26 C
Phnom Penh

អាជ្ញាធរ​អប្សរា​​​ច្រាន​ចោល​ការ​អះអាង​ដែល​ថា ខ្លួន​​មិន​​អើពើ​នឹង​​បទ​បញ្ជា​របស់​លោក​ ហ៊ុន សែន​ នៅ​ក្នុង​វិវាទ​ដីធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អាទិត្យ​អាជ្ញាធរ​​អប្សរា​បាន​និយាយ​​​ការ​ពារ​ខ្លួន​ឯង​​ទប់ទល់​នឹង​ការ​ចោទ​ប្រកាន់​​ដែល​លើក​ឡើង​ថា ខ្លួន​មិន​​បាន​រាប់​បញ្ចូល​ប្រជាពល​រដ្ឋ​ជាង​៥០គ្រួសារ​​​ទៅ​​ក្នុង​កិច្ច​ព្រមព្រៀង​ទទួល​​ដី​​មួយ​ចំណែក​នៃ​ដី​របស់​អាជ្ញាធរ​អប្សរា​ក្នុង​សង្កាត់​អំពិល ក្រុង​សៀមរាប ដែល​ពួកគាត់​​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​ឲ្យ​ពួកគាត់​។

ខណៈពេល​​កំពុង​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​កាលពី​ខែ​មេសា លោក​ ហ៊ុន សែន បាន​ប្រកាស​ផ្ដល់​​​ដី​មួយចំណែក​​នៃ​ដី​មាន​វិវាទ​ទំហំ​១.០៧០ហិកាតា​​ដល់​ប្រជាពល​រដ្ឋ​ប្រមាណ​១.០០០​គ្រួសារ ដែល​ជាប់​​ពាក់​​ព័ន្ធ​​ក្នុង​វិវាទ​ដី​ធ្លី​មួយ​ដែល​បានអូស​បន្លាយ​អស់​រយៈ​ពេល​២០​ឆ្នាំ​ជាមួយ​អាជ្ញា​ធរ​អប្សរា​ ជា​ស្ថាប័ន​រដ្ឋ​ទទួល​បន្ទុក​គ្រប់​គ្រង​ឧទ្យាន​បុរាណ​អង្គរ។

​ក្រោយ​សុន្ទរកថា​របស់លោក​នាយក​រដ្ឋមន្ត្រី ក៏​មាន​ការ​ចេញ​អនុក្រឹត្យ​ភ្លាមៗ​ចំនួនពីរ​ ក្នុង​នោះ​អនុក្រឹត្យ​មួយ​​ប្រកាស​ផ្ដល់​ដី​ទំហំ​១១៥​ហិកតា​ដល់​គ្រួសារ​នៅ​ក្នុង​សង្កាត់​ស្លក្រាម ហើយ​អនុក្រឹត្យ​មួយ​ទៀត​ប្រកាស​​ផ្ដល់​ដី​ទំហំ​១១១​ហិកតា​ដល់​គ្រួសារ​នៅ​ក្នុង​សង្កាត់​​អំពិល។

ទោះ​ជាយ៉ាង​ណា​កាលពី​ខែ​មុន​ ប្រជាពល​រដ្ឋ​ជាង​៥០​គ្រួសារ​នៅ​ក្នុង​ស​ង្កាត់​អំពិល​ដែល​គិត​ថា ខ្លួន​​​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​​ត្រូវ​ទទួល​បាន​​​​ចំណែក​ដី​ទំហំ​១១១​ហិកតា​​នោះ មាន​ការ​ខក​ចិត្ត​​ចំពោះ​​ការ​ប្រកាស​​របស់​លោក​ ហ៊ុន សែន​ ​នៅពេល​អាជ្ញាធរ​​​មូលដ្ឋាន​បំផ្លាញ​តង់​ដែល​ពួកគាត់​បាន​ដំឡើង​ដើម្បី​​អបអរ​សាទរ​​កិច្ច​ព្រមព្រៀង​នោះ និង​​បាន​ជូន​ដំណឹង​ដល់​​ពួកគាត់​ថា ពួកគាត់​រស់​នៅ​លើ​ដី​របស់​អាជ្ញាធរ​អប្សរា​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍មួយ​កម្រាស​បួន​ទំព័រ​​ចេញ​កាលពី​ថ្ងៃអាទិត្យ អាជ្ញាធរ​អប្សរា​បាន​លើក​ឡើង​ថា ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​​ស្រុក​បាន​​ចោទ​ប្រកាន់​​​យ៉ាង​អយុត្តិធម៌​ថា ខ្លួន​មិន​អើពើ​នឹង​បទ​បញ្ជា​របស់​លោក ហ៊ុន សែន តាម​រយៈ​ការ​មិន​រាប់​បញ្ចូល​គ្រួសារ​ទាំង​នោះ​ទៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​។ សេចក្ដី​ថ្លែងការណ៍​នោះ​មាន​ខ្លឹម​សារដូច្នេះ​ថា “​ដំណឹង​សាធារណៈ​​ដែល​និយាយ​ថា អាជ្ញាធរ​អប្សរា​មិន​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ គឺ​មិន​ត្រឹម​ត្រូវ​ឡើយ​”។​

​​​​​​ យោង​តាម​ផែន​ទីមួយ​ដែល​រាប់​បញ្ចូល​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​បង្ហាញ​ថា ប្រជា​ពល​រដ្ឋ​ជាង​៥០​គ្រួសារ​នេះ​​មិន​​មែន​រស់​នៅ​ក្នុង​សង្កាត់​អំពិល ឬ​សង្កាត់​ស្លក្រាម​ឡើយ ពោល​គឺ​ពួកគាត់​រស់​នៅ​ក្នុង​ភូមិ​អញ្ចាញ​ សង្កាត់​នគរ​ធំ ដែល​មិន​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​​អនុក្រឹត្យ​ទាំង​ពីរ​នោះ។

ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក ហ៊ាង សារី ចៅសង្កាត់​អំពិល ដែល​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​អះអាង​ថា អាជ្ញាធរ​បាន​​គូស​ព្រំប្រទល់​​សង្កាត់​អំពិល និង​សង្កាត់​នគរ​ធំ​ឡើង​វិញ ដើម្បី​រក្សា​ទុក​ដី​នោះ​សម្រាប់​ខ្លួន​ឯង​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “​ពួកគេ​អះអាង​ថា ប្រជាពល​រដ្ឋ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​អញ្ចាញ ពីព្រោះ​វា​ងាយ​ស្រួល​ចាប់​យក​​ដី​របស់​អ្នកភូមិ​”។

យោង​តាម​លោក ហ៊ាង សារី បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាពល​រដ្ឋ​ចំនួន​២៥​​គ្រួសារ​នៅ​ក្នុង​សង្កាត់​របស់​លោក​​មាន​វិវាទ​ជាមួយ​អាជ្ញាធរ​អប្សរា​ដោយ​បើក​ចំហ​ជុំវិញ​ដី​នេះ ប៉ុន្តែ​​ប្រជា​ពលរដ្ឋ​សរុប​​ចំនួន​៥០​គ្រួសារ​ទៅ​៦០​គ្រួសារ​បាន​រស់​នៅ​ក្នុង​តំបន់់​នោះ​តាំង​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក​ម្លេ៉ះ។

លោក​មាន​ប្រសាសន៍​ថា “ការ​ចោទ​ប្រកាន់​ពី​សំណាក់​អាជ្ញាធរ​​ថា​ ពួកគាត់​រស់​នៅ​លើ​ដី​នោះ​ដោយ​ខុស​ច្បាប់​ គឺ​មិន​​មែន​ជា​ការ​ពិត​ឡើយ​។ អាជ្ញាធរ​អប្សរា​​បាន​បណ្ដេញ​ប្រជា​ពលរដ្ឋ​ដូច​ ប៉ុល ពត អ៊ីចឹង។ សម្ដេច [ហ៊ុន សែន​] បាន​ផ្ដល់​ដី​នេះ​​ដល់​អ្នកភូមិ​ ប៉ុន្តែ​នៅ​ពេល​សម្ដេច​ចាក​ចេញ​ទៅវិញ គ្មាន​នរណា​គោរព​សុន្ទរកថា​របស់​សម្ដេច​ឡើយ​។ បើ​​មិន​គោរព​ប្រសាសន៍​របស់​​សម្ដេច​​ទេ តើ​ពួកគេ​គោរព​អ្នកណា?”។

លោកស្រី ចៅស៊ុន កិរិយា អ្នក​នាំពាក្យ​​អាជ្ញាធរ​អប្សរា​បាន​មាន​ប្រសាសន៍​ថា ​មុន​ពេល​អាជ្ញាធរ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​កាត់​តំបន់​នោះ​កាលពី​ឆ្នាំ​២០០០​ គ្មាន​គ្រួសារ​រស់​នៅ​ទីនោះ​ទេ។ “ប៉ុន្តែ​បន្ទាប់ពី​យើង​ធ្វើ​ផ្លូវ​រួច​ ពួកគាត់​ក៏​មក​”។

លោកស្រី​​​បានមាន​ប្រសាសន៍​បន្ត​ថា អាជ្ញាធរ​កំពុង​តែ​អនុវត្ត​តាម​បទបញ្ជា​​របស់​លោក ហ៊ុន សែន ហើយ​តាម​រយៈ​ការ​ផ្ដល់​ដី​​សរុប​ទំហំ​២២៦​ហិកតា​ដល់​ប្រជាពល​រដ្ឋ​ប្រមាណ​១.០០០​គ្រួសារ​នៅ​ក្នុង​សង្កាត់​ស្លក្រាម និង​សង្កាត់​អំពិល​។ “​យើង​បាន​ប្រគល់​ដី​ឲ្យ​​អ្នកភូមិ​ [​ក្នុង​សង្កាត់​ស្លក្រាម និង​សង្កាត់​អំពិល] រួច​ហើយ ពីព្រោះ​ពួកគាត់​បាន​រស់​នៅ​ទី​នោះ​យូរ​មក​ហើយ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​នោះ [ផ្សេងទៀត​] ទើប​តែ​មក​កាន់​កាប់​ប៉ុណ្ណោះ”៕ សុខុម​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស