម្ពុជា​ដែល​ធ្វើ​កសិកម្ម​នៅ​លើ​​ទីតាំង​ដី​​ខាង​លើ​ក្នុង​ស្រុក​មេមត់ បាន​ប្ដឹង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជន​ជាតិ​វៀតណាម​មួយ​ក្រុម​​រួម​ទាំង​ទាហាន​បី​នាក់​ផង ​បាន​បាញ់​ថ្នាំគីមី​ពុល​លើ​ដំណាំ​របស់​ពួកគាត់។

នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​កសិករ​ទាំង​នោះ លោក​ ហោ ណាំហុង បែរ​ជា​ឆ្លើយ​តប​តាម​រយៈ​លិខិត​មួយ​ច្បាប់​ដែល​លើក​ឡើង​ថា តាម​ពិត​ដី​នោះ​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម​ទៅ​វិញ​ ដោយ​បង្ក​ឲ្យ​មាន​ការ​អំពាវ​នាវ​​សុំ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​។

លោក ម៉ៅ មុនីវណ្ណ ដែល​ច្រាន​ចោល​ការ​អះអាង​របស់​រដ្ឋមន្ត្រី​រូប​នេះ បាន​មាន​ប្រសាសន៍​ថា ​បង​ប្អូន​ខ្មែរ​អុីស្លាម​នៅ​ក្នុង​មូលដ្ឋាន​​ចង់​ឃើញ​ទីតាំង​មាន​វិវាទ​នោះ​ដោយ​​ឯង​ផ្ទាល់​ដោយ​​សារ​តែ​ពួកគេ​​ធ្លាប់​មាន​​ប្រវត្តិ​បាត់​បង់​នគរ​ចម្ប៉ាទៅ​លើ​ប្រទេស​វៀតណាម ដែល​សព្វ​ថ្ងៃ​​ក្លាយ​ជា​​ប្រទេស​វៀតណាម​ភាគខាង​ត្បូង​។​

លោក​បាន​ថ្លែង​ថា “​ពួកគាត់​ចង់​ឃើញ​ស្ថានភាព​ជាក់​ស្ដែង​ផ្ទាល់​ភ្នែក ពីព្រោះ​ពួកគាត់​ធ្លាប់​បាត់​បង់​នគរ​ចម្បា៉។ ពួកគាត់​ព្រួយបារម្ភ​ថា ពួកគាត់​នឹង​បាត់​បង់​ដី​របស់​ពួកគាត់​ម្ដង​ទៀត​ដូច​នគរ​​ចម្ប៉ា”។

លោក​បាន​​មាន​ប្រសាសន៍​បន្ត​ថា ប៉ុន្តែ​នៅ​ពេល​​លោក​ និង​លោកស្រី មូរ សុខហួរ ដែល​ជា​តំណាង​រាស្ត្រ​​មកពី​គណបក្ស​សង្គ្រោះជាតិដូច​គ្នា​ទៅ​ដល់​​កន្លែង​កើត​ហេតុ​ជាមួយ​​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ ពួកគាត​់​ក៏​ត្រូវ​ទាហាន​វៀតណាម​​ប្រដាប់​ដោយ​អាវុធ​ប្រហែល​៣០​នាក់​បិទ​ផ្លូវ​ និង​ឃាត់​មិន​ឲ្យ​ចូល​ទៅ​កាន់​ទីតាំង​ដី​ទំហំ​១៦,៦​ហិកតា​នោះ​។

លោក​លើក​ឡើង​ថា នគរ​បាល​កម្ពុជា​មួយ​ក្រុម​ឈរ​មើល​ពី​ចម្ងាយ​ ខណៈ​ប្រជាពលរដ្ឋ​​ក្នុង​មូលដ្ឋាន​ប្រវាយ​ប្រតប់​ជាមួយ​ទាហាន​ មុន​ពេល​​​ប្រជាពលរដ្ឋ​​​ព័ទ្ធ​ជុំវិញ​​ទាហាន​ទាំង​នោះ​​ និង​ចូល​ទៅ​ដល់​ទីតាំង​នោះ​ ប៉ុន្តែ​ពួកគាត់​គ្រាន់​តែ​សម្លឹង​មើល​ប៉ុណ្ណោះ​ ហើយ​ក៏​​ចាក​ចេញ​ត្រឡប់​ទៅវិញ។

លោក ម៉ៅ មុនីវណ្ណ បាន​ថ្លែង​ថា ទាហាន​​បាន​ឃាត់​ខ្លួន​ប្រជាពល​រដ្ឋ​​មូលដ្ឋាន​ម្នាក់​មួយ​ស្របក់ ហើយ​ប្រជាពល​រដ្ឋ​កម្ពុជា​ក៏​បាន​ឃាត់​ខ្លួន​បុរស​ជន​ជាតិ​វៀតណាម​ម្នាក់​វិញ​នៅ​ក្នុង​តំបន់នោះ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​​ក្រុម​ទាំង​​នេះ​ក៏​បាន​ដោះដូរ​​អ្នក​ដែល​ត្រូវ​ឃាត់​ខ្លួន​។

តំណាង​រាស្ត្រ​រូប​េនះ​បាន​លើក​ឡើង​បន្ថែម​ថា បន្ទាប់ពី​ចាក​ចេញពី​ទីតាំង​នោះ “​បង​ប្អូន​ខ្មែរ​អុីស្លាម​បាន​ធ្វើ​ពិធី​​មួយ​ដើម្បី​សម្ដែង​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​​ស្ថានភាព​នេះ និង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ថា តើ​ទាហាន​បរទេស​បាន​ឈ្លាន​ពាន​ចូល​ទឹក​ដី​របស់​យើង​ឬ​យ៉ាង​ណា”។

លីម ម៉ៃសាកូ​ណេ ដែល​បាន​ចូល​រួម​​នៅ​ក្នុង​ដំណើរ​នេះ​​​​និយាយ​ថា “​យួន​បាន​យក​ទឹក​ដី​ចម្ប៉ា​របស់​យើង ហើយ​ពួកវា​កំពុង​ព្យាយាម​យក​ទឹក​ដី​កម្ពុជា​ទៀត​។ យើង​មិន​អនុញ្ញាត​ឲ្យ​វា​ធ្វើ​បាន​​ដូច​ពីមុន​ឡើយ”។

ទោះបី​ជា​ក្រុម​តំណាង​រាស្ត្រ​មកពី​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ខ្លួន​គ្រាន់​តែ​ជា​ភ្ញៀវ​ដែល​ទទួល​បាន​ការ​អញ្ជើញ​​​ពី​ប្រជាពលរដ្ឋ​យ៉ាង​ណា​ក្ដី ក៏​លោក ម៉ៅ ពៅ ស្នង​ការ​ខេត្ត​កណ្ដាល​បាន​ចោទ​ប្រកាន់​ពួកគាត់​ពីបទ​ញុះញង់​ប្រជាពល​រដ្ឋ​មូលដ្ឋាន​ប្រមាណ​៣០០​នាក់​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា មាន​ការ​រុញ​ច្រាន​គ្នា​ជាមួយ​ទាហាន​វៀតណាម ប៉ុន្តែ​ “​វា​មិន​ធំដុំ​ទេ”។

លោក សុខ ឦសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង​​ថា ប្រើ​ប្រាស់​វិវាទ​ព្រំដែន​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​ ហើយ​បានគំរាម​​ប្ដឹង​ពួកគាត់​។

លោកបាន​បញ្ជាក់​ថា “​វា​ជាបញ្ហា​ចម្រូងចម្រាស​ ពីព្រោះ​ជន​មួយ​ចំនួន​ប្រើ​ប្រាស់​វា​ដើម្បី​បញ្ឆេះ​​កំហឹង​។ ពួកគាត់​គួរ​តែ​ផ្ដល់​ភ័ស្តុ​តាង​នៅ​ពេល​ពួក​គាត់​និយាយ ប៉ុន្តែ​ពួកគាត់​​មិន​ផ្ដល់​ភ័ស្តុ​តាង​ទេ ពួកគាត់​​បញ្ឆេះ​​កំហឹង​​ដើម្បី​កេង​ចំណេញ​នយោបាយ​។ ដូច្នេះ​រដ្ឋាភិបាល​​នឹង​ពិនិត្យ​មើល​​រឿង​នេះ​ ហើយ​អាច​នឹង​ដាក់​ពាក្យ​ប្ដឹង​ពួកគាត់​ទៀត​ផង ពីព្រោះពួកគាត់​និយាយ​ដោយ​គ្មាន​ហេតុ​ផល​ និង​គ្មាន​ភ័ស្តុតាង”​៕ សុខុម​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស