លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងរៀបចំសិក្ខាសាលាមួយស្តីពីសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសក្នុងគោលបំណងធ្វើនិយតកម្មផ្នែកអង្គការមិនមែនរដ្ឋាភិបាលដែលមានទឹកប្រាក់រាប់លានដុល្លាររបស់ប្រទេស ប្រសិនបើច្បាប់នេះបញ្ជូនទៅគណៈកម្មការរបស់លោកនៅរដ្ឋសភា ខណៈដែលគណបក្សប្រឆាំងអះអាងថា កិច្ចប្រជុំបែបនេះនឹងជាការយឺតពេល។
អង្គការមិនមែនរដ្ឋាភិបាលបារម្ភថា រដ្ឋាភិបាលអាចប្រើច្បាប់មួយចំនួនដើម្បីបិទក្រុមអង្គការ ឬសមាគមដែលខ្លួនមិនពេញចិត្តដោយគ្មានការពន្យល់ ឬការទទួលខុសត្រូវអ្វីឡើយ។ទីស្តីការគណៈរដ្ឋមន្ត្រីអាចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅរដ្ឋសភានៅពេលឆាប់ៗនេះគឺថ្ងៃសុក្រ ហើយធ្វើមិនដឹងមិនឮនឹងការអំពាវនាវឲ្យចេញផ្សាយសេចក្តីព្រាងច្បាប់បច្ចុប្បន្ន និងបើកទូលាយសម្រាប់ធ្វើការពិភាក្សាដេញដោលជាសាធារណៈ។
កាលពីសប្តាហ៍មុន លោក ឈាង វុន ដែលជាប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា បានមានប្រសាសន៍ថា លោក ជឿថា រដ្ឋសភាអាចទទួលបានការចូលរួមបន្ថែមស្តីពីសេចក្តីព្រាងច្បាប់នេះពីអង្គការមិនមែនរដ្ឋាភិបាលនានា ប្រសិនបើនិងនៅពេលច្បាប់នេះបញ្ជូនទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី។ កាលពីម្សិលមិញ លោកបានមានប្រសាសន៍ថា លោកនឹងរៀបចំកិច្ចប្រជុំដើម្បីឲ្យមានការចូលរួមប្រសិនលោកមានឱកាស។
លោកបានមានប្រសាសន៍ថា “ប្រសិនបើខ្ញុំទទួលបានច្បាប់នេះពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ខ្ញុំនឹងធ្វើការពិភាក្សា និងធ្វើការស្រាវជ្រាវ។ ខ្ញុំនឹងធ្វើការពិគ្រោះយោបល់នៅរដ្ឋសភាដូចក្នុងពេលកន្លងមក ដូចសិក្ខាសាលាជាដើម”។
ជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេសបានដឹកនាំក្នុងការព្រាងច្បាប់នេះ។ ប៉ុន្តែវាអាស្រ័យលើគណៈកម្មាធិការអចិន្ត្រៃយ៍ក្នុងការសម្រេចថា តើគណៈកម្មការណាមួយក្នុងចំណោមគណៈកម្មការទាំង៩នៅរដ្ឋសភា ប្រហែលច្រើនជាងមួយ ដើម្បីសុំមតិរិះគន់ត្រឡប់មុនពេលធ្វើការបោះឆ្នោត។
ប៉ុន្តែ អង្គការមិនមែនរដ្ឋាភិបាលលើកឡើងថា នឹងជាការយឺតពេល ដែលរដ្ឋាភិបាលជួបប្រជុំជាមួយពួកគេស្តីពីសេចក្តីព្រាងច្បាប់ថ្មីបំផុតមុនពេលបញ្ជូនទៅរដ្ឋសភាដើម្បីឲ្យផ្សព្វផ្សាយច្បាប់នេះជាសាធារណៈ។ កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានគាំទ្រ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្សបានជំរុញឲ្យរដ្ឋាភិបាល”ធានានីតិវិធីបើកទូលាយ និងតម្លាភាពសម្រាប់សេចក្តីព្រាងច្បាប់ស្តីពីការជួបជុំ និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីបង្កការងាយស្រួលដល់ភាគីពាក់ព័ន្ធ និងប្រជាជនខ្មែរក្នុងការបញ្ចេញយោបល់… នៅការពិគ្រោះយោបល់ជាសាធារណៈ មុនពេលសេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត”។
ច្បាប់នេះនឹងតម្រូវឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចុះបញ្ជីជាមួយរដ្ឋាភិបាល និងដាក់របាយការណ៍ប្រចាំឆ្នាំស្តីពីហិរញ្ញវត្ថុ និងសកម្មភាពរបស់ខ្លួន។ ទោះយ៉ាងណាសំណៅចុងក្រោយដែលបានផ្សព្វផ្សាយជាសាធារណៈ ក្នុងឆ្នាំ២០១១ គ្មានមូលហេតុច្បាស់លាស់ ដែលរដ្ឋាភិបាលអាចប្រើដើម្បីបដិសេធការចុះបញ្ជី ហើយនឹងអនុញ្ញាតឲ្យបិទអង្គការមិនមែនរដ្ឋាភិបាលបរទេសដែល “ធ្វើឲ្យប៉ះពាល់ដល់” “ប្រពៃណី និងទំនៀមទម្លាប់របស់សង្គមជាតិខ្មែរ”៕សារុន