24.6 C
Phnom Penh

ការ​​​ព្រួយ​​​បារម្ភ​​​កំពុង​​​កើន​​​ឡើង​​​ជុំ​​​វិញ​​​ផល​​​ប៉ះ​​​ពាល់​​​ដោយសារ​​​ El Nino នៅកម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិល​​​មិញ មន្ត្រី​​​មួយ​​​រូប​​​នៅ​​​គណៈកម្មាធិការ​​​ជាតិ​​​គ្រប់គ្រង​​​គ្រោះ​​​មហន្តរាយ​​​បាន​​​លើក​​​ឡើង​​​ថា ស្ថាន​​​ភាព​​​អាកាស​​​ធាតុ​​​​​​ខុស​​​ពី​​​ធម្មតា​​​ក្នុង​​​ឆ្នាំ​​​នេះ​​​អាច​​​នាំ​​​ឲ្យ​​​មាន​​​​​​កង្វះ​​​ស្បៀង​​​អាហារ​​​ ហើយ​​​គេ​​​បាន​​​បន្ទោស​​​លើ​​​ El Nino ដែល​​​អាច​​​ជា​​​​​​មូល​​​ហេតុ​​​ដែល​​​ធ្វើ​​​ឲ្យ​​​អាកាស​​​ធាតុ​​​ខុស​​​ប្រក្រតី​​​បែប​​​នេះ​​​។

លោក​​​ កែវ វី​​​ នាយ​​​ខុទ្ទកាល័យ​​​គណៈកម្មាធិការ​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា អាកាស​​​ធាតុ​​​​​​ឡើង​​​កំដៅ​​​ និង​​​កង្វះ​​​ភ្លៀង​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​កសិករ​​​រួច​​​ទៅ​​​ហើយ​​​ ហើយ​​​វា​​​អាច​​​​​​ដោយ​​​សារ​​​តែ El Nino ជា​​​បាតុភូត​​​កើត​​​ឡើង​​​ជា​​​​​​ទៀងទាត់​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​អាកាស​​​ធាតុ​​​​​​​​​ធម្មតា ហើយ​​​ដែល​​​អ្នក​​​វិទ្យា​​​សាស្ត្រ​​​​​​​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​វា​​​កំពុង​​​មាន​​​ឥទ្ធិពល​​​យ៉ាង​​​ខ្លាំង​​​​​​នៅ​​​មហាសមុទ្រ​​​ប៉ាស៊ីហ្វិក​​​។

លោក កែវ​​​ វី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​​​​ស្ថាន​​​ភាព​​​អាកាស​​​ធាតុ​​​នៅ​​​តែ​​​បន្ត​​​បែប​​​នេះ​​​​​​ វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​ខូច​​​​​​ផល​​​ដំណាំ​​​ស្រូវ​​​ ព្រោះធនធាន​​​ទឹក​​​របស់​​​យើង​​​បាន​​​ថយ​​​ចុះ​​​ ហើយ​​​វា​​​នឹង​​​បង្ក​​​ឲ្យ​​​មាន​​​​​​កង្វះ​​​ស្បៀង​​​អាហារ​​​។​​​អាកាស​​​ធាតុ​​​នេះ​​​ប្រហែល​​​ជា​​​មាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ El Nino  ប៉ុន្តែ ខ្ញុំ​​​មិន​​​ហា៊ន​​​និយាយ​​​ច្រើន​​​ពេក​​​ទេ​​​អំពី​​​បញ្ហា​​​នេះ​​​ព្រោះខ្ញុំ​​​មិន​​​មែន​​​ជា​​​អ្នក​​​ជំនាញ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “អាកាស​​​ធាតុ​​​កាន់​​​តែ​​​ក្តៅ​​​ទៅ​​​ៗ​​​ ហើយ​​​មាន​​​ភ្លៀង​​​ម្តង​​​ម្កាល​​​ប៉ុណ្ណោះ​​​ ហើយ​​​នេះ​​​គឺ​​​ជា​​​បញ្ហា​​​ដែល​​​បង្ក​​​ឲ្យ​​​មាន​​​ស្ថាន​​​ភាព​​​បែប​​​នេះ​​​ ដែលជា​​​មូល​​​​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​ខ្វះ​​​ទឹក​​​សម្រាប់​​​ធ្វើ​​​ស្រែ​​​”។

យោង​​​តាម​​​​​​មជ្ឈមណ្ឌល​​​ព្យាករណ៍​​​​​​អាកាស​​​ធាតុ​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្ពុជា​​​នឹង​​​ជួប​​​អាកាស​​​ធាតុ​​​ក្តៅ​​​ជាង​​​ពេល​​​ធម្មតា​​​​​ចន្លោះ​​​ពី​​​១,៥​​​ទៅ​​​២​​​អង្សាសេ​​​ ចាប់​​​ពី​​​ចន្លោះ​​​​​​​​​ខែ​​​កញ្ញា​​​ដល់​​​ខែ​​​វិច្ឆិកា ។

លោក អៀន ថូមាស (Ian Thomas) អ្នក​​​ផ្តល់​​​​​​ប្រឹក្សា​​​នៅ​​កម្ម​​​វិធី​​​គ្រប់​​​គ្រង​​​គ្រោះ​​​រាំង​​​ស្ងួត​​​នៃ​​​គណៈកម្មការ​​​ទន្លេមេគង្គ បាន​​​លើក​​​ឡើង​​​ថា កម្ពុជា​​​​​​អាច​​​នឹង​​​ជួប​​​គ្រោះ​​​​​​រាំង​​​ស្ងួត​​​ខ្លាំង​​​នៅ​​​ក្នុង​​​​​​ឆ្នាំ​​​​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា “នៅ​​​ពេល​​​​​​យើង​​​មើល​​​​​​​​​តាម​​​ការ​​​វិភាគ​​​នៅ​​​ក្នុង​​​កុំព្យូទ័រ​​​ វា​​​មិន​​​ល្អទាល់តែ​​​សោះ​​​…ការ​​​ព្យាករណ៍​​​ក្នុង​​​ពេល​​​ថ្មី​​​​​​ៗ​​​បំផុត​​​ពី​​​អ្នក​​​ជំនាញ​​​អូស្ត្រាលី និង​​​សហរដ្ឋ​​​អាមេរិក​​​សុទ្ធ​​​តែ​​​ឯកភាព​​​​​​គ្នា​​​ថា El Nino នេះ​​​​​​មើល​​​ទៅ​​​វា​​​ស្ថិត​​​ក្នុងស្ថានភាព​​​មិន​​​ល្អ​​​ដូច​​​ស្ថាន​​​ភាព​​​​​​​​​កាល​​​ពី​​​ឆ្នាំ​​​១៩៩៩​​​​​​ដែរ​​​។

លោក​​​បាន​​​លើក​​​ឡើ​​​ងតាម​​​រយៈ​​​អីុម៉ែល​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “កង្វះ​​​រុក្ខ​​​ជាតិ​​​បៃតង​​​​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​នៅ​​​កម្ពុជា​​​​​​ដូច​​​អ្វី​​​ដែល​​​បាន​​​​​​ឃើញ​​ពី​​​ផ្កាយ​​​រណប​​​ គឺ​​​ជា​​​​​​សូចនាករ​​​​​​មួយដែល​​​​​​​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​។ តាម​​​ធម្មតា​​​អំឡុង​​​ពេល​​​​​​នេះ​​​​​​ប្រទេស​​​កម្ពុជា​​​គួរ​​​តែ​​​មើល​​​ទៅ​​​មាន​​​ពណ៌​​​បៃ​​​តង​​​ទៅ​​​ហើយ  ប៉ុន្តែ ឥឡូវ​​​នេះវា​​​មិន​​​ដូច្នេះ​​​សោះ ដោយសារ​​​ភ្លៀង​​​មូសុង​​​ខ្សោយ​​​ ហើយ​​​​​​វា​​​យឺត​​​ពេល​​​​​​ក្នុង​​​ឆ្នាំ​​​នេះ​​​”។

លោក បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “​​​ទាំង​​​អស់​​​នេះ​​​សុទ្ធ​​​តែ​​​​​​មិន​​​មែនជា​​​ដំណឹង​​​មួយ​​​​​​ល្អ​​​ទេ​​​​​​ វា​​​មើល​​​ទៅ​​​ហាក​​​់​​​ដូច​​​ជាដល់​​​​​​ពេល​​​​​​ត្រូវ​​​ចាប់​​​ផ្តើម​​​​​​​​​ប្រាប់​​​ឲ្យ​​​ពល​​​រដ្ឋ​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​ហើយ​​​”៕ស៊ុយឈាង​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស