26 C
Phnom Penh

នគរបាល​ចាប់ខ្លួន​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់ពីបទ​បើក​រថយន្ត​បុកស្ត្រីម្នាក់ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រី​បាន​និយាយ​ថា នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​​កាលពី​វេលា​ទៀប​ភ្លឺ​ម្សិលមិញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បុរស​រូប​នេះ​បាន​បើក​បរ​រថយន្ត​​ទាំង​ស្រវឹង​ទៅ​បុក​រ៉ឺម៉ក​មូ៉តូកង់បី​មួយគ្រឿង​មុន​ពេល​រេចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​ចំនួន​ទៀត​បណ្ដាល​ឲ្យ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ស្លាប់ និង​បុរស​បួន​នាក់​ទៀត​រង​របួស​។

លោក កែវ សុថុត នាយប៉ុស្តិ៍​សង្កាត់​ភ្នំពេញ​ថ្មី​បាន​មាន​ប្រសាសន៍​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​៤ទៀប​ភ្លឺ​ តាម​ផ្លូវ​លេខ​១៩៨៦​ ​នៅ​ក្នុង​ស្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ នៅ​ពេល​បុរស​រូប​នេះ​បាន​បាត់​បង់​ម្ចាស់​ការ​ ខណៈ​ពេល​បើក​បរ​រថយន្ត​ របស់​ខ្លួនម៉ាកChevrolet ពណ៌​ខ្មៅ​។

លោក សុថុត បាន​មាន​ប្រសាសន៍​ថា បុរស​រូប​នេះ​បាន​​បើករថយន្ត​​បុក​​ស្ត្រី​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​បន្ទាប់​មក​បាន​រេចង្កូត​ទៅ​បុក​ម៉ូតូ​បី​ឬបួន​គ្រឿង​ទៀត​នៅ​ក្បែរ​នោះ បណ្ដាល​ឲ្យបុរស​ទាំង​នោះ​រង​របួស​”។ លោក​បាន​បន្ថែម​ថា លោក​មិន​ស្គាល់​ជន​ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​ទេ។

លោក ​ សុថុត បាន​មាន​ប្រសាសន៍​​ថា បន្ទាប់​ពី​គ្រោះ​ថ្នាក់​បន្តិច​ បុរស​ជនជាតិ​នីហ្សេរីយ៉ា​រូប​នេះ​បាន​ព្យាយាម​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ ប៉ុន្តែ​ មនុស្ស​ជាង​៥០​នាក់​បាន​ឡោមព័ទ្ធ​ជិត។ ជន​នេះ​បាន​រត់​ចូល​ទៅ​ក្នុង​រថយន្ត​វិញ​យ៉ាង​​លឿន ខណៈ​ដែល​មនុស្ស​ម្នា​បាន​យក​ដុំថ្ម​គប់​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើងបាន​មក​ដល់​កន្លែង​កើត​ហេតុភ្លាមៗ​ដើម្បី​អន្តរា​គមន៍​។ ខ្ញុំ​គិត​ថា ប្រសិន​បើ​នគរ​បាល​មក​យឺត​តែបន្តិច​ ជន​សង្ស័យ​រូប​នេះ​​ប្រហែល​ជា​ត្រូវ​ស្លាប់​ ឬ​រង​របួស​ធ្ងន់​មិន​ខាន​ឡើយ​”។

​លោក ​ សុថុត បាន​មាន​ប្រសាសន៍​ថា មន្ត្រី​នគរ​បាល​សង្កាត់​បី​នាក់​រង​របួស​ស្រាល​​​បន្ទាប់ពី​ពួកគេ​ត្រូវ​នឹង​ដុំថ្ម​ ខណៈ​ដែល​ព្យាយាម​ចាប់​ខ្លួន​បុរស​រូប​នេះ​។ លោក​បាន​បន្ថែម​ថា នគរ​បាល​សង្កាត់​ ខណ្ឌ និង​រាជធានី បាន​ចូល​រួម​ក្នុង​ការ​ចាប់​ខ្លួន​នេះ​។

លោក សុថុត បានបង្ហាញ​អត្តសញ្ញាណ​ស្ត្រី​ដែល​ស្លាប់​​នោះថា ឈ្មោះ យី ស្រីណែត អាយុ​២៤​ឆ្នាំ ដែល​ជិះម៉ូតូទៅ​ផ្សារ​ដើម​គរ​ ក្នុង​ខណ្ឌចំការ​មន ដើម្បី​ទៅ​ទិញ​របស់​របរ​ ស្រាប់​តែ​នាង​ត្រូវ​រថយន្ត​បុក​តែ​ម្ដង​។

លោក សែម គន្ធា នាយ​រង​នគរ​បាល​ចរាចរ​រាជធានី​បានមាន​ប្រសាសន៍​ថា អ្នក​បើក​បរ​រថយន្ត​ដែល​លោក​មិន​ចាំ​ឈ្មោះនោះ ​អាយុ​ខ្ទង់​៣០​ឆ្នាំ ហើយ​ស្រវឹង​ស្រា​មុន​ពេល​បង្ក​គ្រោះ​​ថ្នាក់។

លោក​បាន​មាន​ប្រសាសន៍​ថា “​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​ដោយ​សារ​អ្នក​បើក​បរ​រូប​នេះ​ស្រវឹង​ស្រា។ បុរស​រូប​នោះ​ទើប​តែ​ចេញ​ពី​ក្លឹប​” តែលោកបាន​​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ក្លឹប​នោះទេ។

យោង ​តាម​លោក គន្ធា បាន​ឲ្យ​ដឹង​ថា បុរស​រូប​េនះ​​ត្រូវ​បានឃុំខ្លួន​នៅ​ប៉ុស្តិ៍​នគរ​បាល​ចរាចរណ៍​​រាជធានី​ កាលពី​ម្សិលមិញ​ដើម្បី​ធ្វើការ​សាកសួរ​ ហើយ​នឹងត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​នៅ​ថ្ងៃ​នេះ​។

លោក​បាន​មាន​​ប្រសាសន៍​ថា “​យើង​បាន​ចោទ​ប្រកាន់​ជន​នេះ​ពីបទ​បើក​បរ​ដោយ​ស្រវឹង និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​”៕ សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស