31 C
Phnom Penh

មន្ត្រី​និយាយ​ថា ប៉ូឡុនស្គី​ អាច​ត្រឡប់​មក​វិញ​ក្នុង​ពេល​ប្រាំ​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ពាណិជ្ជករ​រុស្ស៊ី សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky) ដែល​ត្រូវ​បាន​និរទេស​ទៅ​ទីក្រុង​មូស្គូ​កាលពី​ខែ​មុន​ដើម្បី​ប្រឈម​នឹង​រឿង​ក្តី​ទាក់ទិន​នឹង​ការ​ចោទ​កេង​បន្លំ​ប្រាក់​ដ៏​ច្រើន អាច​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ប្រាំ​ឆ្នាំ​ខាង​មុខ។

លោក ប៉ូឡុនស្គី អាយុ​៤២​ឆ្នាំ ដែល​បាន​អភិវឌ្ឍ​កោះ​ជាច្រើន​នៅ​ឯនាយ​ឆ្នេរ​ក្រុង​ព្រះសីហនុ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​រសៀល​ថ្ងៃ​ទី​១៦​ខែ​ឧសភា​នៅ​លើ​កោះ​ដំឡូង រួម​ជាមួយ​នឹង​សហការី​ប្រាំ​នាក់។

យោង​តាម​ព័ត៌មាន​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ពីរ​ថ្ងៃ​បន្ទាប់មក លោក​ត្រូវ​បាន​និរទេស​ទៅ​ទីក្រុង​មូស្គូ និង​ជាប់​ពន្ធនាគារ​ភ្លាម​តែ​ម្តង។

នៅ​ពេល​ចាប់​ខ្លួន​លោក ក្រុម​មន្ត្រី​កម្ពុជា​បាន​និយាយ​ថា អតីត​មហា​សេដ្ឋី​ប្លែក​គេ​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​បាន​ស្នាក់​នៅ​ហួស​ទិដ្ឋាការ​របស់​គាត់។ ក្រោយ​មក​ពួកគេ​បាន​អះអាង​ថា គាត់​ត្រូវ​ចាប់​ខ្លួន​ព្រោះ​ការ​គំរាម​កំហែង​ដល់ “សន្តិសុខ​ជាតិ” ដោយ​ការ​បង្កើត​កង​អង្គរក្ស​ខុស​ច្បាប់ ប៉ុន្តែ​នៅ​ទី​បញ្ចប់​ត្រូវ​និរទេស​ដោយសារ​តែ​គ្មាន​លិខិត​ឆ្លងដែន។

ក្រុម​ទំនាក់​ទំនង​សាធារណៈ​របស់​លោក ប៉ូឡុនស្គី បាន​និយាយ​ថា ការ​ចាប់​ខ្លួន​និង​និរទេស​រូប​គាត់ គឺ​ដោយសារ​តែ “កិច្ច​ព្រមព្រៀង​សម្ងាត់” រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​រុស្ស៊ី។

ទាក់ទង​កាលពី​ថ្ងៃ​អាទិត្យ លោក អ៊ុក ហៃសិលា ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្តន៍​​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា ការ​និរទេស​លោក ប៉ូឡុនស្គី គឺ​ជា​ទណ្ឌកម្ម​ល្មម​គ្រប់គ្រាន់​ចំពោះ​បទ​ល្មើស​របស់​គាត់ ហើយ​ថា​ជនជាតិ​រុស្ស៊ី​រូប​នេះ​អាច​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ប្រសិនបើ​ត្រូវ​គេ​យល់​ថា​មាន​តម្លៃ​ចំពោះ​ប្រទេស​នេះ និង​ទទួល​ទោស​កំហុស។

លោក ហៃសិលា បាន​និយាយ​ថា “នាយកដ្ឋាន​អន្តោប្រវេសន៍​ត្រូវ​រក​ឲ្យ​ឃើញ​ថា បុគ្គល​នេះ​…​សំខាន់​ចំពោះ​ប្រទេស​ឬ​មិន​សំខាន់ ហើយ​ថា​តើ គាត់​បាន​ទទួល​មេរៀន ឬ​អត់”។ លោក​បាន​បន្ថែម​ថា លោក ប៉ូឡុនស្គី ក៏​នឹង​ត្រូវ​ដាក់​សំណើ​ដើម្បី​ត្រឡប់​មក​វិញ​ទៅ​ស្ថានទូត​រុស្ស៊ី​នៅ​ក្រុង​ភ្នំពេញ​ដែរ។

នៅ​ពេល​សួរ​ថា​ពេល​ណា លោក ប៉ូឡុនស្គី អាច​ទទួល​បាន​ការ​អនុញ្ញាត​ដើម្បី​ត្រឡប់​មក​វិញ លោក ហៃសិលា បាន​និយាយ​ថា “ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់​ប្រាំ​ឆ្នាំ​ទៀត”។

លោក បែនសុន សម័យ មេធាវី​របស់​លោក ប៉ូឡុនស្គី មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ។ ក្រោយពី​ការ​និរទេស​កូន​ក្តី​របស់​ខ្លួន លោក សម័យ បាន​និយាយ​ថា លោក​លែង​បាន​ព័ត៌មាន​អំពី​ករណី​កូន​ក្តី​របស់​លោក​ទៀត​ហើយ”។

លោក ហៃសិលា បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ក្រៅពី​គ្មាន​លិខិត​ឆ្លងដែន​និង​បំពាក់​អាវុធ​និង​ហ្វឹកហាត់​មនុស្ស​មួយ​ក្រុម “ដូច​កុម្ម៉ង់ដូ” លោក ប៉ូឡុនស្គី ក៏​រង​ការ​ចោទ​ពី​បទ​ល្មើស​ថតរូប​ខ្លួន​ឯង​ទាំង​អាក្រាត​ដែរ។

លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​ដឹង​ថា រូបថត​ទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ពេលណា ឬ​នៅ​ទីណា​ទេ រូបថត​ទាំង​នោះ​ត្រូវ​បាន​ប៉ូលិស​ក្រុង​ព្រះសីហនុ​បញ្ជូន​មក​ខ្ញុំ”។ លោក​បាន​ពន្យល់​ថា រូប​ទាំង​នោះ​ឲ្យ​អាជ្ញាធរ​មាន​ហេតុផល​ថែម​ទៀត​ដើម្បី​ចាប់​លោក ប៉ូឡុនស្គី ព្រោះ​ល្មើស​ច្បាប់​ក្រម​សីលធម៌​កម្ពុជា៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស