
ក្មេងៗខ្សត់ខ្សោយជាង១០០នាក់ដែលរស់នៅក្នុងខណ្ឌឫស្សីកែវរាជធានីភ្នំេពញបាននាំគ្នាគូររូប និងផាត់ពណ៌កាលពីម្សិលមិញ ដើម្បីពណ៌នារៀបរាប់ពីទីក្រុងដ៏ប្រសើររបស់ខ្លួននៅក្នុងការប្រកួតគូររូបមួយរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិដើម្បីប្រារព្ធទិវាកុមារអន្តរជាតិ។
នៅឯព្រះវិហារធំក្នុងសង្កាត់ច្រាំងចម្រេះ១ ក្មេងៗមកពីសហគមន៍ក្រីក្រស្ថិតនៅតាមដងទន្លេសាបបាននាំគ្នាជជែកអំពីទស្សនៈវិស័យរបស់ខ្លួនចំពោះរាជធានីភ្នំពេញ។
កុមារម្នាក់ឈ្មោះ លីហ្វា រិទ្ធី អាយុ១១ឆ្នាំ ដែលក្រុមរបស់ខ្លួនទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតនេះបាននិយាយថា “គំនិតរបស់ខ្ញុំគឺថា ខ្ញុំចង់បានទីក្រុងដ៏ស្រស់ស្អាតមួយ។ ខ្ញុំចង់មានសាលា មន្ទីរពេទ្យ សួនច្បារ និងផ្លូវគ្រប់គ្រាន់”។
ក្មេងម្នាក់ទៀតឈ្មោះ ស្លេះ រ៉ាវី អាយុ១៥ឆ្នាំបាននិយាយថា “ខ្ញុំចង់ឲ្យអាជ្ញាធរជួយអ្នកក្រីក្រ ហើយសូមកុំបណ្តេញអ្នកក្រីក្រពីសហគមន៍របស់ខ្លួន”។
ដោយសារគ្រួសារភាគច្រើននៅក្នុងតំបន់នេះខ្វះសិទ្ធិកាន់កាប់អចលទ្រព្យ សមាគមធាងត្នោត និងអង្គការ People In Need បានធ្វើការជាមួយភូមិចំនួនបួនដែលព្យាយាមធានាឲ្យបានថា គ្រួសារនៅក្នុងតំបន់នេះមិនត្រូវបានគេបណ្តេញចេញពីផ្ទះសំបែងរបស់ខ្លួន។
លោក ហង្ស វង្ស ប្រធានផ្នែកបច្ចេកទេសនៅសមាគមធាងត្នោតបានមានប្រសាសន៍ថា “យើងប្រារព្ធទិវាកុមារអន្តរជាតិនៅទីនេះព្រោះយើងចង់ឲ្យអាជ្ញាធរ និងរដ្ឋាភិបាលចាប់អារម្មណ៍នៅក្នុងតំបន់នេះ ជាទីដែលដីធ្លីរបស់អ្នកភូមិមិនត្រូវបានចុះបញ្ជី”។
យោងតាមអង្គការសិទ្ធិលំនៅដ្ឋានបានឲ្យដឹងថា ក្មេងៗដែលរស់នៅក្នុងតំបន់ក្រីក្របានរងការឈឺចាប់ដោយសារកង្វះទឹកស្អាត អនាម័យ ប្រព័ន្ធលូ និងអគ្គិសនីជាបញ្ហាដែលពួកគេជួបប្រទះនៅពេលត្រូវបានបណ្តេញចេញពីផ្ទះសំបែងរបស់ខ្លួន។
លោក ហង្ស វង្ស បានមានប្រសាសន៍បន្ថែមទៀតថា “ឥឡូវនេះយើងកំពុងតែរៀបចំផែនការមេសម្រាប់សហគមន៍ច្រាំងចម្រេះ ហើយយើងនឹងយកផែនការនេះទៅជូនសាលារាជធានីដើម្បីត្រួតពិនិត្យមើលនៅក្នុងខែកក្កដា ឬខែសីហា។ យើងចង់អភិវឌ្ឍនៅក្នុងតំបន់នេះ ប៉ុន្តែ យើងមិនចង់ឲ្យមានការបណ្តេញពលរដ្ឋចេញឡើយ”។
នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីព្រឹកម្សិលមិញ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ជាស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកការពារសិទ្ធិកុមារក៏បានប្រារព្ធទិវាកុមារអន្តរជាតិផងដែរដោយមានក្មេងៗសិស្សសាលា និងមន្ត្រីប្រហែល២.០០០នាក់ចូលរួម។
លោកស្រី រ៉ាណា ផ្លៅវើ (Rana Flower) តំណាងប្រចាំប្រទេសរបស់អង្គការយូនីសេហ្វ (Unicef) បានប្រាប់អ្នកចូលរួមថា អំពើហិង្សាលើកុមារមិនមែនគ្រាន់តែជាបន្ទុកយ៉ាងធំលើជនរងគ្រោះនោះទេ ប៉ុន្តែថែមទាំងលើសេដ្ឋកិច្ចផងដែរ។ លោកស្រីលើកឡើងដូច្នេះដោយដកស្រង់ចេញពីការសិក្សាកំពុងបន្តមួយដោយអង្គការយូនីសេហ្វ។
លោកស្រីបានមានប្រសាសន៍ថា “[ការសិក្សា] បង្ហាញថា បន្ទុកសេដ្ឋកិច្ចដែលខាតបង់ដោយសារបញ្ហាសុខភាពរបស់កុមារដែលរងការប្រើអំពើហិង្សានៅកម្ពុជាមានទំហំសរុបដល់ទៅ ១៦២លានដុល្លារក្នុងឆ្នាំ២០១៣ដែលវាស្មើប្រហែល១ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា”។
លោកស្រីបានមានប្រសាសន៍បន្ថែមថា “លើសពីនេះទៅទៀតក៏មានការខាតបង់ផលិតភាពផងដែរដោយសារការប្រើអំពើហិង្សាលើកុមារនេះនៅក្នុងឆ្នាំ២០១៣ គិតជាទឹកប្រាក់សរុប៨៣,៣លានដុល្លារ ដែលស្មើនឹង០,៥៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា”។
នៅក្នុងសារាចរណែនាំមួយចេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាមួយចំនួនដែលកុមារកម្ពុជាកំពុងប្រឈមផងដែរ។
លោកបានមានប្រសាសន៍ថា “កុមារកម្ពុជាកំពុងប្រឈមនឹងបញ្ហាមួយចំនួននៅឡើយដូចជាការប្រើអំពើហិង្សាលើកុមារ ការប្រើប្រាស់ថ្នាំញៀន ជម្លោះផ្លូវច្បាប់តូចតាច ការជួញដូរកុមារ ពលកម្មកុមារ កង្វះអាហារូបត្ថម្ភកុមារ កុមារដែលឈប់សិក្សា និងការធ្វើបម្លាស់ទីកុមារ”។ លោកបានមានប្រសាសន៍បន្តថា “យើងទាំងអស់គ្នាត្រូវតែដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវ”៕ស៊ុយឈាង