កាលពីម្សិលមិញ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានព្រមានមេដឹកនាំគណបក្សសង្គ្រោះជាតិឲ្យលុបចោល “វប្បធម៌សន្ទនា” របស់ខ្លួនជាមួយគណបក្សប្រជាជនកម្ពុជាទៅ ដែលព្រះអង្គម្ចាស់មានបន្ទូលថា ជាការប៉ុនប៉ងរបស់មេដឹកនាំគណបក្សប្រឆាំងដើម្បីបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន។
ព្រះអង្គម្ចាស់ រណឫទ្ធិ ដែលបានយាងមកដឹកនាំគណបក្សរាជានិយមវិញកាលពីខែមករា បន្ទាប់ពីត្រូវបានបណ្ដេញចេញកាលពីឆ្នាំ២០០៦នោះ កាលពីថ្ងៃសៅរ៍បានប្រាប់អ្នកគាំទ្រវ័យក្មេងរាប់រយនាក់នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សមិនស្មោះត្រង់ក្នុងការអះអាងរបស់ពួកគេដែលថា ការសន្ទនានឹងត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្ដូរឡើយ។
ព្រះអង្គម្ចាស់ រណឫទ្ធិ ដែលគណបក្សរបស់ព្រះអង្គបានធ្លាក់ដុនដាបបន្តិចម្ដងៗបន្ទាប់ពីទទួលជ័យជម្នះក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ១៩៩៣ ហើយបានយល់ព្រមចែកអំណាចជាមួយគណបក្សប្រជាជនកម្ពុជានោះបានមានបន្ទូលថា “ខ្ញុំសូមផ្ញើសារទៅឯកឧត្តម សម រង្ស៊ី និងឯកឧត្ដម កឹម សុខា ថា សូមឈប់ប្រើ “ការសន្ទនា” ទៅ ពីព្រោះនេះជាល្បិចដែលពួកគេប្រើប្រាស់ដើម្បីបោកប្រាស់ប្រជាជន”។
ព្រះអង្គម្ចាស់បានមានបន្ទូលថា “ខ្ញុំចង់រំឭកឯកឧត្ដម សម រង្ស៊ី និងឯកឧត្ដម កឹម សុខា ពីព្រោះខ្ញុំបានយល់ព្រមធ្វើនេះ [ការសហការជាមួយគណបក្សប្រជាជនកម្ពុជា] ពីព្រោះខ្ញុំចង់បម្រើប្រទេសជាតិ” ដោយព្រះអង្គបន្តលើកសរសើរពីការខិតខំប្រឹងប្រែងរបស់បិតាព្រះអង្គក្នុងការធ្វើការជាមួយគណបក្សកាន់អំណាច។
ព្រះអង្គបានមានបន្ទូលថា “យើងបានទទួលជ័យជម្នះក្នុងការបោះឆ្នោត ប៉ុន្តែយើងបានចែកអំណាច ពីព្រោះខ្ញុំចង់នាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋ។ ខ្ញុំគិតថា នេះមិនមែនត្រឹមតែលោក សម រង្ស៊ី និងលោក កឹម សុខា ដែលបានបង្កើតវប្បធម៌សន្ទនាប៉ុណ្ណោះទេ សម្ដេចឪ នរោត្ដម សីហនុ ធ្វើវាបានល្អជាងនេះទៅទៀត”។
ដោយពន្យល់ពីការអត្ថាធិប្បាយរបស់ព្រះអង្គកាលពីម្សិលមិញ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វុ៊នស៊ិនប៉ិចបានកត់សម្គាល់ថា ដំបូង គណបក្សសង្គ្រោះជាតិប្រកាន់ជំហរផ្សះផ្សាទៅកាន់គណបក្សប្រជាជនកម្ពុជានៅពេលសមាជិកសភាគណបក្សប្រឆាំងប្រាំពីររូបជាប់ពន្ធនាគារ។
លោក ប៊ុនជិន បានមានប្រសាសន៍ថា “ខ្ញុំគ្រាន់តែចង់សួរលោក សម រង្ស៊ី និងលោក កឹម សុខា ថា ហេតុអ្វីបានជាមិនចាប់ផ្ដើមការសន្ទនាបន្ទាប់ពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ទៅ? ហេតុអ្វីបានជាពួកគេទើបតែចាប់ផ្ដើមនិយាយអំពីការសន្ទនានៅពេលសមាជិកគណបក្សរបស់ខ្លួនប្រឈមរឿងក្ដីតុលាការទៅវិញ?។
លោកបានបន្ថែមថា “ខ្ញុំអាចនិយាយបានថា គណបក្សសង្គ្រោះជាតិប្រឈមភាពទាល់ច្រកនយោបាយ ពេលនោះពួកគេបានងាកទៅប្រើការសន្ទនា ពីព្រោះពួកគេគ្មានជម្រើសផ្សេងដើម្បីដោះស្រាយបញ្ហារបស់ខ្លួនឡើយ”។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា ជោគជ័យនៃយុទ្ធសាស្ត្ររបស់គណបក្សប្រឆាំងនឹងត្រូវគេឃើញនៅពេលបោះឆ្នោតនាពេលអនាគត។
លោកបានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិកំពុងបង្កើនសមាជិករបស់ខ្លួន ហើយភាគច្រើននៃពួកគេមានភាពស្មោះត្រង់យ៉ាងខ្លាំងចំពោះគណបក្ស។ ដូច្នេះខ្ញុំគិតថា ប្រជាពលរដ្ឋប្រហែលជាមានការយល់ដឹងច្បាស់លាស់ ហើយពួកគាត់នឹងរួមគ្នាដោះស្រាយបញ្ហានៅពេលបោះឆ្នោតលើកក្រោយ”៕ សារុន