31 C
Phnom Penh

គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ផែនការ​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​លិខិត​មួយ​នៅ​ពេល​ថ្មីៗ​នេះ​ផ្ញើ​ជូន​សាខា​បក្ស​នៅ​ក្រៅ​ប្រទេស គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ដាក់​ចេញ​ផែនការ​ដើម្បី​តប​ត​នឹង​ព័ត៌មាន​អាក្រក់ ដែល​ខ្លួន​ទទួល​បាន​នៅ​ក្រៅ​ប្រទេស និង​ពង្រឹង​ការ​គាំទ្រ​បក្ស​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​នៅ​ក្រៅ​ប្រទេស ដែល​សព្វ​ថ្ងៃ​នេះ​ជា​ប្រភព​ថវិកា​ដ៏​សំខាន់​សម្រាប់​គណបក្ស​ប្រឆាំង។

ផែនការ​នោះ​រួមមាន​ការ​ជ្រើសរើស​សមាជិក​បន្ថែម​ប្រចាំ​សាខា​ក្រៅ​ប្រទេស​របស់​ខ្លួន និង​តែងតាំង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខិតខំ​ថ្មី​នេះ ដើម្បី​ពង្រឹង​ការ​គាំទ្រ​បក្ស​ក្នុង​ចំណោម​យុវជន​នៅ​ឯ​ក្រៅ​ប្រទេស។

អនុវត្ត​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី លិខិត​ចុះ​កាល​បរិច្ឆេទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ខ្លឹមសារ​ថា គណបក្ស​ប្រជាជន​កម្ពុជា “សម្រេច​បង្កើត​ក្រុម​ការងារ​ចំនួន​បួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​មើល​ខុស​ត្រូវ​ការ​រៀបចំ​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស នៅ​សហរដ្ឋ​អាមេរិក ទ្វីប​អឺរ៉ុប អូស្ត្រាលី ណូវ៉ែល​ហ្សេឡង់ និង​ប្រទេស​កាណាដា” ហើយ​ដាក់​លោក ម៉ាណែត ឲ្យ​ដឹកនាំ។

លិខិត​នោះ​ក៏​បាន​ជំរុញ​សាខា​បក្ស​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ស្រាប់ ឲ្យ​ជ្រើស​រើស​សមាជិក​បន្ថែម និង​ធ្វើការ​ទាក់ទង​ល្អ​ប្រសើរ​ជាមួយ​ទីស្នាក់ការ​ធំ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រុង​ភ្នំពេញ និង​ដាក់​ឲ្យ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​ទទួល​ខុស​ត្រូវ​ក្នុង​ការ​តែងតាំង​មន្ត្រី​ជាន់​ខ្ពស់​ប្រចាំ​សាខា​នីមួយៗ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន បាន​និយាយ​ទាក់ទិន​នឹង​គំនិត​ផ្តួច​ផ្តើម​យុវជន​នេះ​ថា “គោល​នយោបាយ​របស់​បក្ស​គឺ​ពង្រឹង​ទំពាំង​ស្នង​ឫស្សី។ អ្នក​ដែល​មាន​សមត្ថភាព អាច​ធ្វើការ​ឲ្យ​រដ្ឋាភិបាល ឬ ធ្វើការ​ឲ្យ​បក្ស”។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រទេស​ផ្សេងទៀត​មាន​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ។ ហើយ​លិខិត​នោះ “រំឭក​ពួកគេ​ឲ្យ​រឹត​តែ​រឹងមាំ​ឡើង”។

លោក ឥសាន មាន​ប្រសាសន៍​ថា គោលដៅ​មួយ​ផ្នែក​គឺ​ធ្វើ​ឲ្យ “មុខមាត់​របស់​បក្ស​កាន់តែ​ល្អ​ឡើង​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​ក្នុង​ចំណោម​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​បង្អែក​រឹងមាំ​ស្រាប់។

លោក​មាន​ប្រសាសន៍​ថា “សំខាន់​ត្រូវ​ប្រតិកម្ម​ពេលណា​មាន​ការ​ឃោសនា​អវិជ្ជមាន មិន​មែន​មក​តែ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ចេញ​មក​ពី​គណបក្ស​ផ្សេងទៀត ដែល​និយាយ​អ្វី​ដែល​មិន​ពិត។ ដូច្នេះ សាខា​បក្ស​នៅ​ក្រៅ​ប្រទេស​មាន​ភារកិច្ច​ប្រាប់​ការ​ពិត និង​ឲ្យ​ប្រជាពលរដ្ឋ​យល់”។

ចំពោះ​ការ​ឲ្យ​លោក ម៉ាណែត ទទួលខុសត្រូវ​កម្មវិធី​ផ្តួច​ផ្តើម​យុវជន លោក ឥសាន បាន​មាន​ប្រសាសន៍​ថា គ្រាន់តែ​ជា​ឱកាស​ចៃដន្យ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា “មិន​មែន​ដោយសារ​គាត់​ជា​កូន​របស់​សម្តេច [ហ៊ុន សែន] នោះ​ទេ អ្នក​ផ្សេងទៀត​ក៏​អាច​ត្រូវ​ជ្រើសរើស​ដែរ។ ប៉ុន្តែ​ដោយ​ចៃដន្យ គាត់​ត្រូវ​គេ​ជ្រើសរើស។ គាត់​មាន​លក្ខណៈ​សម្បត្តិ ពីព្រោះ​គាត់​បាន​សិក្សា​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក”។

លោក ម៉ាណែត ដែល​កាន់​តំណែង​ជាន់​ខ្ពស់​មួយ​ចំនួន​ក្នុង​ជួរ​កង​កម្លាំង​ខេមរភូមិន្ទ បាន​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត្យ​សភា​យោធា​អាមេរិក​ក្នុង​ឆ្នាំ​១៩៩៩។

លោក សុខ ទូច អ្នក​វិភាគ​នយោបាយ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​ក្នុង​ការ​បោះ​ឆ្នោត​នេះ គណបក្សប្រជាជន​កម្ពុជា​បាន​រក្សា​អំណាច​ជា​ផ្លូវការ ប៉ុន្តែ​បាន​ទទួល​រង​បរាជ័យ​យ៉ាង​ធ្ងន់ ​ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​២០​ឆ្នាំ បាន​ផ្តល់​មេរៀន​ដល់​គណបក្ស​កាន់​អំណាច​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​មិន​អាច​ព្រងើយ​កន្តើយ​បាន​ទេ។

ទោះជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​បរទេស​មិន​អាច​បោះ​ឆ្នោត​បាន​ក្តី ក៏​ពួកគេ​ពិតជា​ប្រភព​ដ៏​សំខាន់​នៃ​យុទ្ធនាការ​ស្វែង​រក​ហិរញ្ញវត្ថុ​សម្រាប់​បក្ស​ប្រឆាំង ដែល​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​រក​ប្រាក់ដុល្លារ។

លោក ទូច បាន​មាន​ប្រសាសន៍​ថា “គណបក្សប្រជាជន​កម្ពុជា​មិន​បាន​ធ្វើ​កិច្ចការ​នេះ​ទេ ហើយ​ថា​បាន​បណ្តោយ​ឲ្យ​គណបក្ស​ផ្សេងទៀត​ស្វែង​រក​ការ​ផ្តល់​ប្រាក់​នៅ​ក្រៅ​ប្រទេស ពីព្រោះ​នយោបាយ​ត្រូវការ​ហិរញ្ញវត្ថុ”។

លោកស្រី មូរ សុខហួរ សមាជិក​សភា​និង​ជា​ប្រធាន​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​មិន​បារម្ភ​ថា ផែនការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ធ្វើ​ឲ្យ​ចុះ​ថយ​ដល់​ការ​គាំទ្រ​លើ​គណបក្ស​ប្រឆាំង​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​បាន​ជួយ​ប្រហែល​មួយ​ភាគ​បី​នៃ​ការ​ចំណាយ​ក្នុង​យុទ្ធនាការ​របស់​គណបក្ស​នៅ​ឆ្នាំ​២០១៣​នោះ​ទេ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​និង​កំពុង​ធ្វើ​កិច្ចការ​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ។ យើង​ប្រាកដ​ក្នុង​ចិត្ត​ថា បណ្តាញ​របស់​យើង​[នៅ​ក្រៅ​ប្រទេស]​គឺ​ខ្លាំង​ណាស់”។

លោក​ស្រី សុខហួ បាន​មាន​ប្រសាសន៍​ថា ព័ត៌មាន​តាម​អីុនធឺណិត​អំពី​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ស៊ី​គ្នា​នឹង​ផែនការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​តប​ត​នឹង​ព័ត៌មាន​អាក្រក់​ដែល​ខ្លួន​ទទួល​នៅ​ក្រៅ​ប្រទេស។

លោក​ស្រី​មាន​ប្រសាសន៍​ថា “ដោយ​មាន​បណ្តាញ​ព័ត៌មាន​សង្គម ពិភព​លោក​ចំហ អ្នក​មិន​អាច​លាក់​បាំង​ការ​រំលោភ​បំពាន​បាន​ទេ។ អ្នក​មិន​អាច​លាក់​បាំង​ការ​គ្មាន​សេរីភាព ដែល​យុវជន​នៅ​ទី​នេះ​កំពុង​ប្រឈម​នោះ​ទេ​…​ដូច្នេះ​ខ្ញុំ​មិន​គិត​ថា មាន​រឿង​ច្រើន​ដែល​លោក ម៉ាណែត អាច​ឲ្យ​ពួកគេ​ជឿ​តាម​នោះ​ទេ”៕ និត (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស