28 C
Phnom Penh

ជនជាតិ​វៀតណាម​បួន​នាក់​ត្រូវ​ចាប់​ខ្លួន​ពីបទ​​សាងសង់​ទីសក្ការបូជា​ និង​រូប​ចម្លាក់​សាសនា​ដោយ​​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា បុរស​វៀតណាម​​បួន​នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​​នៃ​ក្រសួង​មហាផ្ទៃ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អាទិត្យ​ ដើម្បី​​ត្រៀម​និរទេស​​ពួកគេចេញ​ពី​កម្ពុជា​ បន្ទាប់ពី​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​សៀមរាប​ពីបទ​​សាង​សង់​ទីសក្ការ​​បូជា និង​រូប​ចម្លាក់​សាសនា​ដោយ​គ្មានការ​អនុញ្ញាត​។

​ លោក កាន សម្បត្តិ ស្នង​ការ​រង​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា ជន​ជាតិ​វៀតណាម​ទាំង​បួន​នាក់​​ដែល​ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា​ គឺ​ជា​កម្មករ​សំណង់​​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​ និង​​​​​សាង​សង់​ទីសក្ការបូជា​​ និង​រូប​ចម្លាក់​សាសនា​ដោយ​គ្មាន​ការ​អនុញ្ញាត​​នៅ​លើ​ដី​ឯកជន​មួយ​កន្លែង​​ក្នុង​ស្រុក​ស្វាយលើ។

លោក​បាន​មាន​ប្រសាសន៍​​ទៀត​ថា “​ជន​ជាតិ​វៀតណាម​ទាំង​នោះ​កំពុង​ជាប់​ឃុំ​នៅ​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍ ហើយ​ពួកគេ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​គ្មាន​លិខិត​ឆ្លង​ដែន និង​សាង​សង់​ទីស្ការបូជា​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​របស់​យើង​”។

លោក យ៉ាន់ ងិ ប្រធាន​មន្ទីរ​ធម្មការ​​ និង​សាសនា​ស្រុក​ស្វាយលើ បានមាន​ប្រសាសន៍​ថា អាជ្ញាធរ​​បាន​ចាប់​ខ្លួន​បុរស​វៀតណាម​ទាំង​បួន​នាក់​នេះ ​ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​អំពី​​រូប​ចម្លាក់​ព្រះនាង​គង់ស៊ីអុីម។

លោក​បាន​​ថ្លែង​ថា លោក​មិន​ដឹង​ថា​តើ​ត្រូវ​ចាត់​វិធានការ​​​តាម​ផ្លូវ​ច្បាប់​លើ​​ស្ត្រី​​​កម្ពុជា​ឈ្មោះ ជុំ ញ៉េវ អាយុ​៥០​ឆ្នាំ​ និង​ប្ដី​របស់​គាត់​ដែល​ជាម្ចាស់​ដី​សាង​សង់​ទីសក្ការបូជា និង​រូប​ចម្លាក់​សាសនា​ទាំង​នោះ​ឬយ៉ាង​ណា​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “​ពួកគេ​បាន​សាង​សង់​រូប​ចម្លាក់ និង​ទីសក្ការបូជា​នៅ​លើ​ដី​ដែល​​ពួកគេ​បាន​ទិញ​កាលពី​ឆ្នាំ​២០១១។ ពួកគេ​បានជួល​ជនជាតិ​វៀតណាម​ឲ្យ​សង​សង់​ទីស្ការបូជា​នេះ ហើយ​ភ្លាមៗ​នោះ​អ្នកភូមិ​របស់​យើង​បាន​រាយការណ៍​ បន្ទាប់​មក​យើង​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដល់ទីនោះ​។ ពេល​នេះ​យើង​រក្សា​ទុក​​រូបចម្លាក់​ និង​ទីសក្ការបូជា​​ទាំង​នោះ​ ហើយ​រង់ចាំ​បទ​បញ្ជា​ពី​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត ឬ​លោក​អភិបាល​សម្រេច​ថា​​យើង​គួរ​ធ្វើ​បែប​ណា​ចំពោះ​រូប​ចម្លាក់​ទាំង​អស់​នោះ”។

លោក​បាន​មាន​ប្រសាសន៍​​ទៀត​ថា ពលរដ្ឋ​កម្ពុជា​ពីរ​នាក់​ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ដី​នោះជាមួយ​កម្មករ​វៀតណាម​ទាំង​នោះដែរ ប៉ុន្តែ​​ពួកគេ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ ពីព្រោះ​ពួក​គេ​គ្រាន់​តែ​ជា​សន្តិសុខ​ប៉ុណ្ណោះ​។

លោក ស៊ី ប៊ុនស៊ីម អភិបាល​ស្រុក​ស្វាយ​លើ​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​​អាច​​ចាត់​វិធានការ​បាន​ឆាប់​រហ័ស​ជាង​នេះ​ ប្រសិន​បើ​ពួកគេ​ដឹង​អំពី​ការ​សាង​សង់​រូប​ចម្លាក់​ និង​ទីសក្ការបូជា​ដែល​បាន​ចាប់​ផ្ដើម​កាលពី​ខែ​កុម្ភៈ​នេះ។

លោក​មាន​ប្រសាសន៍​ទៀត​ថា “​ពួកគេ​សាង​សង់​វា​នៅ​ឆ្ងាយ​ពេក ដូច្នេះ​ហើយ​​យើង​ពិបាក​នឹង​ទៅ​ដល់​ ពេល​ខ្លះយើង​​ត្រូវ​ការ​ការ​រាយការណ៍​ពី​អ្នកភូមិ ទោះ​បី​ជា​​យើង​បន្ត​ល្បាត​ក៏ដោយ”។

ការ​ឆ្មក់​បង្ក្រាប​នៅ​ក្នុង​ខេត្ត​សៀមរាប​នេះ​ធ្វើ​ឡើង​មិន​ដល់​២ខែ​ផង​ទេ បន្ទាប់ពី​កង​ទ័ព​ជើង​ទឹក​​របស់​កម្ពុជា​បាន​ដឹកនាំ​មន្ត្រី​មូលដ្ឋាន​ប្រមាណ​៦០​នាក់ នៅ​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​កម្ទេច​ទីសក្ការ​បូជា​មួយ​កន្លែង​របស់​វៀតណាម​នៅ​លើ​កោះ​កាពិ ក្នុង​ខេត្ត​កោះកុង។

មន្ត្រី​ប្រហែល​៦០​នាក់​បាន​ដុត​កម្ទេច​រូប​ចម្លាក់ និង​ទីសក្ការ​បូជា​ដែល​​ត្រូវ​បាន​សាង​សង់​នៅ​លើ​កោះ​នោះ ហើយ​បាន​បញ្ជា​ឲ្យ​ព្រះសង្ឃ​វៀតណាម​៧អង្គ​ដែល​រស់​នៅ​ជិត​ទីសក្ការ​បូជា​នោះ​ និង​ដែល​មាន​ទិដ្ឋាការ​កម្ពុជា​​មាន​សុពលភាព​ ឲ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​។

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​មួយ​ដែរ​កាលពី​ដើម​ឆ្នាំ​នេះ ដោយ​​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត​បិទ​ទីសក្ការ​បូជា​មួយ​កន្លែង​នៅ​លើ​ភ្នំបូកគោ ដែល​ពួកគេ​អះអាង​ថា ត្រូវ​ទេសចរ​វៀតណាម​ទៅ​គោរព​​បូជា​ជាញឹក​ញាប់​៕ សុខុម​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស