37 C
Phnom Penh

កង​រាជអាវុធហត្ថខេត្តកំពត​គំរាម​ចាប់ខ្លួន​មេដឹកនាំការ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ កង​រាជអាវុធ​ហត្ថ​ខេត្ត​កំពត​​បាន​​លើក​ឡើង​ថា ពួកគេ​នឹង​ចាប់​ខ្លួន​សមាជិក​សហគមន៍​ស្រុក​ឈូកនិយាយឥតសំចៃ​ម្នាក់​​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​មួយ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ប្រសិន​បើ​​គាត់​មិន​បង្ហាញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សម្រាប់ក្រុម​អ្នកភូមិ​រាប់​រយ​គ្រួសារ​ ដោយ​អះអាងកាន់កាប់​​ដី​មួយ​ផ្នែក​ដែលមាន​​វិវាទទេនោះ។

គ្រួសារ​ជាច្រើន​ដែល​គ្មាន​ដីធ្លី​បាន​តាំង​ទីលំនៅ​ខុស​ច្បាប់​លើ​ដី​ទំហំ​១.៣០០​ហិកតា ក្នុង​​ឃុំ​តេជោ​អភិវឌ្ឍន៍ ដែល​ពួកគាត់​អះអាងកាន់កាប់​ ត្រូវ​បាន​សន្យា​ផ្ដល់​ឲ្យ​ពួកគាត់​ក្នុង​ឆ្នាំ​២០១២ ជា​ផ្នែក​​នៃ​គម្រោង​​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទូទាំង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

យោង​តាម​លោក សែម សឿន មេបញ្ជាការ​រង​កង​រាជអាវុធ​ហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ទោះ​ជាយ៉ាង​ណា ចាប់​​តាំងពី​ពេល​នោះ​មក ដី​នេះ​ត្រូវ​បាន​លៃ​ទុក​ជា​ដី​សម្បទាន​សង្គម​កិច្ច​សម្រាប់​ផ្ដល់​ឲ្យ​គ្រួសារ​អតីត​យុទ្ធជន​ប្រហែល​២៤០​គ្រួសារ​។

លោក សឿន បាន​មាន​​ប្រសាសន៍​ថា គ្រួសារ​ដែល​គ្មាន​ដីធ្លី​សរុប​២០០​គ្រួសារ​កំពុង​រស់​នៅ​លើ​ដី​នេះ ហើយ​ថា ខេត្ត​នឹង​មាន​ឆន្ទៈ​​​ផ្ដល់​ដី​មួយ​ផ្នែក​ដល់​ពួកគាត់​ ប្រសិន​បើ​ពួកគាត់​អាច​ផ្ដល់​ឯកសារ​ដែល​បង្ហាញ​ថា ពួកគាត់​មាន​សិទ្ធិ​រស់​នៅ​ទីនោះ។

នៅ​ក្នុង​លិខិត​ចុះ​កាល​បរិច្ឆេទ​ថ្ងៃសុក្រ លោក លី គឹមហុង ដែល​គ្រួសារ​របស់​គាត់​ស្ថិត​ក្នុង​ចំណោម​អ្នកភូមិ​២០០​គ្រួសារ ​ត្រូវ​បាន​បង្គាប់​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពត​ដើម្បី​ធ្វើ​ការ​សាកសួរ​​អំពី​ការ​ចូល​រួម​​ធ្វើ​ការ​តវ៉ា​ជាច្រើន​លើក​ជុំវិញ​ដី​ដែល​មាន​វិវាទ​នៅ​ក្នុង​ភូមិ​តេជោ​ក្បាល​ដំរី។

កាលពី​ម្សិលមិញ លោក សឿន បាន​មាន​ប្រសាសន៍​ថា លោក​ គឹមហុង នឹង​ត្រូវ​ចាប់​ខ្លួន​ប្រសិន​បើ​លោក​មិន​មាន​ឯកសារ​ដើម្បី​បង្ហាញ​ថា អ្នក​ទាំង​នោះ​ជា​ម្ចាស់​ដីនេះ ពីព្រោះ​គាត់​បាន​បង្កបញ្ហា​ ហើយ​បានញុះញង់​ប្រជាពល​រដ្ឋ​”។

លោក សឿន បាន​មាន​ប្រសាសន៍​ថា មន្ត្រី​កង​រាជអាវុធ​ហត្ថ​ចង់​សាកសួរ​លោក គឹមហុង ជុំវិញ​ហេតុការណ៍​កាលពី​ចុង​ខែ​មេសា នៅ​ពេល​លោក​បាន​ដឹកនាំ​មនុស្ស​មួយ​ក្រុម​ដើម្បី​ព្យាយាម​បញ្ឈប់​ការ​កំណត់​ព្រំប្រទល់​ដី​នោះ​។ លោក​បានមាន​ប្រសាសន៍​ថា ប៉ុន្តែ​លោក គឹមហុង មិន​​បាន​បង្ហាញ​ខ្លួន​ទេ​កាលពី​ម្សិលមិញ ដោយ​បន្ថែម​ថា កង​រាជអាវុធ​ហត្ថ​នឹង​កោះ​ហៅ​រូប​គាត់​ម្ដង​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ​។

លោក សឿន បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​គាត់​មិន​មក​ទេ​នោះ យើង​​នឹង​ធ្វើ​របាយ​ការណ៍ រួច​បញ្ជូន​ទៅ​តុលាការ​”។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក គឹមហុង ​ដែល​អះអាង​ថា​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដែល​ទទួល​ស្គាល់​ដោយ​ថ្នាក់​ភូមិ​ និង​ឃុំ ប៉ុន្តែ​មិន​មែន​ថ្នាក់​ខេត្ត​នោះ​បាន​មាន​​ប្រសា​សន៍​ថា លោក​នឹង​មិន​ទៅ​ទីបញ្ជាការដ្ឋាន​កង​រាជអាវុធ​ហត្ថ​ទេ ពីព្រោះ​លោក​បារម្ភ​ថា​ លោក​នឹង​ត្រូវ​ចាប់​ខ្លួន​ចំពោះ​ការ​ដឹកនាំ​ការ​តវ៉ា​។

លោក​បានមាន​ប្រសាសន៍​ថា “​ខ្ញុំ​បារម្ភ​ថា ខ្ញុំ​នឹង​ត្រូវ​ចាប់​ខ្លួន​ ពីព្រោះ​អាជ្ញាធរ​បាន​​ព្យាយាម​ចាប់​ខ្ញុំ​ច្រើន​លើក​មក​ហើយ​”៕ សារុន​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស