40.6 C
Phnom Penh

អ្នកភូមិ​ខេត្ត​មណ្ឌល​គិរី​​និយាយ​ថា ចម្ការ​កៅស៊ូនៅតែកាប់ឈើ​ក្រៅព្រំប្រទល់របស់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ខេត្ត​មណ្ឌល​គិរី​បាន​និយាយ​ថា អ្នក​កាប់​ឈើ​ដែល​ធ្វើ​ការ​នៅ​​ចម្ការ​កៅស៊ូ​មួយ​​ជា​កម្មសិទ្ធិ​របស់​អភិបាល​រង​ម្នាក់​​កំពុង​បន្ត​កាប់​ដើម​ជ័រ​ទឹក​​ខុស​ច្បាប់​ ដែល​ពួកគាត់ពឹង​​អាស្រ័យ​ដើម្បី​​ចិញ្ចឹម​ជីវិត ហើយ​បាន​ស្នើ​ឲ្យអង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ធ្វើ​ការ​ស៊ើបអង្កេត​។

ក្រុម​អ្នកភូមិ​ជន​ជាតិ​ដើមភាគ​តិច​ព្នង​​បាន​ចោទ​​ក្រុម​ហ៊ុន Villa Development ថាបាន​​កាប់​ដើម​ជ័រ​​ទឹក​របស់​ពួកគាត់​នៅ​ក្រៅ​ព្រំប្រទល់​​​ចម្ការ​កៅស៊ូ​របស់​ខ្លួន​ស្ថិត​ក្នុងសង្កាត់​សុខដុម ក្រុង​​សែន​មនោរម្យ។

ពួក​គាត់​បាន​បញ្ជូន​តំណាង​មក​រាជធានី​ភ្នំពេញ​កាលពី​ខែ​តុលា ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ជាមួយ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំ​ឲ្យ​លុប​ចោល​ដី​សម្បទាន​នេះ​។

ក្រុម​អ្នក​ភូមិន​បាន​និយាយ​ថា ចម្ការ​កៅស៊ូ​នេះ​នៅ​តែ​ធ្វើ​ការ​កាប់​ឈើក្រៅព្រំប្រទស់​​ដដែល​។ អ្នកស្រី ផ្លេក ភិរម្យ បាន​និយាយ​ថា គាត់​បាន​ឮ​សំឡេង​រណារ​យន្ត​ចេញពី​ក្នុង​ព្រៃ​កាល​ពី​ថ្ងៃ​សុក្រ ហើយ​បាន​ទៅ​ពិនិត្យ​មើល​ជាមួយ​ស្ត្រី​ប្រាំ​នាក់​ទៀត។

នៅ​ក្នុង​ព្រៃ​ និង​ក្រៅ​ព្រំប្រទល់​របស់​ចម្ការ​កៅស៊ូនេះ អ្នកស្រី​បាន​និយាយ​ថា ពួកគាត់​បាន​ឃើញ​អ្នក​​កាប់​ឈើ​ពីរ​ក្រុម​មាន​គ្នា​បួន​នាក់​​កាប់​ឈើ​ និង​​ដើម​ជ័រ​ទឹក​របស់ពួកគាត់​ចំនួន​៤០​ដើមស្ថិត​ក្នុង​ផ្នែក​របស់ពួកគេ​ ដែល​មួយ​ចំនួន​មាន​ប្រវែង​រហូត​ដល់​៣០​ម៉ែត្រ ជាមួយ​ដើម​ឈើផ្សេង​ៗ​ប្រហែល​៦០​ដើម​ទៀត។

អ្នកស្រី​បាន​និយាយ​ថា “​យើង​ដឹង​ថា មនុស្ស​ប្រាំបី​នាក់​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​នេះ ពីព្រោះ​ពួកគេ​បាន​បើក​រថយន្ត​ចូល​ទៅ​ក្នុង​ដី​របស់​ក្រុម​ហ៊ុន”។

អ្នកស្រី ភិរម្យ បាន​និយាយ​ថា ក្រុម​អ្នកភូមិ​បាន​ឃើញ​រថយន្ត​ដឹក​ឈើ​បើក​ចូល​ទៅ​ក្នុង​ចម្ការ​រាល់​ថ្ងៃ។

លោក យឹម លុច អភិបាល​រង​ខេត្ត​ដែល​កាល​ពី​ខែ​តុលា​បាន​មាន​ប្រសាសន៍​ថា ភរិយា​របស់​លោក​ជា​ម្ចាស់​ដី​នេះ​ កាលពី​ម្សិលមិញ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​អ្នកភូមិ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​​គិត​ថា ក្រុមហ៊ុន​មិន​កាប់​ឈើ​ក្រៅ​តំបន់​សម្បទាន​ឡើយ​។ ការ​ចោទ​ប្រកាន់​នេះគឺ​មិន​ពិត​ឡើយ​”។

លោក យឹម លុច ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ​ក្រុមហ៊ុន​មិន​កាប់​ឈើ​ទាំង​នេះ​ទេ ប៉ុន្តែ​ពាណិជ្ជករ​ពីរ​នាក់​ឈ្មោះ លឹម បុណ្ណា និង​ម្នាក់​ទៀត​ដែល​លោក​លើក​ឡើង​ថា លោក​​ស្គាល់​ត្រឹម​តែថា ឧកញ៉ា ភក្ដី។

លោក​បាន​មាន​ប្រសាសន៍ថា “​យើង​មិនអាច​​ដាំ​ដុះ​នៅ​ចម្ការ​កៅស៊ូ​​កើត​ទេ លុះណា​តែ​យើង​កាប់​ឈើ​នៅទីនោះរួចហើយ​​ ដូច្នេះ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​​ប្រមូល​ឈើ​ទាំង​នោះ ហើយ​បង់​ពន្ធ​ជូន​រដ្ឋ​។ ឧកញ៉ា លឹម ប៊ុណ្ណា និង​ឧកញា៉ ភក្ដី ទទួល​បាន​សិទ្ធិ​ដឹក​ឈើ​ទាំង​នេះ​​ឲ្យ​ក្រុម​ហ៊ុន​។ ឧកញ៉ា បុណ្ណា និង​ឧកញ៉ា ភក្ដី អាច​ដឹក​ឈើ​ពេល​ណាក៏បាន​ ពីព្រោះ​ពួកគេ​​បង់​ពន្ធ​ជូន​រដ្ឋ”។

លោក សុខ រដ្ឋា អ្នក​សម្រប​សម្រួល​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ក្រុម​អ្នកភូមិ​កាលពី​ថ្ងៃ​សុក្រ ហើយ​នឹង​ចុះ​ទៅ​កន្លែង​នោះ​ដើម្បី​ស៊ើបអង្កេត​ការ​អះអាង​របស់​ពួកគាត់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​៕ សារុន​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស