
កាលពីម្សិលមិញ សាលារាជធានីភ្នំពេញបានលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនសំណង់ក្នុងស្រុកមួយដែលកំពុងសាងសង់បញ្ជរបង់ថ្លៃពីរតាមផ្លូវលេខ២០០៤ ក្នុងខណ្ឌសែនសុខ ដើម្បីរៃអង្គាសប្រាក់សម្រាប់ការស្ថាបនា និងការជួសជុលផ្លូវដែលកំពុងតែបន្តនេះ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា “ក្រុមហ៊ុន Sarla Investment Group បានស្ថាបនាផ្លូវលេខ២០០៤ ព្រមទាំងផ្លូវផ្សេងៗទៀតនៅក្នុងខណ្ឌនេះរយៈពេលប្រហែល១០ឆ្នាំមកហើយ ហើយដោយសាររដ្ឋាភិបាលមិនអាចរកប្រាក់សម្រាប់ចំណាយការស្ថាបនានោះ ទើបមានកិច្ចសន្យាអនុញ្ញាតឲ្យក្រុមហ៊ុននេះរ៉ាប់រងការចំណាយតាមរយៈការប្រមូលប្រាក់បង់ថ្លៃសម្រាប់រយៈពេល៣០ឆ្នាំ។
លោក បា៉ សុជាតិវង្ស បានមានប្រសាសន៍ថា ប៉ុន្តែនៅពេលសាលារាជធានីកាលពីពេលថ្មីៗនេះបានសុំឲ្យក្រុមហ៊ុន Sarla បង្កើនការស្ថាបនាផ្លូវតាមបទដ្ឋាននោះ ក្រុមហ៊ុនបានសុំឲ្យសាលារាជធានីបង្កើនការបង់ថ្លៃ និងបន្តរយៈពេលកិច្ចសន្យារបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនចង់យកតម្លៃពីអ្នកធ្វើដំណើរច្រើនជាងពេលមុន ដូច្នេះហើយជាមូលហេតុដែលយើងបានសម្រេចលុបចោលកិច្ចសន្យា”។
លោក ប៉ា សុជាតិវង្ស មិនបង្ហើបឲ្យដឹងថា តើកិច្ចសន្យាជាមួយក្រុមហ៊ុន Sarla មានទឹកប្រាក់ប៉ុន្មាននោះឡើយ។ លោកបានមានប្រសាសន៍ថា សាលារាជធានីនឹងទូទាត់សងសម្រាប់ការខាតបង់ ហើយបន្តទទួលខុសត្រូវចំពោះការស្ថាបនា និងការជួសជុលផ្លូវ។
លោក សុខ ហួត ម្ចាស់ក្រុមហ៊ុន Sarla បានមានប្រសាសន៍ថា លោកមិនដឹងថា តើប្រាក់ប៉ុន្មានដែលសាលារាជធានីនឹងបង់ឲ្យលោក ដើម្បីបញ្ចប់កិច្ចសន្យាឡើយ។
ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលនឹងផ្ដល់សំណងដល់ខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងថាប៉ុន្មាននោះទេ”។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា មុនពេលលុបចោលកិច្ចសន្យា សាលារាជធានីបានព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុនកុំឲ្យយកថ្លៃពីអ្នកភូមិមូលដ្ឋាន ប៉ុន្តែមិនបានជោគជ័យឡើយ។
លោកបានមានប្រសាសន៍ថា “យើងបានសុំឲ្យក្រុមហ៊ុនមានការអាណិតអាសូរចំពោះអ្នកភូមិដែលធ្វើដំណើរតាមផ្លូវ ហើយកុំយកប្រាក់ពីពួកគាត់អី ប៉ុន្តែក្រុមហ៊ុនបានបដិសេធ ពីព្រោះពួកគេបានចំណាយប្រាក់អស់ជាច្រើនដើម្បីស្ថាបនាផ្លូវ។ យើងសម្រេចទូទាត់សងក្រុមហ៊ុនដើម្បីបញ្ចប់បញ្ហា។
អ្នកភូមិដែលរស់នៅតាមផ្លូវលេខ២០០៤បាននិយាយថា ក្រុមហ៊ុន Sarla បានចាប់ផ្ដើមកំណត់ការបង់ថ្លៃ០,២៥ដុល្លាររយៈពេលបីឬបួនឆ្នាំមកហើយ។
អ្នកភូមិឈ្មោះ អួម ចំរើន អាយុ៤៥ឆ្នាំ ដែលបានរស់នៅក្នុងតំបន់នោះរយៈពេល២០ឆ្នាំមកហើយបាននិយាយថា “ពួកគេមិនគួរយកប្រាក់ទេ ពីព្រោះវាមិនមែនជាផ្លូវវែងឡើយ។ យើងរស់នៅពាក់កណ្ដាលនៃបញ្ជរបង់ប្រាក់ទាំងពីរ ហើយត្រូវចំណាយប្រាក់ច្រើនណាស់គ្រាន់តែការធ្វើដំណើរទៅធ្វើការ”។
លោក ឃឹម កុសល អាយុ៤០ឆ្នាំបាននិយាយថា លោកបានឆ្លងកាត់បញ្ជរបង់ប្រាក់យ៉ាងតិចបីដងក្នុងមួយថ្ងៃ។ លោកបាននិយាយថា “ប្រសិនបើពួកគេយកលុយតែពីយានយន្តឆ្លងកាត់នោះ វាជាការប្រសើរ ប៉ុន្តែយើងរស់នៅទីនេះ។ តើពួកគេយកលុយពីយើងរាល់ថ្ងៃម៉េចកើត?”៕ សារុន (រាយការណ៍បន្ថែមដោយ សេក ឧត្ដម)